ពលរដ្ឋ​ស្រុក​រុក្ខគិរី​ខេត្ត​បាត់ដំបង​ផ្ដិត​មេ​ដៃ​ស្នើ​ដក​មេ​ឃុំ​ចោទ​ប្រកាន់​បក្ខពួក​និយម

ប្រជាពលរដ្ឋ​ប្រមាណ ៣០០​នាក់​ក្នុង​ចំណោម ៣០០​គ្រួសារ​នៅ​ស្រុក​រុក្ខគិរី ខេត្ត​បាត់ដំបង នាំ​គ្នា​ផ្ដិត​មេ​ដៃ ដើម្បី​ដាក់​ទៅ​អភិបាល​ស្រុក​ស្នើ​ដក​មេ​ឃុំ​ចេញ​ពី​តំណែង ដោយ​ចោទ​ប្រកាន់​ថា មេ​ឃុំ​ទប់ស្កាត់​ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​សហគមន៍​ប្រកាន់​បក្ខពួក​និយម និង​គ្មាន​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ។ មេ​ឃុំ​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ។

ប្រជាពលរដ្ឋ​នៅ​ស្រុក​រុក្ខគិរី សម្ដែង​ការ​មិន​ពេញ​ចិត្ត​ទៅ​នឹង​ការ​ដឹក​នាំ​របស់​មេ​ឃុំ​ស្តុកប្រវឹក ថា​ជា​សកម្មភាព​មួយ​អនុវត្ត​ការងារ​គិត​តែ​ពី​ផល​ប្រយោជន៍​បក្ខពួក​របស់​ខ្លួន ដោយ​មិន​ខ្វល់​ពី​ទុក្ខ​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​នោះ​ទេ។

តំណាង​ប្រជាពលរដ្ឋ​ម្នាក់ គឺ​លោក ជ្រុន ពុធ រស់នៅ​ឃុំ​ស្តុកប្រវឹក ស្រុក​រុក្ខគិរី ខេត្ត​បាត់ដំបង ថ្លែង​នៅ​ថ្ងៃ​ទី​២២ វិច្ឆិកា ថា មេ​ឃុំ​ស្តុកប្រវឹក ទប់ស្កាត់​ការ​ទន្ទ្រាន​ដី​ព្រៃ​សហគមន៍​ព្រៃ​ត្រឡាច ប្រកាន់​បក្ខពួក​និយម។ លោក​អះអាង​ថា កន្លង​ទៅ​មេ​ឃុំ​ចាត់​វិធានការ​មាន​ប្រសិទ្ធភាព​តែ​លើ​ប្រជាពលរដ្ឋ​ក្រីក្រ ហើយ​គ្មាន​អំណាច​ទេ ចំណែក​ឯ​ពលរដ្ឋ និង​មន្ត្រី​មាន​អំណាច​មួយ​ចំនួន រួម​មាន​មន្ត្រី​ទាហាន ប៉ូលិស និង​ក្រុម​ប្រឹក្សា​ស្រុក​រុក្ខគិរី ជាដើម បណ្ដោយ​ឲ្យ​ធ្វើ​សកម្មភាព​រាន​ព្រៃ​សហគមន៍​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​បាន​ដោយ​សេរី៖ «បាទ! កន្លង​មក​មេ​ឃុំ​មិន​ឲ្យ​ប្រជាពលរដ្ឋ​កាប់​ព្រៃ​យក​ដី​ទេ តែ​គាត់​ទុក​ដី​ព្រៃ​នោះ​ឲ្យ​ប្រជាពលរដ្ឋ​បក្ខពួក​គាត់​កាប់​យក​ដី​ជំនួស​វិញ»

ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ មេ​ឃុំ​ស្តុកប្រវឹក លោក អ៊ូ អៀង ទទួល​ស្គាល់​ថា ដី​ព្រៃ​សហគមន៍​ព្រៃ​ត្រឡាច ពិត​ជា​មាន​ប្រជាពលរដ្ឋ​លួច​ទន្ទ្រាន​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ខ្លះ​មែន ប៉ុន្តែ​លោក​អះអាង​ថា ការ​កាប់​រុក​រាន​នោះ ធ្វើ​ឡើង​ដោយ​លួច​លាក់​ទេ។ លោក​ថា ពុំ​បាន​ប្រកាន់​បក្ខពួក​និយម​ក្នុង​ការ​ដោះស្រាយ​ដូច​ការ​ចោទ​ប្រកាន់​របស់​ប្រជាពលរដ្ឋ​ឡើយ៖ «កន្លង​មក​ខ្ញុំ​ជា​មេ​ឃុំ​មិន​ដែល​ទៅ​រវីរវល់​រឿង​ដី​ព្រៃ​សហគមន៍​នោះ​ទេ។ យើង​មាន​តែ​ពន្យល់​ឲ្យ​ប្រជាពលរដ្ឋ​នាំ​គ្នា​ជួយ​ការពារ​ព្រៃ​សហគមន៍​នោះ​ជា​បន្តបន្ទាប់​រហូត​មក»

ទោះ​យ៉ាង​នេះ​ក្ដី មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ផ្ដិត​មេ​ដៃ​ស្នើ​ដក​មេ​ឃុំ​ចេញ​ពី​តំណែង​នេះ គឺ​ជា​ទុក្ខ​លំបាក​របស់​ពួក​គាត់ ដែល​ប្រជាពលរដ្ឋ​យល់​ឃើញ​ថា មេ​ឃុំ​បំពេញ​ភារកិច្ច​ជូន​ប្រជាពលរដ្ឋ​មាន​ភាព​លម្អៀង។ លោក​ថា អភិបាល​ស្រុក​រុក្ខគិរី និង​អាជ្ញាធរ​ខេត្ត​បាត់ដំបង គួរ​បើក​ការ​ស៊ើប​អង្កេត ដើម្បី​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ឆាប់​រហ័ស៖ «បញ្ហា​នេះ ប្រសិន​បើ​អាជ្ញាធរ​ស៊ើប​អង្កេត​ហើយ​រក​ឃើញ​ថា មេ​ឃុំ​ពិត​ជា​បាន​ប្រព្រឹត្ត​ខុស​ដូច​ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ​មែន អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់»

សហគមន៍​ព្រៃ​ត្រឡាច ស្រុក​រុក្ខគិរី មាន​ផ្ទៃ​ដី ១.៣៣២​ហិកតារ។ ប្រជាពលរដ្ឋ​អះអាង​ថា ផ្ទៃ​ដី​ប្រមាណ ៥០០​ហិកតារ ត្រូវ​បាន​ប្រជាពលរដ្ឋ និង​មន្ត្រី​មាន​អំណាច​មួយ​ចំនួន​នៅ​ស្រុក​រុក្ខគិរី ទន្ទ្រាន​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ជា​បន្តបន្ទាប់។ កន្លង​មក ប្រជាពលរដ្ឋ​បាន​តវ៉ា​ឲ្យ​អាជ្ញាធរ​ខេត្ត​បាត់ដំបង បញ្ឈប់​ការ​រុក​រាន​ព្រៃ​សហគមន៍​នោះ​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ទៀត និង​ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្ត បែង​ចែក​ដី​មួយ​ចំនួន​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ក្រីក្រ​យក​ដាំ​ដុះ​ដោះស្រាយ​ជីវភាព​គ្រួសារ ប៉ុន្តែ​ការ​ស្នើ​នេះ​ពុំ​ទាន់​ទទួល​បាន​លទ្ធផល​នៅ​ឡើយ។ ទោះ​យ៉ាង​ណា ប្រជាពលរដ្ឋ​នៅ​តែ​បន្ត​ទាមទារ​ទៀត ហើយ​ធ្លាប់​ស្នើ​ឲ្យ​ដក​នាយ​សង្កាត់​រដ្ឋបាល​ព្រៃ​ឈើ​ឃុំ​ព្រៃស្វាយ ចេញ​ពី​តំណែង​ម្ដង​មក​ហើយ។ នៅ​ចុង​ក្រោយ​នេះ ប្រជាពលរដ្ឋ​ប្រមូល​ស្នាម​មេ​ដៃ​បាន​ប្រមាណ ៣០០​នាក់ ត្រៀម​ដាក់​ទៅ​អាជ្ញាធរ​ស្រុក​ស្នើ​ដក​មេ​ឃុំ​ស្តុកប្រវឹក ចេញ​ពី​តំណែង​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។