ព្រឹត្តិការណ៍​រត់​ជាន់​គ្នា​នៅ​ស្ពាន​ពេជ្រ​បន្សល់​ការ​ឈឺ​ចាប់​ក្នុង​ចិត្ត​ក្រុម​គ្រួសារ​ជន​រងគ្រោះ

អស់​រយៈពេល ៥​ឆ្នាំ​មក​ហើយ ដែល​ព្រឹត្តិការណ៍​មនុស្ស​រត់​ជាន់​គ្នា​ស្លាប់​លើ​ស្ពាន​ពេជ្រ បាន​កន្លង​ផុត​ទៅ។ អតីត​កាល​ដ៏​ឈឺ​ចាប់​នេះ មិន​អាច​លុប​ចេញ​អស់​ពី​ចិត្ត​នៃ​ក្រុម​គ្រួសារ​ជន​រងគ្រោះ​បាន​ឡើយ ត្បិត​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​ពួក​គេ​បាន​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម។ ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ គឺ​ជា​ថ្ងៃ​គម្រប់​ខួប ៥​ឆ្នាំ​នៃ​ការ​ស្លាប់​របស់​ជន​រងគ្រោះ ហើយ​ក៏​ជា​ពេល​ដែល​ក្រុម​គ្រួសារ​របស់​គេ​មួយ​ចំនួន ប្រារព្ធ​ពិធី​បង្សុកូល​រំឭក​វិញ្ញាណក្ខន្ធ​ដល់​អ្នក​ស្លាប់​ផង​ដែរ។

ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២២ វិច្ឆិកា ព្រះអាទិត្យ​បញ្ចេញ​រស្មី​យ៉ាង​ច្បាស់​ចាំង​ផ្លេកៗ​ជាមួយ​ផ្ទៃ​ទឹក​ទន្លេ​ចតុមុខ។ មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​រាប់​រយ​នាក់ ក្នុង​សម្លៀកបំពាក់​ពណ៌​ស ធ្វើ​ដំណើរ​សំដៅ​ទៅ​កាន់​ស្តូប​រំឭក​វិញ្ញាណក្ខន្ធ​ជន​រងគ្រោះ​ដែល​បាន​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​រត់​ជាន់​គ្នា ដែល​សង់​នៅ​ទល់​មុខ​អតីត​ស្ពាន​ពេជ្រ ទាំង​ទឹក​មុខ​ស្រពាប់​ស្រពោន។

ម៉ោង​ប្រមាណ​ជា ៧​ព្រឹក ក្រុម​គ្រួសារ អ្នកស្រី មួន ផល្លី ដែល​រួម​មាន​ស្វាមី កូន​ស្រី និង​ចៅ​ស្រី​ម្នាក់ រួម​ទាំង អ្នកស្រី មួន ផល្លី ផង បាន​មក​ដល់​រោង​ពិធី​រំឭក​វិញ្ញាណក្ខន្ធ​ដែល​ត្រូវ​បាន​សង់​នៅ​ទល់​មុខ​ស្តូប​ជន​រងគ្រោះ។ អ្នកស្រី មួន ផល្លី អាយុ ៥៨​ឆ្នាំ បាន​បាត់បង់​កូន​ស្រី​បង្កើត ២​នាក់ និង​កូនប្រសា​ប្រុស​ម្នាក់ ក្នុង​ព្រឹត្តិការណ៍​មនុស្ស​រត់​ជាន់​គ្នា​ស្លាប់​នៅ​លើ​ស្ពាន​ពេជ្រ កាល​ពី ៥​ឆ្នាំ​មុន។

