ទីក្រុង ព្រុចសែល​នៅ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត​ខណៈ​ពេល​ដែល​ប៉ូលីស​ស្វែង​រក​ជនសង្ស័យ​ការ​វាយប្រហារ​ទីក្រុង​​ ប៉ារីស

ទីក្រុង ព្រុចសែល​នៅ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត​ខណៈ​ពេល​ដែល​ប៉ូលីស​ស្វែង​រក​ជនសង្ស័យ​ការ​វាយប្រហារ​ទីក្រុង​​ ប៉ារីស

ទាហាន​ប៊ែលស៊ិក​ម្នាក់ឈរយាម Grand Place របស់​ទីក្រុងព្រុចស៊ែល នៅពេលប៉ូលីសបានឆែកឆេរ​តំបន់​នោះអំឡុងពេលមាន​​ការរក្សា​សន្តិសុខ​ខ្ពស់​នៅ​តែ​បន្តបន្ទាប់​ពីការវាយ​ប្រហារដ៏សាហាវនៅ​ទីក្រុង​ប៉ារីស​ថ្មីៗ​នេះ ក្នុង​ទី​ក្រុង​ព្រុចសែល ​ប្រទេស​ប៊ែលស៊ិក ថ្ងៃទី២២ ខែវិច្ឆិកា​ ឆ្នាំ២០១៥

លោក​នាយ​ករដ្ឋមន្ត្រី Charles Michel បាន​មាន​ប្រសាសន៍ កាល​ពីថ្ងៃអាទិត្យបន្ទាប់​ពី​កិច្ច​ប្រជុំ​នៃក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិមួយ​ថា​ នៅ​ថ្ងៃ​ចន្ទ័នេះ​ប្រទេស ប៊ែលស៊ិក នឹង​រក្សា​ទុក​កម្រិត​នៃ​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​បំផុត​របស់​ខ្លួន​នៅ​ក្នុង​រាជធានី ថែមទាំង​បិទ​សាលារៀន​ចំ​ពេល​ដែល​មាន​ការ​គំរាម​កំហែងធ្ងន់ធ្ងរ​និង​ជាក់លាក់​មួយអំពី​ការ​វាយ​ប្រហារ​ភេរវកម្ម។​

ចំនែក​តំបន់ផ្សេងៗ​ទៀត​របស់​ប្រទេស​នេះ​នឹងស្ថិត​នៅ​ក្នុង​លំដាប់​ទីបីនៃ​ការ​គំរាមកំហែង​នៅ​លើ​កម្រិត​ទាំង​អស់​ដែល​មាន​បួន​លំដាប់។

មន្ត្រី​ជាន់ខ្ពស់​ម្នាក់​បាន​និយាយ​ថា​កងកម្លាំង​សន្តិសុខ ប៊ែលស៊ិក កំពុង​ស្វែង​រក​ចាប់ខ្លួន​ជន​សង្ស័យមួយ​ចំនួន​ដែលពាក់ព័ន្ធ​ជាមួយ​ការ​វាយ​ប្រហារ​ភេរវកម្ម​កាល​ពី​ពេល​ថ្មីៗនេះ​នៅ​ក្នុងទីក្រុង​ Paris ដោយអ្នក​រស់នៅ​ទីក្រុង​ព្រុចសែល ​កំពុង​ប្រឈមមុខនឹងការ​យាម​ល្បាត​មាំទាំ​នៅ​ក្នុង​ការ​បិទ​ផ្លូវ​ទ្រង់ទ្រាយ​ធំ​ក្នុង​ទីក្រុង។ប្រព័ន្ធរទេះភ្លើង​ក្រោមដី​របស់​ក្រុង​ នៅ​តែ​បិទនៅ​ឡើយ​នៅ​ថ្ងៃ​ចន្ទ័នេះ។​

លោករដ្ឋមន្ត្រីក្រសួងមហា​ផ្ទៃ​ ​Jan Jambon បាន​និយាយ​ថា​អាជ្ញាធរជាច្រើនកំពុងស្វែង​រក​ចាប់ខ្លួន​ជន​សង្ស័យ​ម្នាក់​ឈ្មោះ Salah Abdeslam ដែល​គេ​ជឿ​ថា​បាន​ចូលក្នុង​ប្រទេស ប៊ែលស៊ិក ភ្លាមៗក្រោយ​ពី​មានការ​បាញ់កាំភ្លើង​ស៊ីគ្នា​មួយ​ និង ​ការបំផ្ទុះ​គ្រាប់បែក​ក្នុង​ក្រុង​ Paris​ ដែល​បាន​បណ្តាល​ឱ្យ​មនុស្ស​១៣០នាក់​ស្លាប់ និងស្វែងរកជន​សង្ស័យ​ផ្សេងទៀត​ទាក់ទិន​នឹងការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​ទី​១៣ខែ​វិច្ឆិកាដែល​បាន​ត្រូវអះអាង​ទាមទារ​ការ​ទទួល​ខុស​ត្រូវ​ដោយ​ក្រុម​រដ្ឋ​ឥស្លាម។

លោកនាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ ប៊ែលស៊ិក បាន​ព្រមាន​ថា​ បុគ្គល​មួយ​ចំនួន​ដែល​មានគ្រឿង​អាវុធនិងគ្រឿងផ្ទុះ​អាច​ធ្វើការ​វាយ​ប្រហារ​នៅ​ក្នុង​មួយតំបន់ឬ​ច្រើន​ នៅ​ខាងក្នុង​និង​នៅជុំវិញរដ្ឋធានី៕