ស៊ូ ស៊ីរីកា ចូល​ជ្រក​កោន​ក្នុង​ផលិតកម្ម​ថោន?


ស៊ូ ស៊ីរីកា ចូល​ជ្រក​កោន​ក្នុង​ផលិតកម្ម​ថោន?

តារា​ស្រី​សម្បុរ​សណ្ដែក​បាយ ស៊ូ ស៊ីរីកា អាច​ក្លាយ​ជា​តារា​ចម្រៀង​ក្នុង​ផលិតកម្ម​ថោន​មួយ​រូប​នឹង​គេ​ដែរ បន្ទាប់ពី​ប្រឡង​ធ្លាក់​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​ធំ​មួយ​។ នេះ​បើ​តាម​ការ​សន្និដ្ឋាន​របស់​អ្នក​គាំទ្រ បន្ទាប់ពី​ឃើញ​ផលិតកម្ម​ខាង​លើ​បង្ហោះ​រូប​តារា​ស្រី​ថ្មី ដោយ​បាំង​ភ្នែក​មិន​ឲ្យ​គេ​ស្គាល់។

 

ស៊ូ ស៊ីរីកា ចូល​ជ្រក​កោន​ក្នុង​ផលិតកម្ម​ថោន?

 

កាលពី​ថ្ងៃ សៅរ៍ សប្ដាហ៍ Facebook ផ្លូវការ​របស់​ផលិតកម្ម​ថោន​បាន​បង្ហោះ​ចម្រៀង និង​រូបភាព​នារី​ម្នាក់​បិត​ត្រង់​ភ្នែក​ហើយ​ឲ្យ​ប្រិយមិត្ត​ទស្សន៍ទាយ​​ថា​ជា​សំឡេង និង​រូប​របស់​តារា​ចម្រៀង​រូប​ណា។ Fan ជាច្រើន​បាន​ចែករំលែក​រូប​នោះ​បន្ត និង​បាន​សរសេរ​ឈ្មោះ ស៊ូ ស៊ីរីកា  ថា​ជា​តារា​ស្រី​អាថ៌កំបាំង​នោះ។

 

អ្នក​គាំទ្រ ម្នាក់​ដែល​សុំ​មិន​បង្ហាញ​ឈ្មោះ​បាន​ប្រាប់​ថា “នេះ​គឺជា​រូបរាង និង​សំឡេង​របស់​បង កា ខ្ញុំ​ស្ដាប់​មិន​ច្រឡំ​ទេ ព្រោះ​មិន​សូវ​មាន​តារា​ចម្រៀង​ណា​មាន​សំឡេង​បែបនេះ​ទេ រៀង​ស្អក​តិច​ៗ បែប​ធំ តែ​មាន​ទឹកដម​ពីរោះ។” ក្មេង​ស្រី​សម្បុរ​ស ភ្នែក​តឹង​ៗ​ថ្លែង​ប្រាប់។

 

ស៊ូ ស៊ីរីកា ចូល​ជ្រក​កោន​ក្នុង​ផលិតកម្ម​ថោន?

 

ស៊ូ ស៊ីរីកា ត្រូវ​បាន​មហាជន​ជាច្រើន​ស្គាល់​នាង​តាមរយៈ​ការ​ប្រកួត​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ថ្នាក់​ពិភពលោក​មួយ​តែ​មិន​ទទួល​បាន​ជយលាភី​ទេ ហើយ​មួយ​វិញ​ទៀត​គឺ​គេ​តែង​សង្កេត​ឃើញ​ថា​តារា​វ័យ ២១ ឆ្នាំ​រូប​នេះ​និយម​បកស្រាយ​បទ​ចម្រៀង​ជា​ភាសា​អង់គ្លេស​បាន​ល្អ​មិន​ចាញ់​តារា​រៀមច្បង​ប៉ុន្មាន​ឡើយ។

 

ងាក​មក​សាមី​ខ្លួន​វិញ ពេល​ជួប​ជាមួយ​អ្នក​សារព័ត៌មាន Sabay ស៊ីរីកា មិន​បាន​និយាយ​ថា​នា​ងជា​សមាជិក​របស់​ផលិតកម្ម​ថោន ទេ ហើយ​ក៏​មិន​បាន​បដិសេធ​ដែរ បាន​តែ​សើច​ញឹមៗ​ប៉ុណ្ណោះ។ យ៉ាង​ណា​​តារា​មាន​ប្រភព​នៅ​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ថា ​ឥឡូវ​នាង​ពិតជា​បាន​ចូល​ជ្រក​ក្នុង​ផលិតកម្ម​ធំ​មួយ​ពិតមែន។ “ខ្ញុំ​ពិតជា​បាន​ក្លាយ​ជា​តារា​ចម្រៀង​ក្នុង​ផលិតកម្ម​មួយ​ពិតមែន តែ​សូម​លាក់​ទុក​សិន ចាំ​ធ្វើឲ្យ​ពួក​បង​ៗ​ភ្ញាក់ផ្អើល។”(សើច)

 

ចំណែក​ខាង ថោន វិញ​ត្រូវ​បាន​លោក​ មាស សុខរតនៈ ដែលជា​អ្នក​ចាត់ការ​ទូទៅ​ បាន​ប្រាប់​​ថា ​ខាង​លោក​ក៏​មិន​ទាន់​អាច​បញ្ចេញ​អត្តសញ្ញាណ​តារា​ស្រី​រូប​នោះ​ដែរ។ លោក​ថា ចង់​ទុក​ឲ្យ​បងប្អូន​ទស្សន៍ទាយ និង​ភ្ញាក់ផ្អើល​ចំពោះ​វត្តមាន​នាង ពេល​ចេញ​ជា​ VCD៕

 

ស៊ូ ស៊ីរីកា ចូល​ជ្រក​កោន​ក្នុង​ផលិតកម្ម​ថោន?

 

អត្ថបទ៖ទ្រី រ៉ាវី