ជំនឿ​ដែល​ពាក់ព័ន្ធ​ជាមួយ​ម្ដាយ និង​ ទារក​ទើបនឹង​កើត


ជំនឿ​ដែល​ពាក់ព័ន្ធ​ជាមួយ​ម្ដាយ និង​ ទារក​ទើបនឹង​កើត

បើ​ទោះ​បីជា​វិទ្យាសាស្ត្រ​ជឿនលឿន​យ៉ាងណាក្ដី ក៏​មនុស្ស​មិន​អាច​កាត់​ផ្ដាច់​ពី​ជំនឿ​អ​រូបិយ​នានា​ ដូច​ជាការ​បន់ស្រន់ និង​ត្រណម​មួយ​ចំនួន។ ថ្ងៃនេះ Sabay សូម​លើក​យក​ត្រណម​ដែល​ពាក់ព័ន្ធ​ជាមួយ​ម្ដាយ និង​ ទារក យក​មក​បង្ហាញ​ដល់​ប្រិយមិត្ត។

 

អ្នកស្រី នី ជា​ចាស់់ទុំ​ម្នាក់​ ដែល​ធ្លាប់​ធ្វើជា​យាយ​ម៉ប (ឆ្មប) បុរាណ និង​ចាស់​ស្រុក​ធ្លាប់​ដឹង​ពី​ជំនឿ ត្រណម​ច្រើន។ សព្វថ្ងៃ​លោកយាយ​នី រស់នៅ​ឃុំ​ត្រមែង ស្រុក​ឈូក ខេត្ត​កំពត។ គាត់​ថា ​ជំនឿ​ទាំងអស់​ដែល​យើង​ប្រតិបត្តិ​គឺ​ចេះតែ​ធ្វើ​តៗ​គ្នា​មក​តាំងពី​ដូនតា​មក មិន​ដឹង​ថា ​ត្រូវ​ឫ​ខុស​ជាមួយ​វិទ្យាសាស្ត្រ​យ៉ាងម៉េច​ទេ តែ​យើង​ធ្លាប់​សុខ​សប្បាយ យើង​ចេះ​ធ្វើតាម​គ្នា​រហូត​មក តែ​សម័យ​ឥឡូវ ខ្លះ​ក៏​គេ​ធ្វើតាម ខ្លះ​គេ​អត់​ជឿ អត់​ធ្វើតាម។ ត្រណម ឫ​ជំនឿ​​ដែល​ពាក់ព័ន្ធ​ជាមួយ​ទារក និង ​ម្ដាយ​ដែល​ទើប​ឆ្លង​ទន្លេ​ថ្មីៗ​មាន​ដូចជា៖ បើ​នៅ​ពពោះ មិនទាន់​គ្រប់​ខែ ចាស់​ពី​បុរាណ​មិន​អោយ​ដេរ ឫ​ទិញ​ខោអាវ​ទុក​ទេ ដោយ​ខ្លាច​កូន​មិន​នៅ​ជាមួយ (អាច​រលូត ឬ​ស្លាប់​ក្នុង​ពោះ)។

 

ជំនឿ​ដែល​ពាក់ព័ន្ធ​ជាមួយ​ម្ដាយ និង​ ទារក​ទើបនឹង​កើត

 

 

១.ការ​ដាក់​កាំបិត​លើ​ក្បាល​ដំណេក​ទារក៖ ក្រោយពី​ឆ្លងទន្លេ​ហើយ អ្នកមាន​ជំនឿ​ត​គ្នា​ពី​បុរាណ​មក លោក​អោយ​យក​កាំបិត​ដាក់​លើ​ក្បាល​ដំណេក​របស់​ក្មេង​ទើបនឹង​កើត​នោះ។ ការដែល​ធ្វើ​ដូចនេះ គឺ​ដើម្បី​កុំ​ឲ្យ​ខ្មោច​ព្រាយ​បិសាច ប្រ​លឹ​ង​អរូប​ទាំងឡាយ​មកលេង មក​ពញ្ញាក់ បន្លាច​ក្មេង។

 

ជំនឿ​ដែល​ពាក់ព័ន្ធ​ជាមួយ​ម្ដាយ និង​ ទារក​ទើបនឹង​កើត

 

 

២.ការដាក់​ឈ្មោះ ៖ ចាស់​ពី​ដើម​លោក​ដាក់ឈ្មោះ​កូនចៅ មិន​ពិ​រោះ​ទេ ដូចជា​ក្អុក ក្អាត់ ជាដើម ។ លោក​យល់ថា ការដាក់​ឈ្មោះ​ពិ​រោះ​ពេក ឫ​វែង​ពេក​មិនល្អ ខ្លាច​កូន​ឈឺ ព្រោះ​រាសី​មិន​ដល់។

