គ្មាន​វាចានឹងថ្លែងទេ ចោរ​ឆក់​កាបូប​យកទៅបាត់ សមត្ថកិច្ច​រុញគ្នាទៅវិញទៅមក​

រាជធានី​ភ្នំពេញ ៖ ចេញពី​ស៊ី​ការ​ចោរឆក់​កាបូប​បាន​សម្រេច​ហើយ​សមត្ថកិច្ច​ធាក់​ម៉ូតូ​ផ្តួល​ជនសង្ស័យ​ម្នាក់​លោត​ចុះ​ក្នុង​ទឹក និង​ម្នាក់​ទៀត រត់គេច​ខ្លួន​បាត់​នៅ​សល់​តែ​ម៉ូតូ បែរជា​សមត្ថកិច្ច​រុញ​គ្នា​ទៅ​វិញ​ទៅ​មក​ថា​មិនមែន​ទឹកដី​របស់​គាត់​ទេ ។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​០៩ និង​២៣​នាទី​យប់​ថ្ងៃ​ទី​២២ វិច្ឆិកា ស្ថិត​ចំណុច​នៅ​លើ​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី ក្នុង​សង្កាត់​ច្បារ​អំពៅ​១ ខណ្ឌ​ច្បារ​អំពៅ ។

នារី​រង​គ្រោះ​ឈ្មោះ​សិន ធី អាយុ​២៣​ឆ្នាំ ជា​ជនជាតិ​វៀតណាម ស្នាក់​នៅ​សង្កាត់​ច្បារ​អំពៅ​ទី​២ ខណ្ឌ​ច្បារ​អំពៅ រួម​ដំណើរ​ជាមួយ​ឈ្មោះ​ធី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជា​អ្នក​បើក​ម៉ូតូ​ម៉ាក PCX ពណ៌​ខ្មៅ ពាក់​ស្លាក់​លេខ​ភ្នំពេញ 1CM-6784 កាបូប​លុយ​ដែល​ជន​សង្ស័យ​ឆក់​យក​ទៅ​បាត់​នោះ​មាន​លុយ​ជិត​២០០​ដុល្លារ និង​ទូរស័ព្ទ​អាយ​ហ្វូ​ន​ហ្វា​យ​មួយ​គ្រឿង ។ ចំណែក​ជនសង្ស័យ​មាន​គ្នា​២​នាក់ ជិះ​ម៉ូតូ​ម៉ាក MSK ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1FH-5108 ។

ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ពួក​គាត់​ទាំង​២​នាក់​ទើបនឹង​ចេញពី​ស៊ី​ការ​មិត្តភក្តិ​នៅ​មជ្ឈមណ្ឌល​ម៉ុង​ឌី​យ៉ា​ល់ ធ្វើ​ដំណើរ​ទិស​ដៅ​ពី​លិចទៅ​កើត គោលបំណង​ត្រឡប់​ទៅ​ផ្ទះ​នៅ​សង្កាត់​ច្បារ​អំពៅ​ទី​២ ខណ្ឌ​ច្បារ​អំពៅ ខណៈ​ពេល​ជិះ​ម៉ូតូ​មក​ដល់ ពាក់កណ្តាល​ស្ពាន​ក្នុង​សង្កាត់​ច្បារ​អំពៅ​ទី​១ ស្រាប់តែ​ចោរ​២​នាក់ ជិះ​ម៉ូតូ​មក​តាម​ក្រោយ ហើយ​ធ្វើ​សកម្មភាព​ឆក់​កាបូបដៃ​នាង​បាន​សម្រេច ហើយ​ចោរ​បាន​ជិះ​ម៉ូតូ​ត្រឡប់​ក្រោយ បញ្ច្រាសទិស​ដៅ​ចរាចរណ៍​ធ្វើ​ឲ្យ​នគរបាល​ប្រចាំ​គោលដៅ​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី ប្រទះ​ឃើញ​ក៏​បាន​ធាក់​ម៉ូតូ ចោរ​មួយ​ជើង​ធ្វើ​ឲ្យ​ចោរ​ដែល​ជិះ​ទាំង​គ្រវីគ្រវាត់ បាន​ប្រមាណ​១០​ម៉ែត្រ ក៏​ដួល​នៅ​លើ​ស្ពាន​ក្នុង​សង្កាត់​ចាក់​អង្រែ​លើ​ខណ្ឌមានជ័យ ។ ចោរ​ជា​អ្នក​ឆក់​បាន​កាន់​ទាំង​កាបូប​ដែល​ឆក់​បាន​នោះ​លោត​ចូល​ទៅ​ក្នុង​ទឹក​គ្រាំ​បាត់​ស្រមោល​មិនដឹង​ថា ស្លាប់ ឬ​រស់​ទេ ។

