បក្ស​អំណាច​ខ្មែរ​ចំណាយ​ប្រាក់​ជិត​២​សែន​ដុល្លារ សាងសង់​ផ្ទះ​១០០​ខ្នង ឲ្យ​ពលរដ្ឋ​តាម​ព្រំដែន​

រូបពីហ្វេសប៊ុករបស់លោក សួន សេរីរដ្ឋា​គណបក្ស​អំណាច​ខ្មែរ នឹង​ចំណាយ​ថវិកា​ប្រមាណ​ជិត​២​សែន​ដុល្លារ ដើម្បី​សាងសង់​ផ្ទះ​ជូន​ប្រជាពលរដ្ឋ​ចំនួន​១០០​គ្រួសារ​តាម​ព្រំដែន​កម្ពុជា​-​វៀតណាម​។ ហើយ​ប្រតិបត្តិការ​នេះ​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៥ ខាងមុខ​។

​លោក ទេព វីរៈ អ្នកនាំពាក្យ​គណបក្ស​អំណាច​ខ្មែរ បាន​ឲ្យ​ដឹងថា គណបក្ស​លោក​នឹង​ចំណាយ ថវិកា​ចំនួន​១៨០០ ដុល្លារ ដើម្បី​សាងសង​ផ្ទះមួយ​ខ្នង​ជូន​ប្រជាពលរដ្ឋ​នៅតាម​ព្រំដែន​។ បើតាម​លោក ទេព វីរៈ ផ្ទះ​ទាំងនោះ​មាន​គំរូ និង​ទំហំ​ដូចគ្នា​ទាំងអស់ ដោយ​ផ្ទះ​មាន ទំហំ ៥​ម x ៧​ម ដែល​ដំបូល​ប្រក់​ហ្វី​ប្រូ ហើយ​ជញ្ជាំង បិទ​ស័ង្កសី ចំណែកឯ​រនាប​ធ្វើ​ពី​ឈើ​។ «​យើង​មិនទាន់​ច្បាស់លាស់​១០០​ភាគរយ​នោះទេ តែបើ​តាម​គម្រោង គឺ​ខាងយើង​កំណត់ថា នឹង​ចាប់ផ្តើម​សាងសង់​ផ្ទះ​ជូន​ពួកគាត់​នៅ​ថ្ងៃទី​១ ខែធ្នូ​នេះ​។ ហើយ ជំហាន​ដំបូង គឺ​យើង​គ្រោង​សង់ផ្ទះ​ជូន​ពលរដ្ឋ​តាម​ព្រំដែន​ត្រឹម​១០០ គ្រួសារ សិន ហើយក៏​អាច​នឹង​បន្ត​សាងសង់​បន្ថែមទៀត បើ​ប្រជាពលរដ្ឋ​នៅតែ​ខ្វះខាត​»​។ នេះ​ជាការ​អះអាង​របស់លោក ទេព វីរៈ មុននឹង​បាន​បន្ថែមថា ទឹកប្រាក់​ជិត​២​សែន​ដុល្លារ​នេះ គឺ​បានមកពី​ការផ្អាក​គម្រោង​សាងសង់​ទីស្នាក់ការ​របស់ខ្លួន នៅ​ទូទាំង​២៤​ខេត្ត  ដោយ​បែរមក​សាងសង់​ផ្ទះ​ជូន​ប្រជាពលរដ្ឋ​តាម​ព្រំដែន​កម្ពុជា​-​វៀតណាម​ទៅវិញ​។​

​លោក ទេព វីរៈ នៅតែ​មិនអាច​បញ្ជាក់​ឲ្យ​ច្បាស់​ថា តំបន់​ណា​ដែល​គណបក្ស​នឹង​ចាប់ផ្តើម​សាងសង់​មុនគេ​នោះទេ តែ​លោក​គ្រាន់តែ​អះអាងថា កន្លែង​ដែល​គណបក្ស​ត្រូវ​ចាប់​ផ្តើមធ្វើ​មុខ​គេ​នោះ គឺ​ទីតាំង និង​តំបន់​ទាំងឡាយណា ដែលមាន​ជម្លោះ ជាពិសេស​កន្លែង​ដែលមាន​បញ្ហា​ធ្ងន់ធ្ងរ​ជាមួយ​វៀតណាម​។ 

​អ្នកនាំពាក្យ​រូបនេះ បាន​ប្រាប់​ពី​មូល​ហេតុថា ក្រោយពី​បញ្ចប់​បេសកកម្ម​នៃ​ការចុះទៅ​ត្រួតពិនិត្យ​ព្រំដែន​កន្លងមក ថ្នាក់ដឹកនាំ​គណបក្ស​អំណាច​ខ្មែរ សង្កេតឃើញថា ប្រជាពលរដ្ឋ​នៅតាម​ព្រំដែន គឺជា​មូលដ្ឋានគ្រឹះ​ក្នុង​ការពារ​ព្រំដែន តែ​បែ​ជា​គ្មាន​ផ្ទះ​ត្រឹមត្រូវ​ទៅវិញ ដែល​បញ្ហា​នេះ​បានបង្ហាញ​ពី​ភាពទន់ខ្សោយ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ក្នុងការ​ទប់ទល់​នឹង​ការឈ្លានពាន​របស់​ប្រទេសជិតខាង ។ ហេតុដូច្នេះ​ហើយ​បានជា​ថ្នាក់ដឹកនាំ​គណបក្ស​សម្រេច បង្វែរ​ថវិកា​សម្រាប់​ស​ង​សង់​ទីស្នាក់ការ​បក្ស​តាម​ខេត្ត មក​សាងសង់​ផ្ទះ​ជូន​ប្រជាពលរដ្ឋ​ជា​អាទិភាព​វិញ​។

​សូមបញ្ជាក់ថា ថវិកា​នៃ​ការសាងសង់​ផ្ទះ​នេះ គឺជា​ជំនួយ​របស់​សប្បុរជន​នៅក្នុង​និង​ក្រៅប្រទេស​។ បើតាម​អ្នកនាំពាក្យ​ខាងលើ បន្ទាប់ពី​គណបក្ស​ថ្មី​នេះ ប្រកាស​គម្រោង​របស់ខ្លួន សប្បុរសជន​មួយចំនួន ដែល​រស់​នៅឯ​ក្រៅប្រទេស ដូចជា​សហរដ្ឋអាមេរិក និង​កាណាដា​ជាដើម បានផ្តល់​ជំនួយ​មួយចំនួន​ហើយ ដើម្បី​រួមចំណែក​ក្នុងការ​សាងសង់​ផ្ទះ​ជូន​ប្រជាពលរដ្ឋ​តាម​ព្រំដែន​នេះ​៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​