ក្រុម​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​បារម្ភ​ខ្លាច​បាត់បង់​អត្តសញ្ញាណ​ពី​ផែនទី​ប្រវត្តិសាស្ត្រ

ក្រុម​ជនជាតិ​ដើម​ភាគ​តិច​ដែល​មាន ១០​ប្រភេទ​ខុស​គ្នា ហើយ​កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា បង្ហាញ​ក្ដី​កង្វល់​ថា ពួក​គេ​អាច​នឹង​ត្រូវ​បាត់បង់​ជាតិ​សាសន៍ ប្រពៃណី ជំនឿ និង​ទំនៀមទម្លាប់​ដើម​ពី​ផែនទី​ប្រវត្តិសាស្ត្រ នៃ​ប្រទេស​កម្ពុជា ក្នុង​ពេល​ខាង​មុខ។ មន្ត្រី​ជាន់​ខ្ពស់​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​វិញ​យល់​ឃើញ​ថា រដ្ឋាភិបាល​កំពុង​តែ​យក​ចិត្ត​ទុក​ដាក់ និង​អភិរក្ស​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ពី​សេចក្ដី​ត្រូវ​ការ​របស់​ជនជាតិ​ដើម​ភាគ​តិច។

គោលការណ៍​មួយ​ចំនួន​ដែល​ក្រុម​ជនជាតិ​ដើម​ភាគ​តិច​នៅ​កម្ពុជា យល់​ឃើញ​ថា ជាតិ​សាសន៍​នៃ​ជនជាតិ​ដើម​មួយ​នេះ​អាច​ត្រូវ​ប្រឈម​មុខ​បាត់បង់ ដោយ​ហេតុ​ថា រដ្ឋាភិបាល​ពុំ​បាន​ឆ្លើយ​តប​ណា​មួយ​ពី​តម្រូវ​ការ និង​ភាព​ចាំបាច់​របស់​ពួក​គេ។

នៅ​ក្នុង​វេទិកា​នៃ​កិច្ច​ពិគ្រោះ​យោបល់​រវាង​យុវជន និង​មនុស្ស​វ័យ​ចំណាស់ ដែល​រៀបចំ​កាល​ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២២ វិច្ឆិកា នៅ​រាជធានី​ភ្នំពេញ ក្រុម​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច បាន​លើក​ឡើង​ថា សព្វថ្ងៃ​រដ្ឋាភិបាល​ហាក់​មើល​រំលង និង​ពុំ​បាន​យក​ចិត្ត​ទុក​ដាក់​ពី​ការ​ប្រឈម​នានា​របស់​ពួក​គេ​នៅ​តាម​សហគមន៍​ឡើយ។ ការ​ប្រឈម​ដោយ​ហេតុ​ថា ថ្វី​បើ​រដ្ឋាភិបាល​ពុំ​បាន​ចូលរួម​បំផ្លាញ​ដោយ​ផ្ទាល់ ក៏ប៉ុន្តែ​តាម​រយៈ​គោល​នយោបាយ​ផ្ដល់​សម្បទាន​ដី​សេដ្ឋកិច្ច​ឲ្យ​ក្រុមហ៊ុន​ឯកជន ដែល​ភាគ​ច្រើន​ជា​ក្រុមហ៊ុន​វៀតណាម នៅ​ខេត្ត​រតនគិរី និង​ខេត្ត​មណ្ឌលគិរី ព្រម​ទាំង​មាន​ក្រុមហ៊ុន​ចិន នៅ​ខេត្ត​ព្រះវិហារ ផង បណ្ដាល​ឲ្យ​មុខ​របរ​ប្រចាំ​ថ្ងៃ​ត្រូវ​បាត់បង់ អនុផល​ព្រៃ​ឈើ​ត្រូវ​ហិនហោច ព្រៃ​ឈើ​ត្រូវ​កាប់​បំផ្លាញ​រាល់​ថ្ងៃ ដែល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ប្រពៃណី ជំនឿ​សាសនា ជាពិសេស ព្រៃ​សែន​អារក្ស និង​ដី​ព្រៃ​កប់​ខ្មោច​តាម​បែប​បុរាណ ជាដើម។

