​​ស្រវឹងស្រា​ជោក​​ជិះ​ម៉ូតូ​តាម​ផ្លូវត្រូវ​​​រថយន្ត​មិន​ស្គាល់​ម៉ាក​បើក​កៀរ​​ដួលសន្លប់​​ស្តូក

រាជ​ធានីភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿងក្នុង​ស្ថានភាព​ស្រវឹងស្រា​ត្រូវ​បានរថយន្ត​មួយ​គ្រឿង​កៀរ​​បណ្តាល​ឱ្យ​ដួល​បោក​ក្បាល​ទៅ​នឹង​ច​ញ្ចើ​ម​ផ្លូវ​​សន្លប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង១១ ​និង២០​នាទី​យប់​​ថ្ងៃ​ទី​22  វិច្ឆិកា ​2015​ ​នៅ​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេ​ទុង ក្នុង​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក។

​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​​​មុន​ពេល​កើតហេតុ​គេឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាកហុងដា​គុប​ជ្រុង ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​1R-0282 បាន​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេ​ទុង​ទិស​ដៅ​ពី​លិចទៅ​កើត​ ខណៈ​មក​ដល់ចំណុច​កើតហេតុ​​មាន​រថយន្ត​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក​បាន​បើកមក​កៀរម៉ូតូ​បណ្តាល​ឲជន​រ​ងគ្រោះ​ដួល​បោក​ក្បាល​ទៅ​នឹង​ច​ញ្ចើ​ម​ផ្លូវ​សន្លប់​នៅនឹង​កន្លែង​។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សា​មុ​យ​ដឹក​យក​ទៅ​សង្គ្រោះ​នៅមន្ទីរពេទ្យ​ ចំណែក​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​​យក​ទៅ​រក្សា​ទុក​នៅអធិការដ្ឋាន​ខណ្ឌទួលគោក​រង់ចាំ​ក្រុម​គ្រួសារ​របស់​ជន​រង​គ្រោះ​មក​ទទួលយក​៕​​