​កម្លាំង​ចម្រុះ​ចុះ​ជួយ​ច្រូត​ស្រូវ​ប្រជា​កសិករ​នៅ​ស្រុក​កែវ​សីមា

ខេត្ត​មណ្ឌលគិរី ៖ មន្ត្រី​យោធា​កងអនុសេនាធំ​លេខ​២សហការ​ជាមួយ​មន្ត្រី​នគរបាល​ការពារ​ព្រំដែន​គោក​ឡា​ប៉ា​ខេ ​និង​យោធា​រុករក​អដ្ឋិធាតុរបស់​កងទ័ព​ស្ម័គ្រចិត្ត​វៀត​ណាមK51 បាន​រួបរួម​គ្នា​ចុះ​ជួយ​ច្រូតស្រូវ​ជូន​ប្រជាពលរដ្ឋ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ វិច្ឆិកា នៅ​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ។

លោក​អនុ​សេនី​យ៏​ឯក ទៀ ខៃ​ម៉េ​ង មេបញ្ជាការ​កងអនុសេនាធំ​លេខ​២ ប្រចាំ​ស្រុក​កែវ​សីមា ​បាន​មាន​ប្រសា​ស​ន៏​ថា ដោយ​មើលឃើញ​ពី​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​ក្នុង​រដូវ​ប្រមូល​ផល​ស្រូវ លោក​ក៏​បាន​សុំ​គោល​ការ​ណ៏​ពី​លោក​​ឧត្តម​សេនី​យ៏​ត្រី ឃិ​ន ម៉េ​ង​ស្រេង មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​មណ្ឌលគិរី នាំ​កម្លាំង​សហការ​ជាមួយ​ស្ថាប័ន​នគរបាល​ និង​​យោធាប្រទេស​វៀតណាម ចុះ​ជួយ​ច្រូតស្រូវ​​​ប្រជា​កសិករ​ឲ្យ​ទាន់​ពេលវេលា​ ។​

លោក​មេបញ្ជាការ​ បាន​បញ្ជាក់​ថា មន្ត្រី​កងកម្លាំង​ទាំងអស់​មិន​ត្រឹមតែ​មាន​តួនាទី​ការពារ​ជាតិ​មាតុភូមិ​នោះ​ទេ កងកម្លាំង​​​មាន​កាតព្វ​កិច្ច​ជួយ​ការងារ​សង្គម និង​ដោះស្រាយ​ទុក្ខ​លំបាក​ដល់​ប្រជាពលរដ្ឋ​ផង​ដែរ ​។ ​លោក​បាន​បន្ត​ថា ក្រុមការងារ​បាន​ជួយ​ច្រូតស្រូវ​​​ប្រជាពលរដ្ឋ​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ វិច្ឆិកា បាន​ចំនួន​ប្រាំ​ហិក​តា នឹង​បន្ត​ជួយ​ច្រូត​ដល់​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត​កម្លាំង​ជា​បន្ត​ទៀត​ ។

លោក​អនុសេនីយ៍ត្រី ប៊ូ សំ​អុល នាយ​ផ្នែក​ប៉ុស្តិ៍​ការពារ​ព្រំដែន​ឡា​ប៉ា​ខេ ​បាន​ឲ្យ​ដឹង​ថា ដើម្បី​ចូលរួម​ផ្សារ​ភ្ជាប់​ជាមួយ​ប្រជាពលរដ្ឋ​ចុះ​ជួយ​គ្រប់​គ្រា​លំបាក​ដែល​ប្រជាពលរដ្ឋ​ជួប​ប្រទះ​​​ទុក្ខ​លំបាក ខ្វះខាត​​​ធនធាន ជា​ពិសេស​ស្ត្រី​មេម៉ាយ ចាស់ជរា និង​គ្រួសារ​​ក្រី​ក្រ កម្លាំង​ចម្រុះ​ដែល​មាន​ចំនួន​ជាង​២០​នាក់​ចុះ​ជួយ​ច្រូតស្រូវ​ជូន​​​កសិករ​យ៉ាង​សស្រាក់​សស្រាំ​ ។

ម្ចាស់​ស្រែ​បាន​ថ្លែងអំណរគុណ​យ៉ា​ក្រៃ​លែង ដោយ​​ឃើញ​កងកម្លាំង​បាន​ចូលរួមចុះ​ជួយ​ច្រូតកាត់​ស្រូវ​​ទាន់​ពេលវេលា​ក្នុង​រដូវ​ប្រមូល​ផល និង​សូម​​អគុណ ​លោក​មេ​បញ្ជាការ​កងអនុសេនាធំ​លេខ​២ នាយ​ប៉ុស្តិ៍​ការពារ​ព្រំដែន​ឡា​ប៉ា​ខេ ​និង​​យោធា​រុករក​អដ្ឋិធាតុរបស់​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាមK51 ដែល​តែងតែ​យកចិត្តទុកដាក់​ដល់​ជីវភាព​​រស់នៅ​របស់​ប្រជាពលរដ្ឋ និង​ក្រុម​គ្រួសារ​កងទ័ព​កន្លង​មក​ ៕