ថ្លែង​នៅ​ក្នុង​វេទិកា​នៃ​កិច្ច​ពិគ្រោះ​យោបល់​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២ វិច្ឆិកា ក្រុម​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​មក​ពី ១០​រាជធានី-ខេត្ត​ក្នុង​ចំណោម​ខេត្ត-ក្រុង​ទាំង​២៥ ក្នុង​ប្រទេស​កម្ពុជា ពួក​គេ​បាន​លើក​ឡើង​ថា បច្ចុប្បន្ន​សិទ្ធិ​នៃ​ជនជាតិ​ដើម​ភាគ​តិច ត្រូវ​បាត់បង់​ជា​បណ្ដើរៗ និង​ពុំ​មាន​ការ​គាំពារ​ដោយ​ច្បាប់​ថែម​ទៀត​ផង។ ពួក​គេ​បន្ត​ថា ប្រពៃណី​ដែល​ធ្លាប់​តែ​មាន​ដ៏​ចំណាស់​ណាស់​មក​ហើយ​នេះ ត្រូវ​រួម​រឹត​ដោយ​កត្តា​នយោបាយ និង​សេដ្ឋកិច្ច។ ពួក​គេ​បន្ត​ថា «ធ្វើ​របង​ប៉ុណ្ណឹង​ហើយ​នៅ​តែ​មាន​កំហុស នៅ​តែ​រំលោភ​គ្នា ដោយសារ​តែ​ម៉េច ដោយសារ​តែ​គិត​រឿង​សេដ្ឋកិច្ច។ បើ​សិន​អញ​សង់​របង​ទីនេះ អញ​នឹង​ធ្វើ​ប្លង់​លុប​បាន​លុយ​ប្រយោជន៍​ផ្ទាល់​ខ្លួន»

របាយការណ៍​របស់​បណ្ដាញ​យុវជន​ជនជាតិ​ដើម​ភាគ​តិច ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ជនជាតិ​ដើម​ភាគ​តិច​នៅ​កម្ពុជា រួម​មាន ពូនង កួយ ព័រ គ្រឹង កាចក់ ព្រៅ ចារ៉ាយ ជង សួយ និង​ទំពួន។ ជនជាតិ​ដើម​ភាគ​តិច​ទាំង​នេះ​រស់នៅ​ច្រើន​ជាង​គេ​ក្នុង​ខេត្ត​ព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ក្រចេះ កំពង់ស្ពឺ កោះកុង ពោធិ៍សាត់ បាត់ដំបង និង​ខេត្ត​កំពង់ធំ។

ឆ្លើយ​តប​រឿង​នេះ លោក ផៃ ស៊ីផាន មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី អះអាង​ថា ការ​ពិត​រដ្ឋាភិបាល​ពុំ​ដែល​ធ្វេសប្រហែស​ចំពោះ​តម្រូវ​ការ​ទាំង​នេះ​ម្ដង​ណា​ទេ។ ជាង​នេះ​ទៀត រាល់​គម្រោង​វិនិយោគ ឬ​ការ​អនុវត្ត​គោល​នយោបាយ រដ្ឋាភិបាល​តែង​បង្កើត​គណៈកម្មការ​ដើម្បី​សិក្សា​ពី​ហេតុផល​ប៉ះពាល់​ជា​មុន។ លោក​បន្ថែម​ថា មិន​តែ​ប៉ុណ្ណោះ​ថែម​ទាំង​មាន​តំណាង​សម្រាប់​ជនជាតិ​ដើម​ភាគ​តិច​នៅ​ថ្នាក់​ជាតិ​ទៀត​ផង។ លោក​បន្ត​ថា «រាជ​រដ្ឋាភិបាល​បាន​យក​ទុក​ដាក់​ខ្ពស់​នៅ​ក្នុង​ហ្នឹង។ យើង​បាន​បង្កើត​ក្រុម​ប្រឹក្សា​ជនជាតិ​ដើម​ភាគ​តិច​របស់​កម្ពុជា ហើយ​ក៏​យើង​ឥត​មាន​គោលការណ៍​ណា​ទៅ​បំបាត់​ឲ្យ​គាត់​ចាក​ចេញ​ពី​វប្បធម៌​របស់​គាត់​ទេ»