ចំណែក​ចោរ​ម្នាក់​ទៀត ជា​អ្នក​បើក​ម៉ូតូ​បាន​រត់​ចុះ​ពីលើ​ស្ពាន​សំដៅ​ទៅ​ច្រមុះជ្រូក​ក្បាលថ្នល់​វិញ​បាត់​ស្រមោល នៅ​សល់​តែ​ម៉ូតូ​របស់​ចោរ​ដួល​នៅ​កន្លែង​កើតហេតុ ។

ក្រោយ​ពេល​កើតហេតុ នគរបាល​ប៉ុស្តិ៍​ច្បារ​អំពៅ​ទី​១ ទៅ​ដល់​កន្លែង​កើតហេតុ​មុនគេ បន្ទាប់​មក​ទើប​នគរបាល​ប៉ុស្តិ៍​ចាក់​អង្រែ​លើ​ទៅ​ដល់​តាម​ក្រោយ ពេល​ទៅ​ដល់​ហើយ​សមត្ថកិច្ច​ទាំង​ពីរ​ដែល​មាន​ព្រំប្រទល់​នៅ​ជាប់​គ្នា​នោះ គិតតែ​ពី​រុញ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ថា មិនមែន​ជា​ទឹកដី​របស់​គេ​ទេ ។ លុះ​ពេល​ជន​រង​គ្រោះ​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ចាក់​អង្រែ​លើ​បាន​នាំ​ជន​រង​គ្រោះ​ទៅ​ចង្អុល​នៅ​កន្លែង​កើតហេតុ ហើយ​ប្រាប់​ថា មិនមែន​ជា​ទឹកដី​របស់​គាត់​ទេ ។

ជន​រង​គ្រោះ​ក៏​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​ច្បារ​អំពៅ​ទី​១ ត្រូវ​សមត្ថកិច្ច​ប្រាប់​ថា មិនមែន​ជា​ទឹកដី​របស់​គាត់​ទេ ធ្វើ​ឲ្យ​ជន​រង​គ្រោះ​មិនដឹង​ថា ត្រូវ​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​កន្លែង​ណា ។ បន្ទាប់​ពី​រុញ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ហើយ ចុង​ក្រោយ​ទើប​នគរបាល​ប៉ុស្តិ៍​ច្បារ​អំពៅ​ទី​១ ព្រម​ទទួល​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ ។

រឿង​ឆ្លើយ​ដាក់​គ្នា មិន​ទទួលខុសត្រូវ​នេះ ចំ​ជា​អស្ចារ្យ​មែន ។ យើង​គ្មាន​វាចា​នឹង​ថ្លែង​ទៀត​ទេ !!!

គ្មាន​វាចានឹងថ្លែងទេ ចោរ​ឆក់​កាបូប​យកទៅបាត់ សមត្ថកិច្ច​រុញគ្នាទៅវិញទៅមក​
គ្មាន​វាចានឹងថ្លែងទេ ចោរ​ឆក់​កាបូប​យកទៅបាត់ សមត្ថកិច្ច​រុញគ្នាទៅវិញទៅមក​
គ្មាន​វាចានឹងថ្លែងទេ ចោរ​ឆក់​កាបូប​យកទៅបាត់ សមត្ថកិច្ច​រុញគ្នាទៅវិញទៅមក​
គ្មាន​វាចានឹងថ្លែងទេ ចោរ​ឆក់​កាបូប​យកទៅបាត់ សមត្ថកិច្ច​រុញគ្នាទៅវិញទៅមក​
គ្មាន​វាចានឹងថ្លែងទេ ចោរ​ឆក់​កាបូប​យកទៅបាត់ សមត្ថកិច្ច​រុញគ្នាទៅវិញទៅមក​
គ្មាន​វាចានឹងថ្លែងទេ ចោរ​ឆក់​កាបូប​យកទៅបាត់ សមត្ថកិច្ច​រុញគ្នាទៅវិញទៅមក​

 

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត