មនុស្សជាង ១.៣០០នាក់ ស្វាគមន៍ការបង្ហាញ គម្រោងថ្មី អ័រគីដេ ឌឹ រ៉ូយ៉ាល់ ខុនដូ

ភ្នំពេញ៖ អតិថិជនជាង ១.៣០០នាក់ បានចូលរួមយ៉ាងកុះករ ក្នុងពិធីបង្ហាញគម្រោងថ្មី ដ៏អស្ចារ្យរបស់ក្រុមហ៊ុន អ័រគីដេវីឡា គឺ គម្រោងអ័រគីដេ ឌឹ រ៉ូយ៉ាល់ ខុនដូ កាលពីសប្ដាហ៍មុន។ កម្មវិធីនោះមានឈ្មោះថា VIP Preview ដែលបានប្រព្រឹត្តទៅនៅឯសណ្ឋាគារ សូហ្វីតែល រាជធានីភ្នំពេញ ។

សាលរបស់សណ្ឋាគារ ផ្កាយប្រាំមួយនេះ ត្រូវបានតុបតែងដោយផ្កា យ៉ាងស្រស់ស្អាត ជុំវិញរូបគំរូនៃគម្រោងថ្មី ដ៏ស្រស់ស្អាត ដែលញ៉ាំងអោយបរិយាកាស នៃកម្មវិធីមួយនេះពោរពេញដោយ ភាពរំជើបរំជួល។ ការតុបតែង ជាលក្ខណៈសួន ឆ្លុះបង្ហាញឲ្យឃើញថា គម្រោងថ្មីរបស់អ័រគីដេនេះ គឺសង្កត់ធ្ងន់លើបរិស្ថានជាចម្បង ។  អ័រគីដេ ឌឹ រ៉ូយ៉ាល់ នឹងមានសួនច្បារដ៏ស្រស់បំព្រងទំហំជាង ៣ ហិកតា សម្រាប់ឲ្យម្ចាស់លំនៅដ្ឋាន អាចស្រូបយកខ្យល់ អាកាស ក៏ដូចជាបរិក្ខាជាច្រើនផ្សេងទៀត មានដូចជា អាងហែលទឹកដ៏ធំ ដែលមានឆ្នេរខ្សាច់ ទីកន្លែងសមាធិ កន្លែងក្មេងលេង ក្លឹបហាត់ប្រាណ រួមនឹងបរិក្ខារជាច្រើនផ្សេងទៀត សម្រាប់ជួយដល់ការរស់នៅរបស់អតិថិជន ។

ថ្លែងនៅក្នុងកម្មវិធីនោះ លោកស្រី ខៀវ សស៊ីលៀប ក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន អ័រគីដេ វីឡា បានមាន ប្រសាសន៍ថា “ចក្ខុវិស័យរបស់គម្រោង អ័រគីដេ ឌឹរ៉ូយ៉ាល់ ខុនដូគឺចង់ឲ្យអតិថិជនរស់នៅមាន លក្ខណៈស៊ីវីល័យ និងរស់នៅជាមួយនឹងធម្មជាតិ ស្រស់បំព្រង នៅក្នុងសហគមន៍មួយដែល មានសុវត្ថិភាព និងស្រស់ស្អាត ដែលស្ថិតក្នុងទីតាំងល្អ នៅក្នុងទីក្រុងភ្នំពេញ។”

លោក ម៉ី វ៉ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចូលរួម ក្នុងពិធីកាត់ខ្សែបូសម្ពោធការ លក់ជាផ្លូវការនៃលំនៅដ្ឋានក្នុង ខុនដូអគារទីមួយ ក្នុងចំណោមខុនដូ ទាំង ៦ អគារ ដែលសាងសង់ពីលើផ្សារទំនើប លំដាប់ថ្នាក់អន្តរជាតិ ។

លោក ខេន យ៉េវ ប្រធានគម្រោងខុនដូ បានប្រកាសអំឡុងពិធីនោះថា ៖ “ខ្ញុំមានសេចក្តីរីករាយ និងសូមប្រកាសពី រង្វាន់ដ៏ធំសម្រាប់អតិថិជននៅថ្ងៃនេះ ។ អតិថិជនដែលបានជាវខុនដូនៅថ្ងៃនេះនឹងមានឱកាសឈ្នះ “រង្វាន់ធំ” គឺខុនដូមួយបន្ទប់” ។

អ្នកឈ្នះរង្វាន់ធំដែលមានតម្លៃជិត ១០ ម៉ឺនដុល្លារ គឺកញ្ញា ទី ច័ន្ទយ៉ាណា សឹងតែទប់អារម្មណ៍រំភើបមិនបាន នៅ ពេលប្រកាស លេខសំណាងរបស់ខ្លួន ។ កញ្ញាបានទទួលសោរពណ៌មាសជានិមិត្តរូប មុនពេលអបអរ សំណាង របស់ខ្លួនជាមួយនឹង ក្រុមគ្រួសារ និងមិត្តភក្តិ ។

អំឡុងពិធីនោះ ក្រុមហ៊ុនក៏បានប្រកាសផងដែរថា លំនៅដ្ឋានក្នុងគម្រោងចាស់ គឺគម្រោង អ័រគីដេ ឌឹ ហ្គ្រែន ដែល ស្ថិតនៅជាប់នឹងគម្រោងអ័រគីដេ ឌឹ រ៉ូយ៉ាល់ ផងដែរនោះ បានលក់ដាច់អស់ ១០០ ភាគរយទៅហើយ ហើយ អតិថិជន ក៏ចាប់ផ្ដើមចូលមករស់នៅផ្ទះវីឡាដ៏ស្រស់ស្អាត ទំនើប និងមានគុណភាពរបស់ខ្លួនផងដែរ ។ជោគជ័យ របស់គម្រោង  ឌឹ ហ្គ្រែន គឺដោយសារតែគុណភាព ក្រមសីលធម៌ និងការយកចិត្តទុកដាក់យ៉ាងល្អិតល្អន់ លើការ សាងសង់ ដែលក្រុមហ៊ុន អ័រគីដេ បានសន្យាជូនអតិថិជន សម្រាប់គម្រោងរបស់ខ្លួន ។ កត្តានេះហើយ ដែលបាន នាំឲ្យមានការចាប់អារម្មណ៍កាន់តែខ្លាំងមកលើគម្រោងថ្មី គឺអ័រគីដេ ឌឹ រ៉ូយ៉ាល់ ដែលនាំឲ្យមានភ្ញៀវយ៉ាងច្រើនកុះករ មកចូលរួមក្នុងពិធីបង្ហាញកាលពីសប្ដាហ៍មុននេះ ៕