ជម្លោះ​ដីធ្លី​រវាង​សហគមន៍​និង​មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​នៅ​ខេត្ត​មណ្ឌលគិរី

សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង ភូមិ​ពូច្រារ ឃុំ​ស្រែព្រះ ស្រុក​កែវសីមា ដាក់​ពាក្យ​ប្ដឹង​លើក​ទី​ពីរ​ជូន​ស្ថាប័ន​ចំនួន​បី ក្នុង​ខេត្ត​មណ្ឌលគិរី ឲ្យ​ប្រញាប់​ដោះស្រាយ​ជម្លោះ​ដីធ្លី​រវាង​សហគមន៍ និង​មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​ស្រុក រួម​ជាមួយ​ឈ្មួញ​ម្នាក់។ អ្នក​ភូមិ ចោទ​មន្ត្រី​កង​រាជ​អាវុធហត្ថ និង​ឈ្មួញ​ម្នាក់​នោះ ថា​បាន​រំលោភ​យក​ដី​ជាង ៨០​ហិកតារ ដែល​អាជ្ញាធរ​ឃុំ​សម្រេច​ប្រគល់​ឲ្យ​អ្នក​ភូមិ​ធ្វើ​ស្រែ។

អាជ្ញាធរ​ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី កំពុង​ស្វែងរក​លទ្ធភាព​ដោះស្រាយ​ជម្លោះ​ដីធ្លី​រវាង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង ភូមិ​ពូច្រារ ៤៤​គ្រួសារ ជាមួយ​និង​មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​ស្រុក ដែល​ធ្វើ​ឲ្យ​អ្នក​ភូមិ​ប្រឈម​ទៅ​នឹង​ខ្វះ​ដី​ធ្វើ​ស្រែ។

កាល​ពី​សប្ដាហ៍​មុន តំណាង​អ្នក​ភូមិ​ពូច្រារ បាន​ដាក់​ពាក្យ​ប្ដឹង​លើក​ទី​ពីរ​ជូន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អាជ្ញាធរ​ខេត្ត និង​ស្ថាប័ន​អយ្យការ​តុលាការ​ខេត្ត​មណ្ឌលគិរី ចោទ​ប្រកាន់​មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​ស្រុក​កែវសីមា គឺ​លោក សាក់ សារុន និង​ឈ្មោះ ឡឹក ហ៊ា ពី​បទ​រំលោភ​បំពាន​ដី​សហគមន៍។

