បណ្តា​ធនាគារ​ក្នុងស្រុក​រួសរាន់​ប្រតិបត្តិ​តាម​ការ​ធ្វើ​និយ័ត​កម្ម​របស់​ធនាគារកណ្តាល

ប្រទេស​វៀតណាម ៖ បណ្តា​ធនាគារពាណិជ្ជ​មួយ​ចំនួន​កំពុង​ប្រឈម​នឹង​ការ​ដក​ទុន​វិនិយោគ​ពី​ធនាគារ​ផ្សេង​ៗ ដើម្បី​ធានា​លើ​ការ​ប្រតិបត្តិ​តាម​ការ​ធ្វើ​និយ័ត​កម្ម​លើ​ការ​កំណត់​ភាព​ជា​ម្ចាស់​របស់​ធនាគារ​រដ្ឋ​វៀតណាម SBV នៅ​ដើមឆ្នាំ​២០១៦ ។

ក្រោម​សារាចរ​លេខ​៣៦ របស់​ធនាគារ​រដ្ឋ​វៀតណាម ដែល​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​១ កុម្ភៈ ២០១៦ ចែង​ថា ធនាគារពាណិជ្ជ​មួយ​អាច​កាន់កាប់​ភាគហ៊ុន​មួយ​មិន​ឲ្យ​លើស​ពី​២​ក្នុង​ធនាគារ​ផ្សេង​ឡើយ លើកលែងតែ​ធនាគារ​ដទៃ​នោះ​ជា​សាខា​របស់​ខ្លួន ។ ចំណែក​ទំហំ​ហ៊ុន​របស់​គ្រឹះស្ថាន​ឥណទាន​ដទៃ ត្រូវ​តែ​មិន​លើស​ពី​៥% នៃ​ហ៊ុន​ដែល​មាន​សិទ្ធិ​ក្នុង​ការ​បោះ​ឆ្នោត​សម្រេច​លើ​កិច្ចការ​អ្វីមួយ ។

មាន​តែ​ធនាគារ​មួយ​ចំនួន​ប៉ុណ្ណោះ​ដែល​នឹង​ដកដង្ហើម​បាន​ធូរស្បើយ បន្ទាប់​ពី​ទិញ​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ដែល​ពួក​គេ​បាន​ផ្តល់​នូវ​មូលធន ។

ជាក់ស្តែង ក្រុមហ៊ុន Techombank បាន​ទិញ Vinachem Finance, ក្រុមហ៊ុន VPBank បាន​ទិញ Vinacomin Finance និង​ក្រុមហ៊ុន HDBank បាន​ទិញ SGVF ជាដើម ។

ក្រុមហ៊ុន Vinaconex Viettel Finance Company កាន់កាប់​ដោយ SHB ហើយ Maritime Bank បាន​បញ្ចូល​គ្នា​ជាមួយ MDB និង Vinatex Finance Company ដែរ ក្នុង​នោះ​ក្រុមហ៊ុន​បាន​កាន់កាប់​ហ៊ុន​១០% និង​១១% រៀង​ៗ​ខ្លួន ។

ទោះជា​យ៉ាងណា យោង​តាម​កាសែត Nguoi Lao Dong ថា មាន​ធនាគារ​ខ្លះ​ទៀត​មិន​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ដក​ចេញ​នូវ​មូលធន​នៅឡើយ​ទេ ដើម្បី​កាត់​បន្ថយ​អនុ​បាត​ភាព​ជា​ម្ចាស់​មក​នៅ​ក្រោម​៥% ដូចដែល​បាន​ចែង​ក្នុង​សារាចរ​ខាងលើ ។

ថ្មី​ៗ​នេះ Vietcombank នៅ​តែ​កាន់កាប់​ហ៊ុន​ក្នុង​ធនាគារ​ពីរ​ដដែល ក្នុង​នោះ​អនុ​បាត​ភាព​ជា​ម្ចាស់​របស់​ខ្លួន គឺ​មាន​កម្រិត​ខ្ពស់​ជាង​កម្រិត​អនុញ្ញាត​ទៅ​ទៀត ។

Vietcombank បច្ចុប្បន្ន​កាន់កាប់​៧,១% នៃ​មូលធន​ក្នុង​ធនាគារ​យោធា និង​៥,០៧% នៃ​ហ៊ុន​របស់ OCB ។

ចំណែក VietinBank ក៏​កាន់កាប់​១០,៣%​នៃ​ហ៊ុន​របស់ Saigon Bank ខណៈ​អនុ​បាត​ភាព​ជា​ដៃគូ​របស់ Maritime Bank ក្នុង​ធនាគារ​យោធា Military Bank ក៏​លើស​ពី​កម្រិត​អនុញ្ញាត​ដែរ​គឺ ៨,៩% ។ រីឯ Eximbank នៅ​តែ​កាន់កាប់​ហ៊ុន​ក្នុង​គ្រឹះស្ថាន​ឥណទាន​ចំនួន​៤​ដដែល រាប់​បញ្ចូល​៨,៧៦% នៃ​ហ៊ុន​របស់ Sacombank ។

មន្ត្រីជាន់ខ្ពស់​មក​ពី​បណ្តា​ធនាគារ​ទាំងនោះ​អះអាង​ថា ពួក​គេ​នឹង​ព្យាយាម​ដក​មូលធន​ចេញពី​ធនាគារ​ដទៃ ដើម្បី​សម្រេច​បាន​តាម​ការ​ធ្វើ​និយ័ត​កម្ម​របស់​ធនាគារកណ្តាល ។
ប្រធាន​ធនាគារ Vietcombank លោក Nghiem Xuan Thanh ថ្លែង​ថា ៖ «​ធនាគារ​របស់​លោក​នឹង​កាត់​បន្ថយ​អនុ​បាត​ភាព​ជា​ម្ចាស់​នៅ​ធនាគារ​ដទៃ​ឲ្យ​តិច​ជាង​៥% ដើម្បី​សម្រេច​បាន​តាម​លក្ខខណ្ឌ​កំណត់​របស់​ធនាគារកណ្តាល​» ។

ដោយឡែក លោក Le Duc Tho អគ្គនាយក​គ្រប់គ្រង​របស់ Vietinbank មាន​ប្រសាសន៍​ថា ៖ «​ធនាគារ​របស់​លោក​កំពុង​ប្រតិបត្តិ​នូវ​គម្រោង​លក់​ភាគហ៊ុន​ក្នុង Saigon Bank ដើម្បី​កាត់​បន្ថយ​ហ៊ុន​របស់​ខ្លួន​ក្នុង​ធនាគារ​នោះ​ពី​១០,៣% ឲ្យ​មក​នៅ​តិច​ជាង​៥% តាម​សារាចរ​» ។

ទោះជា​យ៉ាងណា អ្នកវិភាគ​លើក​ឡើង​ថា នឹង​មិន​ងាយស្រួល​ឡើយ​សម្រាប់​ធនាគារ​នានា​លក់​ភាគហ៊ុន ស្រប​ពេល​ទីផ្សារ​ហ៊ុន​បច្ចុប្បន្ន​មិន​ទាន់​មាន​ភាពរឹងមាំ​គ្រប់គ្រាន់​ដើម្បី​ដក​ចេញ​នោះ ។
គួរ​រំឭក​ថា កាលពី​ស​ប្តា​ហ៍​មុន​ក្រុមហ៊ុន​អគ្គិសនី​វៀតណាម​លក់​ចេញ​បាន​ត្រឹមតែ​៤០​លាន​ហ៊ុន​ប៉ុណ្ណោះ ក្នុង​ចំណោម​៨១,៥​លាន​ហ៊ុន​ដែល​បាន​ដាក់​លក់​ដេញថ្លៃ​ក្នុង​តម្លៃ​ដើម​១​ម៉ឺន​ដុ​ង​ក្នុង​មួយ​ហ៊ុន ។

Viet Nam Post និង Telecommunications Group(VNPT) ក៏​គ្រោង​លក់​ឲ្យ​បាន​៧១,៥​លាន​ហ៊ុន​ដែរ​នៃ​ភាគហ៊ុន​ក្នុង​ធនាគារ Maritime Bank ក្នុង​តម្លៃ​ដើម​១១,៧០០​ដុ​ង​ក្នុង​មួយ​ហ៊ុន ខណៈ Sai Gon Tourism Corporation បាន​ប្រកាស​នឹង​លក់​ចេញ​ជាង​១០,៧​លាន​ហ៊ុន​នៃ​ភាគហ៊ុន​ក្នុង Sai Gon Bank ក្នុង​តម្លៃ​ដើម​៩.៧៥៦​ដុ​ង​ក្នុង​មួយ​ហ៊ុន នៅ​ថ្ងៃ​ទី​២ ធ្នូ ខាង​មុខ​នេះ ៕