ទៅ​កំដរ​បុណ្យសព សង្ស័យ​ពុល​ស្រា ស ស្លាប់​បីនាក់ ជា​បន្តបន្ទាប់ នៅ​ខេត្តក្រចេះ​

​ក្រចេះ: អ្នកភូមិ​ចា​ថ្នោល ឃុំ​សណ្ដាន់ ស្រុក​សំបូរ ខេត្តក្រចេះ ចំនួន​៣​នាក់ បាន​ស្លាប់​ជា​បន្តបន្ទាប់ ថ្ងៃទី​២១-២២ និង​២៣ ខែវិច្ឆិកា និង​អ្នកភូមិ​ជាច្រើន​នាក់​ផ្សេងទៀត ត្រូវបាន​គេ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ស្រុក​សំបូរ បន្ទាប់ពី​ពួកគាត់​ទៅ​ចូលរួម​កំដរ​បុណ្យសព​អ្នកភូមិ​ជាមួយគ្នា​។​

​សមត្ថកិច្ច​បានអោយដឹង​ថា អ្នកភូមិ ដែល​បាន​ស្លាប់ ឈ្មោះ​ប៉ែន ជាង អាយុ​៤៥​ឆ្នាំ ស្លាប់​កាលពី​ថ្ងៃទី​២១ និង​ឈ្មោះ​ឈឹម ឆោម អាយុ​៣០​ឆ្នាំ ស្លាប់​កាលពី​ថ្ងៃទី​២២ ខែវិច្ឆិកា និង​ម្នាក់ទៀត ដែល​កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ក៏បាន​ស្លាប់​កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែវិច្ឆិកា​។​

​ពលរដ្ឋ​ក្នុងភូមិ​បានអោយដឹងថា ដំបូង​ឡើយ​មាន​មនុស្ស​ប្រមាណ​ជា​បី​បួន​នាក់​បានមក​ទទួលទាន​ស្រា ស នៅផ្ទះ​របស់​ជនរងគ្រោះ ដែល​ស្លាប់​មុនគេ ហើយ​ជា​ទម្លាប់​ពួកគាត់ តែងតែ​ជួបជុំគ្នា​ទទួលទាន​នៅពេលដែល​ទំនេរ​។ ដោយឡែក ខណៈពេលដែល​ទទួលទាន​ស្រា​នោះ ជនរងគ្រោះ​ដែលជា​ម្ចាស់ផ្ទះ និង​ជា​អ្នកលក់​ស្រា​បាន​ស្លាប់​មុនគេ ដោយ​មិនដឹង​ពី​មូល​ហេតុអ្វី​ឡើយ​។ បន្ទាប់ពី​ជនរងគ្រោះ​ជា​ម្ចាស់ផ្ទះ​ស្លាប់​មក មាន​អ្នកភូមិ​ជាច្រើន​នាក់​បាន​ទៅ​ចូលរួម​កំដរ​បុណ្យសព​នោះ ហើយ​គេ​ក៏បាន​យក​កាន​ស្រា​.​ស ដែល​នៅសល់​នៅក្នុង​កាន​ដដែល​នោះ ទៅ​ទទួលភ្ញៀវ ក៏បង្ក​ឲ្យ​មាន​អ្នកភូមិ​ផ្សេងទៀត​មាន​អាកា​រៈ​ស្រវាំងភ្នែក ទន់ដៃទន់ជើង ក្អួតចង្អោរ ហើយ​ត្រូវបាន​គេ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខ​ភាពជា​បន្តបន្ទាប់​។ ខណៈ​កំពុង​បញ្ជូនទៅ​សង្គ្រោះ​នោះ អ្នកភូមិ​ម្នាក់ទៀត​ក៏បាន​ស្លាប់​នៅតាម​ផ្លូវ​មុននឹង​ទៅដល់​មន្ទីរពេទ្យ​។​

​សមត្ថកិច្ច​បញ្ជាក់ថា បន្ទាប់ពី​មាន​មនុស្ស​ស្លាប់​ជា​បន្ទាប់​អាជ្ញាធរ​ស្រុក​បាន​បង្កើត​គណៈកម្មកា​រ​ដើម្បី​ត្រួតពិនិត្យ​លើ​ស្រា និង​ម្ហូប​ចំណីអាហារ​ស្វែងរក​មូលហេតុ​នៃ​ការស្លាប់​នេះ ហើយ​បើតាម​កា​សន្និដ្ឋាន​ជំហាន​ដំបូង ការស្លាប់​នេះ​ត្រូវបាន​គេ​សង្ស័យថា​អាច​បណ្ដាលមកពី​ស្រា​.​ស​ផ្ទុក​សារធាតុពុល​។​

​រហូតមកដល់ ព្រឹក​ថ្ងៃទី​២៣ ខែវិច្ឆិកា​នេះ អ្នកភូមិ​ជាច្រើន​នាក់ ដែលមាន​អាកា​រៈ​ទន់ដៃទន់ជើង​វឹលមុខ​ក្អួតចង្អោរ​ស្រវាំងភ្នែក​ទាំងនោះ មាន​សភាព​ធូរស្បើយ​វិញ​ហើយ ហើយ​បច្ចុប្បន្ន​មាន​អ្នកភូមិ​ចំនួន​ក៏បាន​ត្រឡប់មកផ្ទះ​វិញ នៅសល់​ម្នាក់ទៀត​ដែលមាន​អាកា​រៈ​ធ្ងន់ធ្ងរ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​៕​