ផលិតកម្ម​ហង្ស​មាស​ត្រៀម​ប្តឹង​ម៉ៅ ហា​ជី

រាជធានី​ភ្នំពេញ ៖ បេក្ខជន​កម្មវិធី​ខេ​ម​បូ​ឌា​ន​អាយ​ដល ម៉ៅ ហា​ជី បាន​សម្រេចចិត្ត​ចូល​ផលិតកម្ម​ថោ​ន ដោយ​ចុះ​កិច្ចសន្យា​រយៈពេល​៥​ឆ្នាំ ។ ដំណឹង​ដែល​ចេញផ្សាយ​នេះ​ធ្វើ​ឱ្យ​ផលិតកម្ម​ហង្ស​មាស​មិន​សប្បាយចិត្ត ហើយ​ថែម​ទាំង​រក​មេធាវី​ប្តឹង​ម៉ៅ ហា​ជី ទៀត​ផង ។

យោង​តាម​គេហទំព័រ​ទូរទស្សន៍​ហង្ស​មាស​ថា លោក​ម៉ៅ ហា​ជី ត្រូវ​ផលិតកម្ម​ហង្ស​មាស​ដាក់​ឱ្យ​ប្រឈម​នឹង​ផ្លូវច្បាប់​ចំពោះ​ការ​ចូល​ផលិតកម្ម​ថោ​ន ដោយ​លើក​ហេតុផល​ថា​បំពាន​កិច្ចសន្យា​។ គ្រាន់តែ​ដំណឹង ម៉ៅ ហា​ជី ចូល​ផលិតកម្ម​ថោ​ន ធ្លាយ​ចេញ​ជា​សាធារណៈ​ភ្លាម ក្រុមហ៊ុន​ហង្ស​មាស​បាន​រក​មេធាវី​របស់​ផលិតកម្ម ហើយ​ពិចារណា​ចាត់ការ​តាម​ផ្លូវច្បាប់ ។

ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ទៀត​ថា បេក្ខជន​១២​នាក់​ចុង​ក្រោយ​នៃ​កម្មវិធី​ខេ​ម​បូ​ឌា​ន​អាយ​ដល​វគ្គ​១​សុទ្ធតែ​បាន​ចុះ​កិច្ចសន្យា​ជាមួយ​ហង្ស​មាស​រយៈពេល​១​ឆ្នាំ ដើម្បី​រួមចំណែក​ធ្វើការ​នៅ​ហង្ស​មាស​ដោយ​មិន​មានការ​កៀប​សង្កាត់​លើ​បេក្ខជន​ណា​ទេ ។

ព័ត៌មាន ម៉ៅ ហា​ជី ចូល​ជា​សមាជិក​ផលិតកម្ម​ថោ​ន ក្លាយជា​ការណ៍​ពិត​បន្ទាប់​ពី​តារាចម្រៀង​ផលិតកម្ម​នេះ លោក​សុគន្ធ ថេ​រា​យុ សរសេរ​បង្ហោះ​នៅ​លើ​អ៊ី​ន​ស្តេ​ក្រាម​របស់​លោក​ថា «​ពេល​នេះ​ម៉ៅ ហា​ជី ក្លាយជា​តារាចម្រៀង​ពេញ​សិទ្ធិ​របស់​ផលិតកម្ម​ថោ​ន​រយៈពេល​៥​ឆ្នាំ​សូម​ស្វាគមន៍​សមាជិក​ថ្មី​» ។

ទោះជា​យ៉ាងណា​ក្តី មិន​ទាន់​មាន​ចម្លើយ​ពិត​ណាមួយ​ពី​លោក​ម៉ៅ ហា​ជី ទេ ។ យោង​តាម​លោក​មាស សុខ​រតនៈ ជា​អ្នកគ្រប់គ្រង​ប្រចាំ​ផលិតកម្ម​ថោ​ន បាន​ទទួលស្គាល់​ថា ម៉ៅ ហា​ជី ពិតជា​ចុះ​កិច្ចសន្យា​ជាមួយ​ផលិតកម្ម​ថោ​ន​មែន​។ នៅ​ឆ្នាំ​ក្រោយ​ផលិតកម្ម​នឹង​ត្រៀម​ចេញ​បទ​ចម្រៀង​ឱ្យ​ម៉ៅ ហា​ជី ច្រៀង ។ ការ​ចូល​ផលិតកម្ម​ថោ​ន​របស់​ម៉ៅ ហា​ជី មិន​មាន​បញ្ហា​អ្វី​ជាមួយ​ហង្ស​មាស​ទេ ព្រោះ​បើ ម៉ៅ ហា​ជី មាន​ពាក់ព័ន្ធ​ក៏​មិន​ទទួល​ដែរ ។ លោក​រតនៈ ពេញចិត្ត​ទេព​កោសល្យ​ហា​ជី​យូរ​មក​ហើយ ។

ទោះបីជា​យ៉ាងណា​ក៏​ដោយ ការ​ចូល​ទៅ​បំពេញ​តួនាទី​ជា​តារាចម្រៀង​របស់​ផលិតកម្ម​ថោ​ន​នេះ ម៉ៅ ហា​ជី ហាក់​នៅ​តែ​មាន​បញ្ហា​ជាមួយ​ហង្ស​មាស បើ​ទោះជា​មានការ​អះអាង​ពី​លោក​មាស សុខ​រតនៈ ថា​មិន​មាន​បញ្ហា​អ្វី​ក៏​ដោយ  ហា​ជី​អាច​នៅ​តែ​ជាប់​ស្រមោល​បញ្ហា​ជាមួយ​ហង្ស​មាស ។ មាន​តារា ថ្មី​ៗ​ជា​ច្រើន​ស្រមៃ​ចង់​ចូលខ្លួន​បម្រើ​ការងារ​ជា​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស ដោយ​យល់​ថា ផលិតកម្ម​មួយ​នេះ​ល្បីល្បាញ និង​មាន​ទុន​ច្រើន​។ សម្រាប់​ម៉ៅ ហា​ជី សម្រេចចិត្ត​ទៅ​ផលិតកម្ម​ថោ​ន ហើយ​លោក​ពិតជា​មាន​ហេតុផល​ត្រឹមត្រូវ​ដើម្បី​បកស្រាយ​ជាមួយ​ផលិតកម្ម​ហង្ស​មាស ៕