មន្ត្រីរដ្ឋបាល​ជលផល​ក្នុងស្រុក​ប្រាសាទបាគង ពុករលួយ​ជំរិត​យកលុយ​ពី​ប្រជា​នេសាទ​តាម​អំពើ​ចិត្ត​

ប្រជា​នេសាទ​រស់នៅ​ភូមិ​ត្នោត​កំបុត ឃុំ​កំពង់​ភ្លុក ស្រុក​ប្រាសាទបាគង ជាប់​បឹង​ទន្លេសាប ខេត្តសៀមរាប បាន​អំពាវនាវ​ឲ្យ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល ចាត់វិធានការ​លើ​មន្ត្រីរដ្ឋបាល​ជលផល​ប្រចាំ​តំបន់​កំពង់​ភ្លុក ជាបន្ទាន់​។ ប្រជា​នេសាទ​បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​ប្រកាស​បើក​រដូវ​នេសាទ​ឆ្នាំ​២០១៥-២០១៦ តាំងពី​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៥ ដើម្បី​ឲ្យ​ពួកគាត់​អាច​ប្រកប​របរ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ចិញ្ចឹមជីវិត​។ ប៉ុន្តែ​ពួកគាត់​បែរជា​ជួប​ការលំបាក​យ៉ាងខ្លាំង​ក្នុងការ​ប្រកប​របរ​នេសាទ​ជា​លក្ខណៈ​គ្រួសារ ដោយសារ​មាន​មន្ត្រីរដ្ឋបាល​ជលផល​២​នាក់​ជំរិត​យកលុយ​ពី​ពួកគាត់​យ៉ាង​គឃ្លើន​។

​ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ​នៅ​ឃុំ​កំពង់​ភ្លុក បាន​ឲ្យ​ដឹងថា​មន្ត្រីរដ្ឋបាល​ជលផល​២​នាក់ គឺ​លោក វៃ វ៉ន ប្រចាំ​តំបន់​កំពង់​ភ្លុក និង​លោក ស្រី សុ​ភ័​ក្រ ប្រចាំ​តំបន់​ចុង​ឃ្នៀ​ស តែងតែ​ជំរិត​យកលុយ​ពី​ពួកគាត់​ជាប្រចាំ ដើម្បី​ជា​ថ្នូរ​នឹង​ការបើក​ឲ្យ​ពួកគាត់​ចូលទៅ​នេសាទ​ត្រី​ក្នុង​បឹង​ទន្លេសាប​បាន​ស្រួល​។ បញ្ហា​នេះ​កំពុង​ធ្វើ​ឲ្យ​ពួកគាត់​ជួប​ការលំបាក​យ៉ាងខ្លាំង ព្រោះ​ការនេសាទ​ត្រី​រកចំណូលបាន​តិចតួច ហើយ​ត្រូវ​បង់​ទៅ​ឲ្យ​មន្ត្រីរដ្ឋបាល​ជលផល​រាប់សែន​រៀល​ក្នុង​មួយ​ទូក​។ ប្រជា​នេសាទ​សង្ស័យថា លោក ព្រិ​ន្ទ សា​វិ​ន មេ​រដ្ឋបាល​ជលផល​ខេត្តសៀមរាប ជាប់​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​ទើប​ស​ង្ងំ​ស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់ ហើយ​បណ្តោយ​ឲ្យ​កូនចៅ​ក្រោម​ឱវាទ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។

ប្រភពពី​ប្រជា​នេសាទ​ក្នុង​ឃុំ​កំពង់​ភ្លុក បាន​ឲ្យ​ដឹងថា​ពួកគាត់​បង់លុយ​ឲ្យ​មន្ត្រីរដ្ឋបាល​ជលផល​ក្នុង​មួយ​ទូក​ពី​១០​ទៅ​១៥​ម៉ឺន​រៀល ទើប​អាច​ចូលទៅ​នេសាទ​ក្នុង​បឹង​ទន្លេសាប​បាន​។ បញ្ហា​នេះ​មន្ត្រី​អាជ្ញាធរ​ស្រុក​ប្រាសាទបាគង និង​មេ​រដ្ឋបាល​ជលផល​ខេត្តសៀមរាប គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ព្រោះ​មន្ត្រីរដ្ឋបាល​ជលផល​ពុករលួយ​ត្រូវបាន​ប្រជា​នេសាទ​បង្ហាញ​អត្តសញ្ញាណ​ពួកគេ​យ៉ាងច្បាស់​រួចទៅហើយ​។ ដូច្នេះ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល ត្រូវ​ចាត់វិធានការ​ទៅលើ​ឈ្មោះ វៃ វ៉ន និង​ឈ្មោះ ស្រី សុ​ភ័​ក្រ ជាបន្ទាន់​បំផុត ដើម្បី​កុំ​ឲ្យ​ពួកគេ​ប្រើ​អំណាច​និង​តួនាទី​ជំរិត​យកលុយ​ពី​ប្រជា​នេសាទ​ក្រីក្រ​យ៉ាង​ក្រអឺតក្រទម​តទៅទៀត​៕

17067850055_39071c4abf_oលោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផល imageប្រជានេសាទនៅឃុំកំពង់ភ្លុក