បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ក្នុង​ខេត្តពោធិ៍សាត់ នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​

​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​នេះ ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់ថា​មិន​យកចិត្តទុកដាក់​ទប់ស្កាត់​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ឲ្យ​ស្របតាម​បទបញ្ជា​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន នោះទេ​។ ផ្ទុយទៅវិញ​លោក ម៉ៅ ធនិន និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តពោធិ៍សាត់ ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​ចំពោះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នៅ​ស្រុក​ភ្នំក្រវាញ ស្រុក​ក្រគរ និង​ស្រុក​វាលវែង​។ មិនតែប៉ុណ្ណោះ​មាន​ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ឈ្មួញ​ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក ម៉ៅ ធនិន ជា​អភិបាលខេត្ត​ទៀតផង​។

សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​ភ្នំក្រវាញ ស្រុក​ក្រគរ និង​ស្រុក​វាលវែង បាន​ឲ្យ​ដឹងថា​រយៈពេល​៣​ខែ​ចុង​ក្រោយនេះ បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់ កំពុង​រាលដាល​គួរ​ឲ្យ​ព្រួយបារម្ភ​។ នៅតាម​ផ្លូវ​ក្នុងស្រុក​ទាំង​៣​មាន​សមត្ថកិច្ច​ចម្រុះ​ដូចជា មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន មន្ត្រីនគរបាល និង​មន្ត្រី​កងរាជអាវុធហត្ថ​ជាដើម បានដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​ដើម្បី​បង្ក្រាប​បទល្មើស​ព្រៃឈើ ក៏ប៉ុន្តែ​ជាក់ស្តែង​ពួកគេ​មិន​បង្ក្រាប​បទល្មើស​ឡើយ​។ មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​គិតគូរ​តែ​រឿង​ប្រមូល​លុយ​ពី​ក្រុម​ជនល្មើស​កាប់​ឈើ និង​ដឹកជញ្ជូន​ឈើ​យកទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន ហើយ​បណ្តោយ​ឲ្យ​បទល្មើស​កើតឡើង​កាន់តែខ្លាំង​។ បញ្ហា​នេះ​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​ព្រោះ​ព្រៃឈើ​ក្នុងស្រុក​ភ្នំក្រវាញ ស្រុក​ក្រគរ និង​ស្រុក​វាលវែង កំពុង​ប្រឈម​នឹង​សេចក្តី​វិនាស ជាពិសេស​នៅ​តំបន់​ភាគ​កណ្តាល​ភ្នំក្រវាញ​។

ប្រភពពី​មន្ត្រី​អាជ្ញាធរ​មួយចំនួន​បាន​ឲ្យ​ដឹងថា សមត្ថកិច្ច​ចម្រុះ​បានដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​ជាច្រើន​កន្លែង​ដូចជា នៅ​ចំណុច​ក្សេត្រ​បុរី ស​ន្ទ្រែ ព្រ​ងឹល ដំណាក់​សុ​ក្រំ ស្រុក​ភ្នំក្រវាញ នៅ​ចំណុច​ឃុំ​ប្រ​មោ​ល ស្រុក​វាលវែង និង​នៅ​ចំណុច​ឃុំ​ស្វាយស ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ប៉ុន្តែ​ពួកគេ​មិន​បង្ក្រាប​បទល្មើស​ព្រៃឈើ​ឡើយ​។ សមត្ថកិច្ច​ចម្រុះ​ប្រចាំ​ប៉ុស្តិ៍​ត្រួតពិនិត្យ​ដូចខាងលើ នាំគ្នា​ជំរិត​យកលុយ​ពី​ក្រុម​ជនល្មើស​ដឹកជញ្ជូន​ឈើ​យ៉ាង​សុខ​ស្រួល ហើយ​បង្ក្រាប​តែ​ប្រជាពលរដ្ឋ​ដែល​ចូល​ព្រៃ​កាប់​អុស​ដុត​ប៉ុណ្ណោះ​។ ប្រការ​នេះហើយ​ដែល​នាំ​ឲ្យ​ព្រៃឈើ​នៅ​តំបន់ភ្នំ​ក្រវាញ​ភាគ​កណ្តាល កំពុង​ប្រឈម​នឹង​មហន្តរាយ​យ៉ាងធ្ងន់ធ្ងរ ជាពិសេស​ឈើ​ប្រណីត​និង​ឈើ​ប្រភេទ​លេខ​១​ស្ទើរតែ​គ្មាន​សល់​ទៀត​ទេ​៕

v_0260 v_0259 v_0257