កូន​ស្រី​របស់ អ្នកស្រី មួន ផល្លី ទាំង​ពីរ​នាក់​មាន​ឈ្មោះ ជឿន ម៉ានី អាយុ ៣០​ឆ្នាំ និង ជឿន ធារៈ អាយុ ២០​ឆ្នាំ។ ចំណែក​កូនប្រសា​ប្រុស​មាន​ឈ្មោះ ចៅ ច័ន្ទពិសី អាយុ ២២​ឆ្នាំ។ អ្នកស្រី មួន ផល្លី បាន​និយាយ​ដោយ​សម្ដី​អួល​ដើម​ក​ថា អ្នកស្រី​នឹក​កូនៗ​ដែល​ស្លាប់​បាត់​បង់​ជីវិត​ខ្លាំង​ណាស់ នឹក​រហូត​ដល់​ចង់​បាត់បង់​ស្មារតី​ម្តងម្កាល។ អ្នកស្រី​បន្ត​ថា ស្នាម​របួស​នេះ​នឹង​ស្ថិត​នៅ​ជា​ស្រមោល​អន្ទោល​តាម​ប្រាណ​រហូត​ដល់​ដំណាក់​កាល​ចុង​ក្រោយ​នៃ​ជីវិត​របស់​អ្នកស្រី៖ «អ្នក​មិន​ដែល​មាន​ទុក្ខ​អត់​ដឹង​ថា ទុក្ខ​ហ្នឹង​ប៉ុណ្ណា​ទេ។ ទុក្ខ​មួយ​ជីវិត នឹក​កូន​ណាស់! នៅ​ពេល​ដែល​កូន​ស្លៀកពាក់​ចេញ​ទៅ​ធ្វើ​ការ ស្រឡាញ់​កូន​ណាស់​អូន។ ទឹក​ចិត្ត​ម្តាយ​ស្រឡាញ់​កូន​ណាស់ ទោះ​បី​ក្រ​ប៉ុន្មាន​ក៏ដោយ ឲ្យ​កូន​តស៊ូ​រៀន ទូល​កញ្ច្រែង​ចិញ្ចឹម​កូន។ ម្តាយ​អូន​ឯង​ក៏​ដូច​គ្នា ដូច​អ៊ំ​អ៊ីចឹង អត់​ខុស​គ្នា​ទេ​ទឹក​ចិត្ត​ម្តាយ ទោះ​បី​ក្រ​លំបាក​ប៉ុណ្ណា​ក៏ដោយ គឺ​នៅ​តែ​ស្រឡាញ់​កូន។ គ្មាន​អ្វី​ធំ​ជាង​ជីវិត​កូន​យើង​ទេ»

នៅ​ខាង​ស្តាំ​ដៃ អ្នកស្រី មួន ផល្លី គឺ​ជា​ក្មេង​ស្រី​តូច​ម្នាក់​អាយុ ៥​ឆ្នាំ។ នាង​តូច​នោះ​មាន​ឈ្មោះ សី វី រចនា ជា​ចៅ​ស្រី​របស់ អ្នកស្រី មួន ផល្លី ដែល​បាន​ព្រាត់ប្រាស​ឪពុក​តាំង​តែ​ពី​នាង​មាន​អាយុ ៧​ខែ​មក​ម្ល៉េះ។ អ្នកស្រី មួន ផល្លី បាន​បញ្ជាក់​ថា ចៅ​ស្រី​ជា​ទី​ស្រឡាញ់​របស់​គាត់​នេះ តែង​តែ​សួរ​នាំ​ពី​ឪពុក​របស់​ខ្លួន និង​តែង​គិត​ថា ឪពុក​នាង​នៅ​រស់​នៅ​ឡើយ៖ «វា​ទូរស័ព្ទ​ទៅ​អា​ម៉ា (ជីដូន) វា​នៅ​កំពង់ចាម ថា អា​ម៉ា​ឯង​កុហក។ អា​ម៉ា​ឯង​យក​ប៉ា​អូន​ណា​លាក់ ហើយ​អា​ម៉ា​ថា​ប៉ា​សី​អូន​ណា​ស្លាប់។ អូន​ណា​អត់​ជឿ​ទេ។ ចាំ​មើល​តែ​ប៉ា​សី​អូន​ណា​រស់​ឡើង​វិញ អូន​ណា​លែង​ស្រឡាញ់​អ្នក​ណា​ទាំងអស់។ អូន​ណា​ស្រឡាញ់​តែ​ប៉ា​អូន​ណា​ទេ។ ចាំ​មើល​អូន​ណា​ទៅ​ចេតិយ ប៉ា​អូន​ណា​ផ្គុំ​ឆ្អឹង​ទៅ ប៉ា​អូន​ណា​រស់​ឡើង​វិញ អូន​ណា​ស្រឡាញ់​តែ​ប៉ា​សី​មួយ​ទេ»

