​លោក កឹម សុខា ស្នើ​ឲ្យ​អ្នកគាំទ្រ​បន្ត​រក្សា​ភាពរឹងមាំ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​

​បន្ទាប់ពី​រដ្ឋាភិបាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​ក្រោម​ការដឹកនាំ​របស់លោក ហ៊ុន សែន បាន​ធ្វើទុក្ខបុកម្នេញ​មកលើ​សកម្មជន និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ជា​បន្តបន្ទាប់​តាមច្រើន​រូបភាព​មក​នោះ អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​លោក កឹម សុខា បានបញ្ជាក់​ថាបើ​ទោះជា​ស្ថានការណ៍​នយោបាយ​មានការ​ប្រែប្រួល ឬ​ជួប​ឧបសគ្គ​ធ្ងន់ធ្ងរ​យ៉ាងណាក៏ដោយ ក៏​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​រក្សា​គោលជំហរ​ដដែល នោះ​គឺ​ការជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ដោយ​សន្តិវិធី​។​

​លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​បាន​បញ្ជាក់ថា​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​រឹងមាំ និង​បន្ត​ឆ្ពោះទៅរក​គោលដៅ​ដែល​បានគ្រោង​ទុក​ដដែល ហើយ​បានស្នើ​ឲ្យ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​គប្បី​រក្សា​ភាពរឹងមាំ និង​បន្ត​គាំទ្រ​យុទ្ធសាស្ត្រ​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​តទៅទៀត ដើម្បី​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ដោយ​អហិង្សា​។​

​អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​លោក កឹម សុខា បាន​ពន្យល់ថា សកម្មជន និង​ប្រជាពលរដ្ឋ​ខ្មែរ គប្បី​មាន​ជំនឿ​មកលើ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​នៅតែមាន​ភាពរឹងមាំ និង​នៅមាន​ភាព​សាមគ្គី​គ្នា​បានល្អ​។ លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​សង្កត់ធ្ងន់ថា​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​សហការី​កំពុងតែ​ជួបប្រជុំគ្នា និង​ដាក់ចេញ​ជា​យុទ្ធសាស្ត្រ​ទាំង​ក្នុង​រយៈពេល​ខ្លី មធ្យម និង​រយៈពេល​វែង ក្នុង​គោលបំណង​ដណ្តើម​ជ័យជំនះ​តាមរយៈ​ការបោះឆ្នោត​ដោយ​អហិង្សា​នៅ​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ខាងមុខនេះ​។​

​លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​បាន​បញ្ជាក់ថា គោលដៅ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅពេល​កាន់អំណាច​គឺ​កែទម្រង់​ប្រទេស​កម្ពុជា​ឲ្យ​មាន​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ និង​មាន​ភាពរឹងមាំ ហើយ​ធ្វើការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ដើម្បី​ផ្តល់ឱកាស​ឲ្យ​ប្រជាពលរដ្ឋ​ទទួលបាន​កម្រិតជីវភាព និង​លក្ខខណ្ឌ​រស់នៅ​ឲ្យ​កាន់តែ​ប្រសើរឡើង​។​

គួរ​បញ្ជាក់ថា​បច្ចុប្បន្ន​នេះ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​កំពុងតែ​ប្រើប្រាស់​មធ្យោបាយ​ការទូត និង​សន្តិវិធី​ដើម្បី​ដោះស្រាយ​ភាពទាល់ច្រក​នយោបាយ​ដែល​កំពុង​កើតឡើង​យ៉ាងធ្ងន់ធ្ងរ​នៅក្នុង​ប្រទេស​កម្ពុជា​។ ភាពទាល់ច្រក​នយោបាយ​នេះ ត្រូវបាន​អ្នកវិភាគ​នយោបាយ​ឯករាជ្យ​វាយតម្លៃថា​ជា​មធ្យោបាយ​មិន​សុចរិត​របស់​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​ដាក់​គំនាប​មកលើ​គណបក្ស​ស​ង្គ្រោះ​ជាតិ​ដែលជា​គណបក្ស​ក្រៅ​រដ្ឋាភិបាល​៕

1010108_677080242356727_1449572834_n