កម្ពុជា​នឹង​ចូល​ជា​សមាជិក KFI របស់​កូរ៉េ​នាពេលខាងមុខ​

ភ្នំពេញ: កម្ពុជា​នឹង​ចូល​ជា​សមាជិក KFI (Korea Fire Institute ) នាពេលខាងមុខ តាម​ការស្នើសុំ​របស់​ប្រទេស​កូរ៉េ ។ លោក​សេនីយ៍​ឯក សួស អង្គា​រ៍ អគ្គ​ស្នងការរង​នគរបាលជាតិ បាន​ថ្លែង​ក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​កូរ៉េ ដែល​ដឹកនាំ​ដោយ​លោក Sang Hak Lim ប្រធាន​គ្រប់គ្រង​គម្រោង​នៃ​វិទ្យាស្ថាន​អគ្គិភ័យ​កូរ៉េ កាលពី​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ។​

​លោក Sang Hak Lim ប្រធាន​គ្រប់គ្រង​គម្រោង​នៃ​វិទ្យាស្ថាន​អគ្គិភ័យ​កូរ៉េ បានស្នើ​ឲ្យ​កម្ពុជា​ចូលរួម​ជា​សមាជិក KFI របស់​កូរ៉េ ដើម្បី​ឲ្យ​កម្ពុ​ជាមាន​សមត្ថភាព​ក្នុង​កិច្ច​ការបង្ការ​អគ្គិភ័យ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធិភាព​ខ្ពស់ ហើយ​លោក​ក៏បាន​ស្នើ​ដល់​ថ្នាក់ដឹកនាំ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​អញ្ជើញ​ទៅ​ទស្សនកិច្ច​នៅ​ទីស្នាក់ការ​របស់ KFI ផ្ទាល់ ជាពិសេស​ចូលរួម​តាំងពិព័រណ៍ នៅ​ប្រទេស​កូរ៉េ​ផងដែរ ។​

​ឆ្លើយតប​ទៅនឹង​ការស្នើសុំ​របស់ លោក Sang Hak Lim លោក​ឧ​ត្ត​ម​សេនីយ៍​ឯក សួស អង្គា​រ៍ បាន​មានប្រសាសន៍ថា ជំនួសមុខ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ក៏ដូចជា​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក​មាន​សេចក្ដីសោមនស្ស​រីករាយ​ជាខ្លាំង ក្នុងការ​ត្រៀមខ្លួន​ចូល​ជា​សមាជិក​នៃ KFI ។ លោក​ក៏បាន​ស្នើ​ឲ្យ​ភាគី​កូរ៉េ ជួយ​រៀបចំ​ឯកសារ​ផងដែរ ។​

​នាឱកាស​នោះដែរ លោក​ក៏បាន​លើកឡើង​ដែរ​ថា ការចូល​ជា​សមាជិក KFI គឺមាន​ផលប្រយោជន៍​ច្រើនណាស់​សម្រាប់​កម្ពុជា ក្នុងការ​បង្ការ​អគ្គិភ័យ និង​សង្គ្រោះ និង​ស្នើ​ដល់​គណៈប្រតិភូ​កូរ៉េ​ជួយ​គាំទ្រ​ឧបត្ថម្ភ​សម្ភារ​អគ្គិភ័យ​ដល់​កម្ពុជា ។​

​លោក​ក៏បាន​ថ្លែងអំណរគុណ​ដល់​គណៈប្រតិភូ ក៏ដូចជា​រដ្ឋាភិបាល​កូរ៉េ ដែល​តែងតែ​ជួយឧបត្ថម្ភ​ដល់​កម្ពុជា​នាពេល​កន្លងមក និង​ជូនពរ​ដល់​ដំណើរ​ទស្ស​កិច្ច​របស់​គណៈប្រតិភូ​ជោគជ័យ និង​ត្រឡប់​ទៅវិញ​ប្រកបដោយ​សុខ​សុវត្ថិភាព ៕​

កម្ពុជា​នឹង​ចូល​ជា​សមាជិក KFI របស់​កូរ៉េ​នាពេលខាងមុខ​

កម្ពុជា​នឹង​ចូល​ជា​សមាជិក KFI របស់​កូរ៉េ​នាពេលខាងមុខ​