​ប្រជាពលរដ្ឋ​ចោទ​យាយ​ម៉ាប់​សមាជិក​ឃុំ​មេ​ម៉​ង​នៅ​មណ្ឌលគិរី​ថា​ជួញដូរ​ឈើ​ប្រណីត

ប្រជាពលរដ្ឋ​ខេត្តមណ្ឌលគិរី បាន​រាយការណ៍​មក​ថា សិប្បកម្ម​កែច្នៃ​ឈើ​ប្រណីត​ដ៏​ធំ​របស់​យាយ​ម៉ាប់​ដែលមាន​ទីតាំងនៅ​ភូមិ​ទួល​មេ​ម៉​ង ឃុំ​មេ​ម៉​ង ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី គឺជា​កន្លែង​ស្តុក និង​ទិញ​-​លក់​ឈើ​ប្រណីត​យ៉ាងសកម្ម តែ​គ្មាន​ការបង្ក្រាប​ពី​សមត្ថកិច្ច​ជំនាញ​ឡើយ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា យ៉ា​យ​ម៉ាប់​ដែលមាន​តួនាទី​សមាជិក​ឃុំ​មេ​ម៉​ង ស្រុក​កែវ​សីមា បាន​ប្រើ​រថយន្ត​តូច​-​ធំ ដូចជា រថយន្ត​ប្រភេទ​បង្កុង និង​ឡង់​គ្រី​ស័​រ សម្រាប់​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​ឲ្យ​ឈ្មួញ​ខ្មែរ និង​ឈ្មួញ​យួន​នៅតាម​មាត់ច្រក​ព្រំដែន​បាន​យ៉ាង​រលូន​។​

ប្រសិនបើ​មន្ត្រី​ជំនាញ​មិន​បានទទួល​លាភសក្ការៈ​ពី​យាយ​ម៉ាប់ ហើយ​មន្ត្រី​ទាំងនោះ​មាន​ឆន្ទៈ​ពិតប្រាកដ ក្នុងការ​បង្ក្រាប​ជំនួញ​ឈើ​ប្រណីត​ខុសច្បាប់​របស់​យាយ​ម៉ាប់​នោះ គឺមាន​ភាពងាយស្រួល​ខ្លាំងណាស់ ព្រោះ​សិប្បកម្ម​ដែលជា​កន្លែង​ស្តុក​ឈើ​របស់​សមាជិក​ក្រុមប្រឹក្សាឃុំ​មេ​ម៉​ង​ឈ្មោះ​យាយ​ម៉ាប់ ហៅ​ទូ​ហៀ​ង មាន​ចម្ងាយ​ប្រមាណ​២០០​ម៉ែត្រ​ប៉ុណ្ណោះ​ពី​ស្នាក់ការ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​របស់​មន្ត្រី​បរិស្ថាន នេះ​ជាការ​បញ្ជាក់​របស់​ប្រជាពលរដ្ឋ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។​

​ប្រជាពលរដ្ឋ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី បាន​រៀបរាប់ថា រាល់​ឈើ​ប្រណីត​ដែល​យាយ​ម៉ាប់​ប្រមូល​ទិញ​បាន​យកមក​កែច្នៃ​រួច​តែងតែ​ដឹក​យកមក​រក្សាទុក​ក្នុង​ឃ្លាំង​នៅ​ក្រុង​សែន​មនោ​រម្យ ដែលមាន​ទីតាំង នៅ​ភូមិ​ដើម​ស្រល់ សង្កាត់​មនោ​រម្យ ដើម្បី​លក់​ឲ្យ​អតិថិជន​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​ឈើ​ប្រណីត​ដែល​យាយ​ម៉ាប់​លក់​ចេញ​គេ​មិនដឹងថា​មាន​ចំនួន​ប៉ុន្មាន​ក្នុង​មួយថ្ងៃ​ឲ្យ​ប្រាកដ​នោះទេ តែបើ​ឈ្មួញ​បញ្ជា​ទិញ​យាយ​ម៉ាប់​តែងតែមាន​ឈើ​តាម​តម្រូវការ​របស់​អតិថិជន​មិន​ឲ្យ​ខ្វះ​ឡើយ​។​

ជុំវិញ​បញ្ហា​នេះ​ប្រជាពលរដ្ឋ​ស្រុក កែវ​សីមា ខេត្តមណ្ឌលគិរី បាន​រិះគន់ថា​អាជ្ញា​ធរមាន​សមត្ថកិច្ច​នៅក្នុង​ខេត្តមណ្ឌលគិរី គួរ​ត្រួតពិនិត្យ​បញ្ហា​នេះ​ឡើងវិញ ព្រោះ​បើ​នៅតែ​បណ្តែតបណ្តោយ​ឲ្យ​មន្ត្រី​មូលដ្ឋាន​អាច​ជួញដូរ​ឈើ​ប្រណីត​វា​មិន​ត្រឹ​តែ​ធ្វើ​ឲ្យ​ព្រៃឈើ​វិនាស​ហិនហោច​នោះទេ តែ​វា​ក៏​ជា​គំរូ​មិនល្អ​ដល់​ប្រជាពលរដ្ឋ​ផងដែរ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា បើ​មន្ត្រី​មានអំណាច​រំលោភច្បាប់ នោះ​ប្រជាពលរដ្ឋ​ក៏​ងាយ​នឹង​បំពាន​ច្បាប់​ផងដែរ​៕

map1-500x378 map-timber1-500x286