កូរ៉េខាងត្បួង ស្នើកម្ពុជា សុំបង្កើតស្ថានកុងស៊ុល នៅខេត្តសៀមរាប

ភ្នំពេញ៖ សាធារណរដ្ឋកូរ៉េ បានស្នើសុំរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតស្ថានកុងស៊ុល ដែលមានទីតាំង នៅខេត្តសៀមរាប មានវិសាលភាព គ្របដណ្តប់ការងារ ក្នុងខេត្តចំនួន៦ នៅទិសឧត្តរ និងទិសពាយ័ព្យ នៃព្រះរាជាណាចក្រកម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាននៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បានឲ្យដឹងថា រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានស្នើសុំបង្កើតស្ថានកុងស៊ុល នៅក្នុងខេត្តសៀមរាប ដែលគ្រប់ដណ្តប់ខេត្តចំនួន៦ គឺខេត្តសៀមរាប បាត់ដំបូង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារ ក្នុងបំណងដើម្បីពង្រឹង និងពង្រីកបន្ថែមនូវ ទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទំាងពីរ កម្ពុជា-សាធារណរដ្ឋកូរ៉េ។

សេចក្តីប្រកាសព័ត៌មានបានបន្ថែមទៀតថា នៅថ្ងៃអនាគត អាចពី១-២ឆ្នាំទៀត រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ នឹងស្នើតម្លើង ទៅជាស្ថានអគ្គកុងស៊ុលវិញ។ ចំពោះសំណើរនេះ ខាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានយល់ព្រម និងសំណើររបស់រដ្ឋាភិបាល កូរ៉េរួចហើយ៕