​ឃាត់ខ្លួន​មន្ត្រី​យោធា​ម្នាក់ បន្ទាប់ពី​ផ្ទុះអាវុធ​ក្នុង​បន្ទប់​ខា​រ៉ា​អូរ​ខេ​

​ខេត្តបាត់ដំបង​៖​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្ត​បាន​ឃាត់ខ្លួន​មន្ត្រី​យោធា​ម្នាក់​បន្ទាប់ពីផ្ទុះ​អាវុធ​មួយ​គ្រាប់​នៅក្នុង​បន្ទប់​ខារ៉ាអូខេ​មួយកន្លែង​យីហោ​«​ព្រី​ន​សេស​»​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​៤៥​នាទី​យប់​ថ្ងៃទី​២២ ខែវិច្ឆិកា​ឆ្នាំ​២០១៥​នេះ ស្ថិតក្នុង​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង បណ្ដាល​ឲ្យ​ផ្អើល​អស់​ស្រីៗ និង​អ្នក​នៅ​ទីនោះ​។​

​      ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា មន្ត្រី​យោធា​រូបនោះ​មានឈ្មោះ​រ័ត្ន សៅ​បញ្ញា អាយុ​៣៦​ឆ្នាំ បម្រើការ​នៅ​បញ្ជាការដ្ឋាន​រថក្រោះ ហើយ​ក្នុងពេល​កំពុង​ច្រៀង​ខារ៉ាអូខេ​នោះ រូបគេ​បាន​បាញ់​ចំនួន​១​គ្រាប់​ទៅនឹង​ជញ្ជាំង​ខារ៉ាអូខេ​បណ្ដាល​ឲ្យ​មានការ ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​នៅ​តំបន់​នោះ ដោយ​គេ​យក​ឡេស​ថា​ដោយសារតែ​បាត់​ទូរស័ព្ទ​នៅក្នុង​បន្ទប់​នេះ​។ 

​    ​ប្រភព​ដដែល​បាន​បន្តថា ក្រោយពី​ទទួលបាន​ពាក្យបណ្ដឹង​ពី​ករណី​ផ្ទុះអាវុធ​នេះ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​បានចេញ​ប្រតិបត្តិ​ការចុះទៅ ឃាត់ខ្លួន​បុរស​នេះ ខណៈពេល​គេ​កំពុង​ច្រៀង​មាន​គ្នា​ចំនួន​៣​នាក់​នៅក្នុង​បន្ទប់​ខារ៉ាអូខេ​« ព្រី​ន​សេស​»​។ ប៉ុន្តែ​២​នាក់​ទៀត​មិនមាន​ពាក់ព័ន្ធ​នោះទេ​។ 

​    ​គួរ​បញ្ជាក់ថា ប្រហែល​ប៉ុន្មាន​ថ្ងៃមុន​ជននេះ​ត្រូវបាន​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​ហៅ​សួរនាំ​រួចមកហើយ ខណៈ​គេ​បាន​ដក​អាវុធ​កំញើញ​លេង​នៅក្នុង​បន្ទប់​ខារ៉ាអូខេ​ដដែល​នេះ ដោយ​ពេលនោះ​កម្លាំង​បាន​យកមក​ធ្វើការ​អប់រំ ធ្វើ​កិច្ចសន្យា់​ប្រគល់​អាវុធ​ឲ្យ​ត្រឡប់​ទៅវិញ​។ ប៉ុន្តែ​ថ្ងៃនេះ​ស្រាប់តែ​មានការ​ផ្ទុះអាវុធ ទើប​កម្លាំង​ចុះទៅ​ឃាត់ខ្លួន ហើយ​បច្ចុប្បន្នកំពុង​សាកសួរ​នៅក្នុង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ ស្នងការ​នគរបាល​ខេត្ត​កំពុង​សាកសួរ​នៅឡើយ​៕

​ឃាត់ខ្លួន​មន្ត្រី​យោធា​ម្នាក់ បន្ទាប់ពី​ផ្ទុះអាវុធ​ក្នុង​បន្ទប់​ខា​រ៉ា​អូរ​ខេ​