លោក រស់ វី​រ៉ា​វុ​ទ្ធ មិន​ទប់ស្កាត់​សំណង់​ខុសច្បាប់​នៅ​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង​

​លោក រស់ វី​រ៉ា​វុ​ទ្ធ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​ខេត្តកោះកុង​ត្រូវបាន​ប្រជាពលរដ្ឋ​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង រិះគន់ថា​បណ្តែតបណ្តោយ​ឲ្យ​មាន​សំណង់​ខុសច្បាប់​ជាច្រើន​កន្លែង​នៅក្នុង​មូលដ្ឋាន​របស់​ពួកគាត់​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​សំណង់​ខុសច្បាប់​នៅក្នុង​ក្រុង​ខេមរភូមិន្ទ​ត្រូវបាន​ប្រជាពលរដ្ឋ និង​មន្ត្រី​ជំនាញ​រាយការណ៍​ដល់ លោក រស់ វី​រ៉ា​វុ​ទ្ធ ឲ្យ​ចាត់វិធានការ​ទប់ស្កាត់​ជាច្រើន​ដង តែ​រហូតមក​ដល់ពេលនេះ​សំណង់​ទាំងនោះ​នៅតែ​បន្ត​ដំណើរការបាន​យ៉ាង​លូន​ហើយ​ម្ចាស់​សំណង់​ថែមទាំង​ផ្គើន​មន្ត្រី​មូលដ្ឋាន​ទៀតផង​។​

​ប្រជាពលរដ្ឋ​ក្រុង​ខេមរភូមិន្ទ​បាន​រាយការណ៍​នៅថ្ងៃនេះ​ថា សំណង់ផ្ទះ​កម្ពស់​៣​ជាន់ រួមជាមួយ​កំពង់ផែ​ដ៏​រឹងមាំ​របស់​អ្នកមាន​លុយ​ម្នាក់ ដែល​សាងសង់​នៅ​លើដី​ឆ្នេរ ស្ថិត​ក្នុងភូមិ​២ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ ហើយ​ត្រូវបាន​រិះគន់​យ៉ាងខ្លាំង​នោះ រហូតមកទល់​ពេលនេះ សំណង់​នៅតែ​ត្រូវគេ​បន្ត​សាងសង់ ចំណែក​សមត្ថកិច្ច​នៅតែ​គ្មាន​ចំណាត់ការ បើទោះបី​ដឹងថា សំណង់​នោះ​ខុសច្បាប់​ក៏ដោយ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​មាន​សំណង់​ជាច្រើន​កន្លែង​ទៀត​កំពុងតែបន្ត​សាងសង់​ដោយ​ខុសច្បាប់​នៅលើ​ទីតាំង​សំខាន់ៗ​នៅក្នុង​ភូមិសាស្ត្រ​ខេត្តកោះកុង តែ​លោក​លោក រស់ វី​រ៉ា​វុ​ទ្ធ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​ខេត្តកោះកុង​មិនបាន​ចុះមក​ត្រួតពិនិត្យ ឬ​ចាត់វិធានការ​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព​នោះទេ​។​

​ចំពោះមុខ​បញ្ហា​នេះ លោក ហាក់ បូរ៉ា នាយការិយាល័យ​ភូមិបាល​ក្រុង​ខេមរភូមិន្ទ​បាន​បង្ហើប​ប្រាប់​អ្នកសារព័ត៌មាន​ថា សំណង់​ខាងលើនេះ លោក​បានចេញ​លិខិត​ហាមឃាត់​ចំនួន​២​លើក​រួចមក ដោយ​ឲ្យ​ផ្អាក​ការសាងសង់ ប៉ុន្តែ​ម្ចាស់ផ្ទះ​ពិតជា​មានការ​រឹងត្អឹង​ខ្លាំងណាស់ ហើយ​បានធ្វើ​សកម្មភាព​ផ្គើន​នឹង​បំរាម​នេះ​ទៀត​។ មន្ត្រី​ដដែល​នេះ​បាន​បន្ថែមថា មន្ត្រី​មូលដ្ឋាន​បាន​រាយការណ៍​ជូន​លោក រស់ វី​រ៉ា​វុ​ទ្ធ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់​ខេត្តហើយ ប៉ុន្តែ​មិនដឹងថា លោក​ប្រធាន​មន្ទីរ​ចាត់ការ​បែបណា​ទេ​។​

ជុំវិញ​បញ្ហា​នេះ​ប្រជាពលរដ្ឋ​ខេត្តកោះកុង បាន​ឲ្យ​ដឹងថា មាន​សំណង់​ជាច្រើន​កន្លែង ត្រូវបាន​គេ​សង់​រំលោភ​លើ​ចំណីផ្លូវ ឆ្នេរសមុទ្រ និង បឹង​សាធារណៈ ជាដើម ប៉ុន្តែ​គ្មាន​វិធានការ​ដ៏​តឹងរ៉ឹង​របស់​ប្រធាន​មន្ទីរ​នគរូបនីយកម្ម និង​សំណង់ ខេត្តកោះកុង លោក រស់ វី​រ៉ា​វុ​ទ្ធ និង​មន្ត្រីក្រោមឱវាទ​នោះទេ​។ ប្រជាពលរដ្ឋ​បាន​បង្ហើប​ថា ឲ្យ​តែមាន​លុយ​គ្រប់គ្រាន់ ឬ​ជា​អ្នកមានអំណាច​ខ្លាំង នោះ​ម្ចាស់​សំណង់​ប្រាកដជា​អាច​ដំណើរការ​សាងសង់​បាន​យ៉ាង​រលូន បើទោះជា​សំណង់​ទាំងនោះ​ធ្វើឡើង​ដោយ​ខុសច្បាប់ និង​បង្ក​ផលប៉ះពាល់​ដល់​ប្រយោជន៍​សាធារណៈ​ក៏ដោយ​៕

Pic16