សម្តេច​ហ៊ុនសែន រៀបចំ​ទទួល​បដិសណ្ឋារកិច្ច​នាយករដ្ឋមន្ត្រី​រុស្ស៊ី Dmitry Medvedev

ភ្នំពេញ: ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន និង​សម្តេច​ភរិយា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា វិល​ត្រលប់​មកពី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ជាច្រើន​ទៀត នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី កាលពី​យប់​ថ្ងៃទី​២២​វិច្ឆិកា​។ នៅ​ព្រឹក​ថ្ងៃទី​២៣​វិច្ឆិកា​នេះ សម្តេច​តេ​ជោ ហ៊ុនសែន បានប្រកាសថា សម្តេច​ត្រៀម​រៀបចំ​ទទួល​បដិសណ្ឋារកិច្ច​នាយករដ្ឋមន្ត្រី​រុស្ស៊ី Dmitry Medvedev​។ លោកនាយក​រដ្ឋមន្ត្រី រុស្ស៊ី ដែល​កំពុង​បំពេញ​ទស្សនកិច្ច ៣ ថ្ងៃ​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​២២ ដល់​ថ្ងៃទី​២៤​វិច្ឆិកា​។​

​សម្តេច​ហ៊ុនសែន បាន​លើកឡើងថា "​កាលពី​យប់មិញ ខ្ញុំ និង​ភរិយា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា បាន​វិលត្រឡប់​មកដល់​មាតុប្រទេស​វិញ ប្រកបដោយ​សុវត្ថិភាព បន្ទាប់ពី​បាន​ទៅ​ចូលរួម​ប្រជុំ​កំពូល​អាស៊ាន លើក​ទី ២៧ នៅ​ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី ២០-២២ វិច្ឆិកា ២០១៥​។ ប៉ុន្តែ​ការងារ​បន្ទាប់​នេះ គឺ​រៀបចំ​ទទួល​បដិសណ្ឋារកិច្ច លោក Dmitry Medvedev នាយករដ្ឋមន្ត្រី​នៃ​សហព័ន្ធរុស្ស៊ី នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​២២-២៤ ខែវិច្ឆិកា ឆ្នាំ​២០១៥"​។

​សូមបញ្ជាក់ថា លោកនាយក​រដ្ឋមន្ត្រី រុស្ស៊ី Dmitry Medvedev បានមក​ដល់​ខេត្តសៀមរាប កាលពី​យប់​ម៉ោង ៨ ថ្ងៃទី​២២​វិច្ឆិកា​។ នៅ​ព្រឹក​ថ្ងៃទី​២៣​វិច្ឆិកា​នេះ លោកនាយក​រដ្ឋមន្ត្រី​រុស្ស៊ី បាន​ទៅ​ទស្សនា​ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន និង​ប្រាសាទតាព្រហ្ម នៅ​ខេត្តសៀមរាប​។ រីឯ​នៅ​ល្ងាច​ថ្ងៃទី​២៤​វិច្ឆិកា លោក នឹង​ទស្សនា​ព្រះបរមរាជវាំង​។​

​នៅ​ល្ងាច​ថ្ងៃទី​២៣​វិច្ឆិកា​នេះ លោកនាយក​រដ្ឋមន្ត្រី​រុស្ស៊ី នឹង​មកដល់​រាជធានី​ភ្នំពេញ ហើយ​នៅ​ព្រឹក​ថ្ងៃទី​២៤​វិច្ឆិកា លោក​នឹង​ទៅ​ដាក់​កម្រងផ្កា​នៅ​វិមានឯករាជ្យ និង​នៅ​ព្រះ​បរម​រូប​សម្តេចព្រះ នរោត្តម សីហនុ មុននឹង​ជួបពិភាក្សា​ការងារ​ជាមួយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន​។​

​ក្រោយពី​ទស្សនា​ព្រះបរមរាជវាំង នៅ​រសៀល​ថ្ងៃទី​២៤​វិច្ឆិកា លោកនាយក​រដ្ឋមន្ត្រី​រុស្ស៊ី នឹង​ឡើង​យន្តហោះ ចាក​ចេញពី​រាជធានី​ភ្នំពេញ ឆ្ពោះទៅកាន់​ទីក្រុង ម៉ូស្គូ ប្រទេស​រុស្ស៊ី​៕​

សម្តេច​ហ៊ុនសែន រៀបចំ​ទទួល​បដិសណ្ឋារកិច្ច​នាយករដ្ឋមន្ត្រី​រុស្ស៊ី Dmitry Medvedev

សម្តេច​ហ៊ុនសែន រៀបចំ​ទទួល​បដិសណ្ឋារកិច្ច​នាយករដ្ឋមន្ត្រី​រុស្ស៊ី Dmitry Medvedev

សម្តេច​ហ៊ុនសែន រៀបចំ​ទទួល​បដិសណ្ឋារកិច្ច​នាយករដ្ឋមន្ត្រី​រុស្ស៊ី Dmitry Medvedev

សម្តេច​ហ៊ុនសែន រៀបចំ​ទទួល​បដិសណ្ឋារកិច្ច​នាយករដ្ឋមន្ត្រី​រុស្ស៊ី Dmitry Medvedev