ការ​តាម​ចាប់ខ្លួន​ជនដៃដល់​ប្រើ​អំពើហិង្សា​លើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ កំពុងស្ថិត​ក្នុង​សភាព​ស្ងប់ស្ងាត់​

​ក្រោយពេល​មនុស្ស​៣​នាក់​ចូល​សារភាព​ទាក់ទង​ទៅនឹង​ករណី​ប្រើ​អំពើហិង្សា​វាយប្រហារ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​២​រូប​ឲ្យ​រងរបួស​ធ្ងន់ គឺ​អ្វីៗ​ស្ថិតក្នុង​សភាព​ស្ងប់ស្ងាត់​បើទោះបី​ជនដៃដល់​មាន​រាប់សិប​នាក់​ក៏ដោយ​។ ទាក់ទង​នឹង​បញ្ហា​នេះ​លោក ញ៉យ ចំរើន តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម និង​លោក គង់ សភា តំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង បាន​រិះគន់​តុលាការ​និង​អាជ្ញាធរ​ថា គ្មាន​ឆន្ទៈ​ចាប់​ជនដៃដល់​បន្ថែមទៀត មុនពេល​ពួកគាត់​វិលត្រឡប់​ចូលមក​ប្រទេស​កម្ពុជា​វិញ ហើយ​ទន្ទឹមនឹងនេះ​មន្ត្រី​អង្គការសិទ្ធិមនុស្ស​និង​មជ្ឈដ្ឋាន​នានា​អំពាវនាវ​ឲ្យ​សមត្ថកិច្ច​និង​តុលាការ តាម​ចាប់​ជនដៃដល់​ទាំងអស់​យកទៅ​ផ្តន្ទាទោស​តាមច្បាប់ ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​ជនរងគ្រោះ​។​

តាម​ប្រភពពី​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឲ្យ​ដឹងថា លោក ញ៉យ ចំរើន និង​លោក គង់ សភា ដែល​កំពុង​សម្រាក​ព្យាបាល​របួស​នៅ​ប្រទេស​ថៃ នឹង​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៥ បន្ទាប់ពី​របួស​ជាសះស្បើយ​។ លោក ញ៉យ ចំរើន បាន​ប្រាប់​អ្នកសារព័ត៌មាន​ពី​ប្រទេស​ថៃ​ថា ចំណាត់ការ​របស់​សម​ត្ថ​កិច្ច​អាជ្ញាធរ​និង​តុលាការ​មិនទាន់​ផ្តល់​ភាពកក់ក្តៅ​ដល់​ពួកលោក​ដែលជា​ជនរងគ្រោះ​នៅឡើយ​ទេ​។ លោក ញ៉យ ចំរើន បាន​អះអាងថា តាមពិត​មិនមែន​អាជ្ញាធរ​និង​តុលាការ​គ្មាន​សមត្ថភាព​ចាប់​ជនដៃដល់​បន្ថែមទៀត​នោះទេ ប៉​ន្តែ​គឺ​ដោយសារ​គេ​គ្មាន​ឆន្ទៈ​ព្រោះ​រឿងនេះ​ទាក់ទង​នឹង​និន្នាការ​នយោបាយ​។

​ក្រុម​អ្នកសង្កេតការណ៍​ឯករាជ្យ​បាន​កត់សម្គាល់ថា អំពើហិង្សា​លើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥ នាំ​ឲ្យ​ក្រសួងមហាផ្ទៃ​បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​មួយ ដើម្បី​ស្វែងរក​ក្រុម​ជនដៃដល់​ដែល​វាយប្រហារ​លើ​អ្នកតំណាងរាស្ត្រ ដើម្បី​យកទៅ​ផ្តន្ទាទោស​តាមច្បាប់​។ ប៉ុន្តែ​ចាប់តាំងពី​បង្កើតឡើង​រហូតដល់​ថ្ងៃនេះ គណៈកម្មការ​ស៊ើបអង្កេត​មិនទាន់​ចាប់ខ្លួន​ជនដៃដល់​បាន​ម្នាក់​នៅឡើយ​ទេ ហើយ​ជនដៃដល់​៣​នាក់​ដែល​តុលាការ​ចោទប្រកាន់​រួច​បញ្ជូនទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន គឺ​ពួកគេ​ចូល​សារភាព​ខ្លួនឯង​។ ប្រការ​នេះហើយ​ដែល​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ បាត់បង់​ជំនឿ​ទាំងស្រុង​ទៅលើ​សមត្ថកិច្ច​និង​អាជ្ញាធរ ព្រមទាំង​ប្រព័ន្ធតុលាការ​កម្ពុជា​៕

MrMSP-1404 violence_151026-2015-10-26