កូន​ស្រី​របស់ អ្នកស្រី មួន ផល្លី ដែល​ត្រូវ​ជា​ម្តាយ​របស់ កុមារី សី វី រចនា ឈ្មោះ ជឿន ស្រីរ័ត្ន បាន​បញ្ជាក់​ថា រយៈពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ អ្នកស្រី​នៅ​តែ​នឹក​រឭក​ស្វាមី​ជានិច្ច។ តាម​រយៈ​ទឹក​ចិត្ត​ស្រឡាញ់​ស្មោះ​ស្ម័គ្រ​ចំពោះ​ស្វាមី អ្នកស្រី ជឿន ស្រីរ័ត្ន ក្នុង​វ័យ ២៨​ឆ្នាំ អះអាង​ថា អ្នកស្រី​នឹង​ប្រឹងប្រែង​ចិញ្ចឹម​កូន​ឲ្យ​ធំ​ដឹង​ក្តី ដោយ​មិន​សាង​គ្រួសារ​ជាមួយ​អ្នក​ផ្សេង​ទៀត​ឡើយ៖ «នឹក​ឃើញ​គាត់​ធ្លាប់​នៅ​ជាមួយ​គ្នា ដើរ​លេង​ជាមួយ​គ្នា​អ៊ីចឹង វា​មាន​រឿង​ច្រើន។ នៅ​តែ​នឹក​គាត់ នឹក​ខ្លាំង​ណាស់»

ព្រឹត្តិការណ៍​មនុស្ស​រត់​ជាន់​គ្នា​ស្លាប់​លើ​ស្ពាន​ពេជ្រ កាល​ពី​យប់​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១០ គឺ​ជា​ព្រឹត្តិការណ៍​ដ៏​អាក្រក់​បំផុត​សម្រាប់​កម្ពុជា ក្នុង​រយៈពេល​ជាង ៣០​ឆ្នាំ​កន្លង​មក​នេះ។ មនុស្ស​ជាង ៣៥០​នាក់​ដែល​ភាគ​ច្រើន​ស្ថិត​ក្នុង​វ័យ​សកម្ម និង​ពេញ​កម្លាំង បាន​បាត់​បង់​ជីវិត និង​ជាង ៤០០​នាក់​ផ្សេង​ទៀត បាន​រង​របួស។

ភ្លាមៗ​ក្រោយ​កើត​ហេតុ រដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មការ​ទទួល​បន្ទុក​ដោះស្រាយ​ករណី​ព្រឹត្តិការណ៍​នៅ​លើ​ស្ពាន​កោះ​ពេជ្រ ដែល​មាន​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន ជា​ប្រធាន។ ក្រោយ​ការ​ស៊ើប​អង្កេត​ជាង ១​សប្ដាហ៍ គណៈកម្មការ​នេះ​បាន​ប្រកាស​ពី​មូលហេតុ​ថា បណ្ដាល​មក​ពី​ភាព​ភ័យ​ស្លន់ស្លោ​រត់​ជាន់​គ្នា មិន​មែន​ដោយសារ​ការ​ឆក់​ខ្សែ​ភ្លើង អំពើ​ភេរវកម្ម ឬ​ជា​អំពើ​ឃាតកម្ម​គ្រោង​ទុក​ជា​មុន​នោះ​ទេ។

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល រួម​ទាំង​លោក​នាយក​រដ្ឋមន្ត្រី​ផង បាន​ទទួល​ស្គាល់​ថា នេះ​ជា​កំហុស​របស់​រដ្ឋាភិបាល​ដែល​គ្រប់គ្រង​ស្ថានការណ៍​មិន​បាន ហើយ​នេះ​នឹង​ក្លាយ​ជា​មេ​រៀន ឬ​បទពិសោធន៍​សម្រាប់​ការ​ពង្រឹង​វិធានការ​សន្តិសុខ និង​សុវត្ថិភាព​សម្រាប់​ព្រឹត្តិការណ៍​ធំៗ​នៅ​ថ្ងៃ​មុខ​ទៀត។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ គ្មាន​មន្ត្រី និង​អ្នក​ពាក់ព័ន្ធ​ណា​ម្នាក់ ចេញ​មុខ​ទទួល​ខុស​ត្រូវ​ចំពោះ​ហេតុការណ៍​ដ៏​រន្ធត់​នោះ​ទេ។ លើស​ពី​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថែម​ទាំង​ប្រកាស​ថា គ្មាន​មន្ត្រី​រដ្ឋាភិបាល និង​សមត្ថកិច្ច​ណា​មួយ នឹង​ត្រូវ​នាំ​ទៅ​កាត់​ទោស ឬ​តម្រូវ​ឲ្យ​លា​លែង​ពី​តំណែង​នោះ​ទេ៖ «គេ​ថា យើង​អសមត្ថភាព គឺ​ជា​រឿង​ត្រឹមត្រូវ ប៉ុន្តែ​សុំ​សួរ​ទៀត​ថា ចុះ​បើ​អសមត្ថភាព​ហើយ​ម៉េច​មិន​លា​លែង? ខ្ញុំ​សួរ​បញ្ជាក់​ទៅ​វិញ​ថា តើ​ប្រធានាធិបតី ប៊ូស (Bush) បាន​លា​លែង​ពី​តំណែង​ទេ? ព្រោះ​អ្នក​ដែល​បាន​លើក​ឡើង​ហ្នឹង ច្រើន​តែ​ប្រ៉ូ​អាមេរិកាំង។ ព្រឹត្តិការណ៍​នៅ​អាមេរិក អាច​ទប់ស្កាត់​បាន ព្រោះ​គេ​បាន​ព្រមាន​រួច​ហើយ​ថា នឹង​មាន​ភេរវកម្ម។ នៅ​ពេល​ដែល​យន្តហោះ​បុក​អគារ​ពាណិជ្ជកម្ម​ពិភពលោក តើ​ចៅហ្វាយ​ក្រុង​ញីវយ៉ក (New York) លា​លែង​ទេ? តើ​ប្រធានាធិបតី ប៊ូស (George W. Bush) លា​លែង? តើ​ដូណាលដ៍ រ៉ាំស្វែលដ៍ (Donald Rumsfeld) រដ្ឋមន្ត្រី​ការពារ​ជាតិ​របស់​អាមេរិក លា​លែង​ទេ?»

កាល​នោះ រដ្ឋាភិបាល​កម្ពុជា បាន​ផ្តល់​ប្រាក់​សំណង​សម្រាប់​ក្រុម​គ្រួសារ​ជន​រងគ្រោះ​ចំនួន ១​ម៉ឺន ២​ពាន់​ដុល្លារ​អាមេរិក ចំពោះ​អ្នក​ស្លាប់​ម្នាក់។ ប្រការ​នេះ ធ្វើ​ឲ្យ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​អ្នក​ច្បាប់​មួយ​ចំនួន​រិះគន់​ថា អាជ្ញាធរ និង​អ្នក​ពាក់ព័ន្ធ មិន​បាន​បង្ហាញ​ការ​ទទួល​ខុស​ត្រូវ​ពេញលេញ និង​សមស្រប​នឹង​ការ​បាត់បង់​របស់​ជន​រងគ្រោះ និង​សាច់ញាតិ​នោះ​ឡើយ។

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត លើក​ឡើង​ថា រដ្ឋាភិបាល​មិន​គួរ​គ្រាន់​តែ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ឲ្យ​តែ​ល្អ​មើល ហើយ​ទីបំផុត យក​លេស​ថា វា​ជា​ឧបទ្ទវហេតុ រួច​បំភ្លេច​ចោល​នោះ​ទេ ពីព្រោះ​វា​អាច​នឹង​ក្លាយ​ជា​គំរូ​នៃ​ភាព​មិន​ទទួល​ខុស​ត្រូវ៖ «បើ​យើង​និយាយ​អំពី​សំណង​យូរ​អង្វែង​ចំពោះ​ពួក​គាត់ ដែល​ក្លាយ​ជា​ពិការ​មួយ​ជីវិត ឬ​ក៏​មិន​អាច​ប្រកប​មុខ​របរ​អី​បាន វា​ត្រូវ​តែ​មាន​ការ​ទទួល​ខុស​ត្រូវ​លើ​សំណង​ណា​មួយ សម្រាប់​ពួក​គាត់​បន្ត​ទៅ​ទៀត។ នេះ​យើង​មិន​និយាយ​ទៅ​ដល់​ការ​ស្រាវជ្រាវ និង​ស៊ើប​អង្កេត​រក​អ្នក​ដែល​ទទួល​ខុស​ត្រូវ​រឿង​ព្រហ្មទណ្ឌ ឬ​ក៏​អ្នក​ទទួល​ខុស​ត្រូវ​ទៅ​លើ​ព្រឹត្តិការណ៍​នោះ​ទេ»

ការ​លើក​ឡើង​របស់ លោក អំ សំអាត ហាក់​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត ត្បិត​ក្រុម​គ្រួសារ​ជន​រងគ្រោះ​មួយ​ចំនួន នៅ​តែ​គិត​ថា ការ​ផ្តល់​ប្រាក់​សំណង​របស់​រដ្ឋាភិបាល គឺ​គ្រប់គ្រាន់​សម្រាប់​ពួក​គេ ផ្ទុយ​ពី​ការ​ពិត​ដែល​ថា ពួក​គេ​គួរ​តែ​ទទួល​បាន​សំណង ឬ​ការ​ប៉ះប៉ូវ​ផ្លូវ​ចិត្ត​បន្ថែម​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។