អាជ្ញាធរ ខណ្ឌច្បារអំពៅ ចុះសំអាត សំរាមតាមដង ផ្លូវជាតិលេខ១ និងបាញ់ទឹកលាង ស្ពានមុនីវង្ស

ភ្នំពេញ៖ ក្នុងការចូលរួមប្រារព្ឋទិវា បរិស្ថាន ជាតិ លោក អ៊ាង ស៊ីផាន  អភិបាល នៃគណៈអភិបាល ខណ្ឌច្បារអំពៅ បានបើកយុទ្ធនាការ ដឹកនាំកម្លាំង បាញ់ទឹកលាងសំអាតស្ពានព្រះមុនីវង្ស ព្រមទាំងរើសសំរាម នៅតាមទីសាធារណៈ ពិសេសនៅ តាមដងផ្លូវជាតិលេខ១ ចាប់ពីគល់ស្ពានព្រះមុនីវង្ស រហូតដល់ព្រំប្រទល់ស្រុកកៀនស្វាយ និងសង្កាត់ ក្បាលកោះ នៅថ្ងៃទី២៣ ខែ វិច្ឆិកា ឆ្នាំ ២០១៥ ដោយជួបជុំគា្នស្ថិតនៅ សង្កាត់ ច្បារអំពៅទី១ ដើម្បីសំអាតបរិស្ថាន អបអរសាទរបុណ្យ អុំទូកអកអំបុក និងសំពះព្រះខែ ដែលប្រព្រឹត្ត ទៅនៅថ្ងៃស្អែកនេះនេះ ។

ការចុះសំអាត និងរើសសំរាម ខាងលើនេះ មានការអញ្ជើញចូលរូម លោក អ៊ាង ស៊ីផាន  អភិបាលនៃគណៈអភិបាល ខណ្ឌច្បារអំពៅ  ព្រមទាំងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខណ្ឌ អភិបាលរងខណ្ឌ កម្លាំងកងរាជអាវុធហត្ថខណ្ឌ មន្ត្រីសាលាខណ្ឌ ក្រុមប្រឹក្សាសង្កាត់ មន្ត្រីសង្កាត់ ប្រជាការពារ យុវជន(សសយក) ខណ្ឌ យុវជនកាកបាទក្រហមសង្កាត់ យុវជនកាយរិទ្ធិសង្កាត់ ចូលរួមសរុបប្រមាណ២០០នាក់ ដោយធ្វើរយៈពេលមួយព្រឹក ។

លោកអភិបាលខណ្ឌ បានលើកឡើងថា ថ្ងៃនេះសាលាខណ្ឌច្បារអំពៅ បានប្រារព្ឋពិធីទិវាបរិស្ថានជាតិ នៅទូទាំងប្រទេស ក៏ដូចជានៅរាជធានីភ្នំពេញ កំពុងដំណើរ ការតាមមូលដ្ឋានផ្សេងៗ ដោយឡែកសម្រាប់សាលាខណ្ឌច្បារអំពៅ មិនបានប្រមូលផ្តុំតែមួយកន្លែងនោះទេ គឺលោកបានចាត់ចែង រៀបចំធ្វើទៅតាមមូលដ្ឋានសង្កាត់ទាំង៨ និងផ្សារ ។ ដោយឡែកសម្រាប់មន្ត្រីសាលាខណ្ឌ និងសង្កាត់ច្បារអំពៅទី១ និងទី២ គឺចាប់បោសសំអាតសំរាមចាប់ពីចំណុចភ្លើងស្តុប រហូតដល់គល់ស្ពាន និងលើស្ពានទាំងសាងសងខាង ដោយបាញ់ទឹកលាងសំអាតផងដែរ ។

គួរបញ្ជាក់ថា ចំពោះការសំអាត បរិស្ថាននេះគឺមានរថយន្តបាញ់ទឹកមួយគ្រឿង និងមានរថយន្តដឹកសំរាមរបស់ក្រុមហ៊ុន ស៊ិនទ្រី បានចូលរួមសហការ ដើម្បីដឹកសំរាម ដែលប្រមូលបាននោះយកទៅចាក់ចោល នៅទីលានចាក់សំរាមផងដែរ ។

លោក អ៊ាង ស៊ីផាន  អភិបាលខណ្ឌច្បារអំពៅ បានឱ្យដឹងថា យើងរៀបចំសំអាតបរិស្ថានថ្ងៃនេះ គឺគោល បំណងដើម្បី ក្រើនរំលឹក ដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់តាមដងផ្លូវសំខាន់ៗក៏ដូចជាទីប្រជុំជននានា ពិសេសនៅតាមដងផ្លូវជាតិ លេខ១ ឱ្យពួកគាត់យល់ដឹង កុំឱ្យបោះសំរាមចោលផ្តេសផ្តាសហើយត្រូវវេចខ្ចប់ឱ្យបានត្រឹមត្រូវ ចៀសវាងបោះសំរាម ចោលពាសវាលពាសកាល នាំឱ្យប៉ះពាល់ដល់បរិស្ថាន ។

លោកបន្តថា កំណាត់ផ្លូវជាតិលេខ១នេះ ជាបេះដូងនៃតំបន់ច្បារអំពៅ ដែលមានភ្ញៀវទេសចរជាតិ អន្តរជាតិធ្វើដំណើរ ឆ្លងកាត់ ដូច្នេះត្រូវមានបរិស្ថានស្អាតជានិច្ច ។ ជាមួយគ្នានេះផងដែរ លោកក៏បានណែនាំនិងបានកំណត់ ម៉ោងដល់បងប្អូនប្រជាពលរដ្ឋយកសំរាមមកដាក់ មុខផ្ទះ ដើម្បីឱ្យក្រុមហ៊ុនស៊ិនទ្រី ប្រមូលដឹកយកទៅចាក់ចោល កន្លែងមានសុវត្ថិភាព តែពួកគាត់មិនទាន់ធ្វើបាននោះទេ ។

លោកអភិបាល ក៏បានសំណូមពរឱ្យបងប្អូន ប្រជាពលរដ្ឋដែលរស់តាមដងផ្លូវជាតិលេខ១ និងផ្លូវ៣៦៩  ត្រូវចូលរួម ទាំងអស់គ្នាដើម្បីសំអាតខណ្ឌយើងឱ្យមានបរិស្ថានល្អស្អាត ត្រូវបញ្ចេញសំរាមឱ្យទាន់ពេលវេលាដែលអាជ្ញាធរកំណត់ ដើម្បីលើកកំពស់សោភ័ណភាព រាជធានីភ្នំពេញរបស់យើង ៕

អាជ្ញាធរ ខណ្ឌច្បារអំពៅ ចុះសំអាត សំរាមតាមដង ផ្លូវជាតិលេខ១ និងបាញ់ទឹកលាង ស្ពានមុនីវង្ស

អាជ្ញាធរ ខណ្ឌច្បារអំពៅ ចុះសំអាត សំរាមតាមដង ផ្លូវជាតិលេខ១ និងបាញ់ទឹកលាង ស្ពានមុនីវង្ស

អាជ្ញាធរ ខណ្ឌច្បារអំពៅ ចុះសំអាត សំរាមតាមដង ផ្លូវជាតិលេខ១ និងបាញ់ទឹកលាង ស្ពានមុនីវង្ស

អាជ្ញាធរ ខណ្ឌច្បារអំពៅ ចុះសំអាត សំរាមតាមដង ផ្លូវជាតិលេខ១ និងបាញ់ទឹកលាង ស្ពានមុនីវង្ស