ឡាន​ឡើង​ថ្លៃ​​ឬ​​អត់ ពេល​គ្មាន​អុំទូក​អ៊ីចឹង?

ឡាន​ឡើង​ថ្លៃ​​ឬ​​អត់ ពេល​គ្មាន​អុំទូក​អ៊ីចឹង?

រាល់​ដង​ពេល​បុណ្យ​អុំ​ទូក ឡាន​ឈ្នួល​តែង​ឆ្លៀត​ឱកាស​ឡើង​ថ្លៃ ជួន​ឡើង​ទ្វេ​ដង​ក៏​មាន ព្រោះ​គេ​គិត​ថា​មនុស្ស​ម្នាល​នឹង​សម្រុក​មក​លេង​ភ្នំពេញ។ សម្រាប់ ឆ្នាំ​នេះ​ភ្នំពេញ​មិន​ប្រារព្ធ​បុណ្យ​នេះ​ឡើយ តើ​ឡាន​ឡើង​ថ្លៃ​ឬ​ទេ?​

 

 

ជួប​ជាមួយ​អ្នក​ដំណើរ​ម្នាក់​ត្រូវ​ជិះ​ពី​កំពង់ចាម​មក​ភ្នំពេញ ស្រី​ម៉ុច បាន​ប្រាប់​ថា ពេល​ទិញ​សំបុត្រ​ឡាន នាង​អត់​ឃើញ​ឡើង​ថ្លៃ​ទេ គឺ​តម្លៃ​ធម្មតា។

 

 

ឡាន​ឡើង​ថ្លៃ​​ឬ​​អត់ ពេល​គ្មាន​អុំទូក​អ៊ីចឹង?
បុគ្គលិក​ធ្វើ​ការ​នៅ​ធនាគារ​នេះ បន្ត​ ថា៖ “ខ្ញុំ​ទើប​ទិញ​ជិះ​កាល​ពី​ថ្ងៃ​អាទិត្យ តែ​តម្លៃ​គេ​យក ១៨០០០រៀល​ដូច​ថ្ងៃ​ធម្មតា។ រាល់​ដង​ពេល​កៀក​អុំ​ទូក ១​ឬ​២​ថ្ងៃ​ចឹង ឡាន​ច្បាស់​ជា​ឡើង​ថ្លៃ​កប់​មិន​ខាន តែ​ឆ្នាំ​នេះ​អត់​ឃើញ​មាន​ឡើង​ឡើយ”។

 
ចំពោះ​អ្នក​នាង ចេង អ្នក​ទទួល​បន្ទុក​លក់​សំបុត្រ​ឡាន​ឈ្នួល នៃ​ក្រុមហ៊ុន លាំង យូ​អេស ដឹក​អ្នក​ដំណើរ បាន​និយាយ​ថា សម្រាប់​ឆ្នាំ​នេះ ក្រុម​ហ៊ុន​អ្នក​នាង​មិន​មាន​ឡើង​ថ្លៃ​ឡើយ​ពេល​បុណ្យ​អុំ​ទូក។

 
“បុណ្យ​អុំ​ទូក​អត់​មាន​ឡើង​ថ្លៃ​ទេ​ឆ្នាំ​នេះ។ យើង​បង្ខំ​ចិត្ត​ឡើង​ថ្លៃ​ឈ្នួល​ឡាន តែ​បុណ្យ​ចូល​ឆ្នាំ​ឬ​ភ្ជុំ​ប៉ុណ្ណោះ ដោយ​សារ​មនុស្ស​សម្រុក​ទៅ​លេង​ស្រុក ដល់​ចឹង​មក​វិញ​ជើង​ទទេ ខាត​សាំង​ច្រើន។ តែ​បុណ្យ​អុំ​ទូក មាន​មនុស្ស​ចេញ​ពី​ភ្នំពេញ​ផង មក​លេង​ភ្នំ​ពេញ​ផង អ៊ីចឹង​មិន​ខាត​សាំង​ឡើយ”។

 

 

អ្នក​នាង​បញ្ជាក់​ថា គ្រប់​ការ​ឡើង​ថ្លៃ​ឡាន​ទាំង​អស់ រាល់​ដង​សុទ្ធ​តែ​ធ្វើ​ឡើង​ដោយ​បង្ខំ​ចិត្ត គឺ​ចង់​យក​តម្លៃ​ធម្មតា​ដែរ ដើម្បី​ឲ្យ​បង​ប្អូន​ពូ​មីង​ធ្វើ​ដំណើរ​ទៅ​លេង​ខេត្ត​ឬ​ផ្ទះ​បាន​សប្បាយ​ចិត្ត៕

 

 

សូមអាន ៖    ទូក​តែង​មាន​អ្នក​រាំ​ក្បាល​ទូក មក​ពី​មូល​ហេតុ​អ្វី?

 
អត្ថបទ៖ លឹម សុ​នា