ពាក់​កណ្ដាល​ម៉ារ៉ាតុង​សៀមរាប ២០​ឆ្នាំក្រោយ​​ អ្នក​ចូល​រួម​កើន​ជាង១០ដង

ពាក់​កណ្ដាល​ម៉ារ៉ាតុង​សៀមរាប ២០​ឆ្នាំក្រោយ​​ អ្នក​ចូល​រួម​កើន​ជាង១០ដង

ទិវា​រត់​ប្រណាំង​អន្តរជាតិ​ពាក់​កណ្ដាល​​ម៉ារ៉ាតុង​នៅ​អង្គរ​វត្ត​លើក​ទី​២០ ក្នុង​ឆ្នាំ​២០១៥ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី៦ ខែ​ធ្នូ​ខាង​មុខ ខណៈ​អ្នក​ចុះ​ឈ្មោះ​ចូល​រួម​បាន​កើន​ឡើង​ជាង ១០​ដង ពី ៤០០ ទៅ ៥០០​នាក់​ក្នុង​ឆ្នាំ​១៩៩៦ រហូត​ដល់​ជាង ៨​ពាន់​នាក់​ក្នុង​ឆ្នាំ​២០១៥ នេះ។

 

ពាក់​កណ្ដាល​ម៉ារ៉ាតុង​សៀមរាប ២០​ឆ្នាំក្រោយ​​ អ្នក​ចូល​រួម​កើន​ជាង១០ដង

ម៉ារ៉ាតុង​នៅ​ភ្នំពេញ

 

លោក វ៉ាត់ ចំរើន អគ្គ​លេខាធិការ​គណៈកម្មការ​អូឡាំពិក​កម្ពុជា​បាន​រៀប​រាប់​ប្រវត្តិ​​ថា ទិវា​រត់​ប្រណាំង​អន្តរជាតិ​ពាក់​កណ្ដាល​​ម៉ារ៉ាតុង​នៅ​អង្គរ​វត្ត​បាន​បង្កើត​ឡើង​អស់​រយៈ​ពេល២០​ឆ្នាំ​ហើយ និង​ត្រូវ​កាត់​ការ​លំបាក​ជា​ច្រើន​រាប់​មិន​អស់។ លើក​ទី១ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២០ ខែ​ធ្នូ ឆ្នាំ​១៩៩៦ ហើយ​លើក​ទី២ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២១ ខែ​ធ្នូ ឆ្នាំ​១៩៩៧។

 

លោក​បាន​បញ្ជាក់​ថា ការ​ប្រារព្ធ ២​លើក​ដំបូង​មាន​ភាព​យ៉ាប់​យឺន​បំផុត ដោយសារ​ព្រឹត្តិការណ៍​នយោបាយ​​នា​ពេល​នោះ។ អ្នក​ចុះ​ឈ្មោះ​ចូល​រួម​​ដំបូង​ឆ្នាំ​១៩៩៦ មាន​ត្រឹម ៤០០ ទៅ ៥០០​នាក់​ប៉ុណ្ណោះ ហើយ​ជន​បរទេស ២០០ ទៅ ៣០០​នាក់​សុទ្ធតែ​រស់នៅ​កម្ពុជា គ្មាន​មក​ពី​ប្រទេស​ក្រៅ​ឡើយ។ លើក​ទី២ អ្នក​ចូល​រួម​បាន​កើន​ឡើង​បន្តិច​រហូត​ដល់ ៦០០ ទៅ ៧០០​នាក់ ហើយ​ជន​បរទេស​ក្នុង​ស្រុក​មាន​ប្រហែល ៣០០​នាក់។

 

អ្នក​ចូល​រួម​បាន​កើន​ឡើង​បន្ត​បន្ទាប់​នា​ពេល​ក្រោយ​រហូត​ដល់​រាប់​ពាន់​នាក់ ខណៈ​ជន​បរទេស​នៅ​ក្រៅ​ស្រុក​ក៏​ចាប់​អារម្មណ៍​ក្នុង​ព្រឹត្តិការណ៍​នេះ​ដែរ។ កាល​ពី​ឆ្នាំ​២០១៤ កន្លង​ទៅ អ្នក​ចូល​រួម​មាន​ប្រមាណ ៨​ពាន់​នាក់ មក​ពី​ប្រទេស​ចំនួន៧៨ នៅ​លើ​សាកលលោក ដែល​ជា​ការ​កើន​ឡើង​ដ៏​ខ្លាំង​មួយ និង​បង្ហាញ​ពី​ការ​ចាប់​អារម្មណ៍​របស់​ជន​បរទេស។

 

ពាក់​កណ្ដាល​ម៉ារ៉ាតុង​សៀមរាប ២០​ឆ្នាំក្រោយ​​ អ្នក​ចូល​រួម​កើន​ជាង១០ដងលោក វ៉ាត់ ចំរើន

 

​​នៅ​ក្នុង​ឆ្នាំ​២០១៥ នេះ អ្នក​ចូល​រួម​ចុះ​ឈ្មោះ​បាន​កើន​ឡើង​រហូត​ដល់​ជាង ៨​ពាន់​នាក់​ហើយ ដោយ​ក្នុង​នោះ​ជន​បរទេស​ជាង ៥​ពាន់​នាក់​មក​ពី​ប្រទេស​នានា​លើ​ពិភពលោក។ អ្នក​ចូល​រួមអាច​​នៅ​បន្ត​កើន​ឡើង​ទៀត ព្រោះ​ពេលវេលា​ប្រកួត​នៅ​សល់​ជាង ១០​ថ្ងៃ។ ទិវា​រត់​ប្រណាំង​ពាក់​កណ្ដាល​​ម៉ារ៉ាតុង​នៅ​អង្គរ​វត្ត​លើក​ទី​២០ ចែក​ចេញ​ជា ៣​វិញ្ញាសា​គឺ ២១​គីឡូម៉ែត្រ ១០​គីឡូម៉ែត្រ និង ៣​គីឡូម៉ែត្រ៕

 

អត្ថបទ៖ គង់ វិសាល