អ្នក​សម្រប​សម្រួល​នៃ​លេខាធិការដ្ឋាន​សម្ព័ន្ធ​ជនជាតិ​ដើម​ភាគ​តិច​កម្ពុជា លោក យុន ឡូរ៉ង់ យល់​ឃើញ​ថា ក្រុម​សម្ព័ន្ធ​នៃ​ជនជាតិ​ភាគ​តិច អាច​ប្រឈម​នឹង​ការ​បាត់បង់​ពី​ផែនទី​នៃ​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា។ ម្យ៉ាង​ទៀត ខ្វះ​ការ​គាំពារ​ដោយ​ច្បាប់ និង​ពុំ​មាន​អ្នក​តំណាង​ក្នុង​ការ​តស៊ូ​មតិ​នៅ​ថ្នាក់​ជាតិ​ទៀត​ផង​នោះ គឺ​ជា​មូល​ចម្បង​ដែល​ងាយ​ធ្វើ​ឲ្យ​អត្តសញ្ញាណ​នៃ​ជនជាតិ​ដើម​ភាគ​តិច ត្រូវ​រលាយ​បាត់បង់។ លោក​បន្ត​ថា «ក្នុង​នាម​យើង​ជា​ជនជាតិ​ដើម​ភាគ​តិច​ដែល​បាន​លះបង់​ជីវិត​របស់​ពួក​យើង​មួយ​ផ្នែក​ដែរ ក្នុង​ការ​ការពារ​ទឹក​ដី​នេះ​ជាមួយ​ប្រជាពលរដ្ឋ​ភាគ​ច្រើន។ យើង​ចង់​ឲ្យ​ពី​ខាង​រដ្ឋាភិបាល ពិសេស​រដ្ឋាភិបាល​យល់​ដឹង​ពី​ការ​លះបង់​របស់​ពួក​យើង​ដែរ ហើយ​មិន​គួរ​ណា​ឲ្យ​បន្ត​លះបង់​រហូត​ឈាន​ទៅ​រក​ការ​បាត់បង់​ពួក​យើង​ចេញ​ពី​ផែនទី​ពិភពលោក​ទេ»

របាយការណ៍​ចំនួន ៣​ទំព័រ​របស់​បណ្ដាញ​យុវជន​ជនជាតិ​ដើម​ភាគ​តិច បាន​អំពាវនាវ​ឲ្យ​រដ្ឋសភា រដ្ឋាភិបាល និង​តុលាការ ពិនិត្យ និង​ធ្វើ​វិសោធនកម្ម​ច្បាប់​ដាក់​បញ្ចូល​ខ្លឹមសារ​ឲ្យ​បាន​ពេញលេញ ដើម្បី​ធានា​ការពារ​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច ដាក់​បញ្ចូល​ថ្ងៃ​ទិវា​នៃ​ជនជាតិ​ដើម​ភាគ​តិច​ពិភពលោក​នៅ​ក្នុង​ប្រតិទិន​បុណ្យ​ជាតិ។ លើស​ពី​នេះ​ទៀត ត្រូវ​ដាក់​បញ្ចូល​ឲ្យ​មាន​តំណាង​ជនជាតិ​ដើម​ភាគ​តិច​ពី​សង្គម​ស៊ីវិល​ដែល​មិន​ជាប់​កាតព្វកិច្ច ចូលរួម​ពិគ្រោះ​យោបល់​ជាមួយ​សភា​នូវ​រាល់​សេចក្ដី​សម្រេច​នានា ជាដើម។

បើ​ទោះ​ជា​បែប​ណា ក្រុម​បណ្ដាញ​ជនជាតិ​ដើម​ភាគ​តិច ព្រមាន​ថា ប្រសិន​បើ​សំណើ​នេះ​មិន​ត្រូវ​បាន​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ទេ ពួក​គេ​នឹង​បន្ត​តស៊ូ​មតិ និង​ចង​បណ្ដាញ​ពី​សហគមន៍​មួយ​ទៅ​សហគមន៍​មួយ​ទៀត​នៅ​ទូទាំង​ប្រទេស។ ស្រប​ពេល​ជាមួយ​គ្នា​នេះ ពួក​គេ​នឹង​ដាក់​ញត្តិ​ទៅ​ស្ថាប័ន​ទាំង​៣ គឺ​រដ្ឋសភា រដ្ឋាភិបាល និង​តុលាការ នៅ​ថ្ងៃ​ទី​២៣ វិច្ឆិកា បន្ត​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។