 

៣.ការ​សួរសុខទុក្ខ៖ បើ​យើង​ទៅលេង​អ្នក​ទើប​ឆ្លងទន្លេ​ហើយ​ថ្មីៗ ហើយ​ផ្ទះ​គេ​មាន​ឆ្អើរភ្លើង គេ​ហាម​មិន​អោយ​សួរ​សំណួរ​ដែល​ទាក់ទង នឹង​ពាក្យ​ក្ដៅ ត្រជាក់​ដូចជា សូរ​ថា៖ ភ្លើង​ក្ដៅ​ពេក​អត់? ឫ​ក៏​សូរ​ថា មាន​ដែល​យល់សប្ដិ​អាក្រក់​អី​ទេ? ហាម​ផ្ដាច់​មិន​ឲ្យ​សួរ​ទេ បើ​ហ៊ាន​សួរ ពេល​អ្នក​មកលេង​ត្រលប់​ទៅវិញ អ្នក​ឆ្លងទន្លេ​នឹង​មិន​ស្រួល​តាម​សម្ដី​ ដែល​យើង​ថា​ហ្នឹង ប៉ុន្តែ​សម័យ​ឥឡូវ​គេ​អត់​អាំងភ្លើង រឿង​សួរ​ក្ដៅ​អី ដូចជា​មិនសូវ​អី​ប៉ុន្មាន​ទេ។ ហើយ​មួយទៀត បើ​ឃើញ​ទារក​ធាត់ គេ​និយាយ​ថា “ថ្លោស ឫ​មានព្រលឹង” គេ​មិន​ឲ្យ​ថា “ធាត់” ទេ។

 

៤.ការ​នាំ​ទារក​ឆ្ងាយ​ពី​ផ្ទះ៖ ពេល​នាំ​ទារក​ទៅ​ឆ្ងាយ​ពី​ផ្ទះ បុរាណ​លោក​ឲ្យ​យក​កំបោរ លាប​ទងត្រចៀក​ក្មេង កុំ​ឲ្យ​ខ្មោច​ព្រាយ​សួរនាំ ឬ នៅ​ពេល​ដើរ​ជិត​ដល់​ផ្ទះ​អ្នក​ដែល​យើង​ទៅលេង ចាស់​បុរាណ​ឲ្យ​បេះ​ស្លឹកឈើ ក្ដាប់​នឹង​ដៃ ពេល​ទៅ​ដល់​ផ្ទះ​នោះ ឲ្យ​គ្រវាស ហើយ​និយាយ​បួងសួង​កុំ​ឲ្យ​មានព្រលឹង​អរូប​មក​យាយី​ក្មេង។

 

ជំនឿ​ដែល​ពាក់ព័ន្ធ​ជាមួយ​ម្ដាយ និង​ ទារក​ទើបនឹង​កើត

 

 

៥.ពេល​ទៅលេង​ទារក​ទើបនឹង​កើត​ថ្មីៗ គេ​ច្រើន​មាន​របស់​ជាប់ដៃ ដូចជា​លុយ ជា​របស់​ប្រើប្រាស់​ដូចជា ប្រេងកូឡា ម្សៅ​ជាដើម (ពេល​ឲ្យ​ក្មេង​គេ​និយាយ​ឲ្យ​ក្មេង​ឆាប់​ធំ កើត​ស្រូវ កើត​អង្ករ​ជាដើម)។
ក្រៅពី​ត្រណម​ខាងលើ តើ​ប្រិយមិត្ត​ណា​មាន​ដឹង​ថា មាន​ត្រណម​អ្វីខ្លះ​ទៀត​ទេ? សូម​ជួយ​ចែករំលែក​ជាមួយ Sabay។

 

អត្ថបទ៖ ឡុ​ច គីម​សាយ

 

មាន​អត្ថបទ​ថ្មី និង ប្លែកៗ​​ កើត​មាន​គ្រប់​ទីកន្លែង​ ប្រិយ​មិត្ត​ចង់រាយការណ៍ ឬ ចង់​ឲ្យ​ Sabay ​ចុះ​ផ្សាយ​ សូម​ទំនាក់ទំនង​តាម៖

 

-ទូរសព្ទ៖ 017 55 76 88
-អ៊ីមែល៖ prak.chanseyha@cidc.com.kh

 

-លេខ​ទូរសព្ទ៖ ​099 588 880
-អ៊ីមែល៖​ bin.bunna@cidc.com.kh​

 

ចង់​ដឹង​លក្ខខណ្ឌ​ដើម្បី​សរសេរ​ផ្ញើ​មក​កាន់ ​Sabay ​បាន​សូម​ចុច​ត្រង់​នេះ!