​ប្រចណ្ឌ​​​​ប្រ​ព​ន្ធ​​ ! ​ផឹក​​ស្រាស្រវឹង​​ដុត​ផ្ទះ​ឆេះ​ខ្ទេច​​

ខេត្ត​កំពង់ស្ពឺ ៖​ បុរស​ម្នាក់ ​​សង្ស័យ​ប្រចណ្ឌ​ប្រ​ព​ន្ធថា​ ​លួច​មាន​សហាយ​ក្បត់ចិត្ត​ខ្លួន​បាន​ផឹកស្រា​រហូត​ស្រវឹង​ហើយ​ដុត​ផ្ទះ​ខ្លួ​ន​ឯង​ចោល​ឆេះ​ខ្ទេច​គ្មាន​សល់​។

ករណី​នេះ​កើតឡើង​កាលពីវេលា​ម៉ោង​៦ និង​៣០​នាទីព្រលប់ ថ្ងៃ​ទី​២១ ​វិច្ឆិកា ​២០១៥ នៅ​ចំណុច​ភូមិ​ក្រាំង​ត្បែង ឃុំ​ត្រពាំង​ជោ ស្រក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។

លោក​វរសេនីយ៍ត្រី​ប៊ុត​ ប៊ុ​ន​ធឿ​ន អធិកា​នគរបាល​ស្រុក​ឱ​រ៉ា​ល់​បានឱ្យ​ដឹង​ថា​ ជន​បង្ក​ជា​ប្តី​ឈ្មោះ ផាត ភី អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ​។​

មុន​ពេល​កើតហេតុ​ ជន​នេះ​បាន​ផឹកស្រា​ស្រ​វឹ​ង​យ៉ាង​ខ្លាំង រហូត​ធ្វើ​សកម្មភាព​ដុត​ផ្ទះ​របស់​ខ្លួនឯង​ឆេះ​ខ្ទេច​គ្មាន​សល់​។​ លោក​អ​ធិការ​បានឱ្យ​ដឹង​ថា​ តាម​ការ​សាកសួរ​ គឺ​ជន​នេះ​សង្ស័យ​ថា ​ប្រ​ព​ន្ធ​ខ្លួន​លួច​មាន​សហាយ​ក្បត់ចិត្ត​ខ្លួនទើប​គេ​ធ្វើ​បែប​នេះ​។​

លោក​អធិការ​បន្ត​ថា​ ប្រពន្ធ​ជន​បង្ក​ឈ្មោះ ប៉ូ វ៉ុ​ន អាយុ​២៤​ឆ្នាំ ។ ​សម្ភារៈ​ដែល​ខូចខាត​រួម​មាន ​​ផ្ទះ​ចំនួន​១​ខ្នង ទំហំ​៣​គុណ​​៥​ម៉ែត្រ ជញ្ជាំង​ក្តារ​ប្រក់​ស្បូវ​សង់​ផ្ទាល់​ដី ​អង្ករ​៥០​គីឡូក្រាម ទូរស័ព្ទ​ចំនួន​១​គ្រឿង ក្បាល​ម៉ាស៊ីន​​គោ​យន្ត​ចំនួន​១​គ្រឿង លុយ​ចំនួន​៥​ម៉ឺន​រៀល ​សំបុត្រ​កំណើត​ចំនួន​៦​សន្លឹក ចានឆ្នាំង និង​សំលៀក​បំពាក់​មួយ​ចំនួន​ទៀត​ផង​ដែរ​។

ក្រោយ​បង្ក​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​​ឃាត់ខ្លួន​នាំមក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ឱ​រ៉ា​ល់ ដើម្បីកសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​តាម​នីតិវិធី​។​ លោក​អធិការ​បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ​វិច្ឆិកា ​២០១៥​ថា​ពេល​នេះ​កម្លាំង​របស់​លោក​បាន​បញ្ជូន​ជន​ម្នាក់​នេះ​ទៅ​កាន់​ការិយាល័យ​ជំនាញ​ចាត់ការ​បន្ត​៕​