ទាក់ទិន​ពាក្យ​ប្ដឹង​នេះ អភិបាល​ស្រុក​កែវសីមា លោក ស៊ិន វណ្ណវុឌ្ឍ ទទួល​ស្គាល់​ថា អ្នក​ភូមិ​បាន​ចម្លង​ជូន​អាជ្ញាធរ​ស្រុក​រួច​ហើយ ខណៈ​ដែល​អាជ្ញាធរ​ស្រុក​កំពុង​ព្យាយាម​ចុះ​ទៅ​ពិនិត្យ​ទីតាំង​មាន​ទំនាស់​ជាក់ស្តែង ដើម្បី​រក​លទ្ធភាព​ដោះស្រាយ​បញ្ហា​ជូន​អ្នក​ភូមិ។ រីឯ​លទ្ធផល​ចុះ​ទៅ​ពិនិត្យ​ទីតាំង​នោះ ដោយសារ​តែ​បច្ចុប្បន្ន​ដី​នៅ​តំបន់​នោះ​មិន​អំណោយ​ផល​ក្នុង​ការ​ត្រួត​ពិនិត្យ ហេតុ​នេះ​ក្រុម​ការងារ​បាន​វិល​ត្រឡប់​មក​វិញ ហើយ​ត្រូវ​រង់ចាំ​ដី​ស្ងួត​ដាច់​ទឹក​ភ្លៀង ទើប​ក្រុម​ការងារ​ចុះ​ទៅ​ម្តង​ទៀត ដើម្បី​ពិនិត្យ​វាយ​តម្លៃ​ពី​ទំហំ​ដី និង​ការងារ​ជាក់ស្តែង​សម្រាប់​ដោះស្រាយ​បញ្ហា៖ «យើង​នឹង​សម្រប​សម្រួល​ម្តង​ទៀត តើ​គាត់​ផ្តល់​ឲ្យ​ប្រជាពលរដ្ឋ​ប៉ុណ្ណា គាត់​យក​ប៉ុណ្ណា ហើយ​បើ​ករណី​សម្រប​សម្រួល​មិន​ឈ្នះ​ទេ មាន​តែ​ទៅ​ថ្នាក់​ខេត្ត ឬ​តុលាការ​ហើយ»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង លោក សាក់ សារុន សុំ​បំភ្លឺ​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ។ ចំណែក​បុរស​ឈ្មោះ ឡឹក ហ៊ា បាន​បញ្ជាក់​ថា ដី​នោះ លោក និង​លោក សាក់ សារុន ចូល​មក​កាន់​កាប់​បី​ឆ្នាំ​មុន​ពេល​អាជ្ញាធរ​ឃុំ ចេញ​លិខិត​ប្រគល់​ឲ្យ​អ្នក​ភូមិ។ លើស​ពី​នេះ​ទៀត ​បច្ចុប្បន្ន​លោក​បាន​ធ្វើ​ស្រែ​លើ​ដី​ប្រមាណ ៥០​ហិកតារ​នៅ​តំបន់​នោះ​ហើយ ហេតុ​នេះ​លោក​មិន​ប្រគល់​ដី​ដែល​លោក​បាន​កាន់​កាប់​ទៅ​ឲ្យ​អ្នក​ភូមិ​ឡើយ៖ «ពួក​ហ្នឹង​ឃើញ​របស់​ស្រួល​ចេះ​តែ​ចង់​បាន។ ដី​ព្រៃ​ជិត​ផ្ទះ​គាត់ គាត់​លក់​អស់​ហើយ។ ខាង​ខ្ញុំ​មិន​ឲ្យ​ទេ ឲ្យ​តែ​ដី​ណា​ដែល​ខ្ញុំ​មិន​ទាន់​ធ្វើ​យក​ចុះ ដី​ខ្ញុំ​ធ្វើ​ហើយ មិន​ឲ្យ​ទេ ធ្វើ​បី​ឆ្នាំ​ហើយ​ហ្នឹង»

កាល​ពី​ខែ​មិថុនា ប្រជាពលរដ្ឋ​ភូមិ​ពូច្រារ បាន​ដាក់​ពាក្យ​ប្ដឹង លោក សាក់ សារុន រួម​ទាំង​កង​កម្លាំង​ពីរ​នាក់​ទៅ​ស្ថាប័ន​អយ្យការ ពី​បទ​ប្រើ​អំណាច​ចាប់​ប្រជាពលរដ្ឋ​បី​នាក់​ដាក់​ខ្នោះ ហើយ​វាយ​ដំ​រាង​កាយ គំរាម​កំហែង ជេរ​ប្រមាថ​ទៅ​លើ​ពលរដ្ឋ​ពីរ​នាក់​ផ្សេង​ទៀត បន្ទាប់​ពី​អ្នក​ភូមិ​នាំ​គ្នា​ចុះ​រៀបចំ​ភ្ជួរ​រាស់​ធ្វើ​ស្រែ ក៏ប៉ុន្តែ​បុរស​ឈ្មោះ ឡឹក ហ៊ា បាន​ហៅ​អ្នក​ភូមិ​ឲ្យ​ទៅ​ជួប​នៅ​រោង​ចាំ​ដី​របស់​ខ្លួន។ បន្ទាប់​មក មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​មក​ដល់ ហើយ​ចោទ​ថា​អ្នក​ភូមិ​ថត​រូប​នៅ​រោង​ចាំ​ដី​របស់​ខ្លួន​ខុស​ច្បាប់ ទើប​ចាប់​ដាក់​ខ្នោះ។ រហូត​មក​ទល់​នឹង​ពេល​នេះ មន្ត្រី​អយ្យការ​មិន​ទាន់​ចាត់​ការ​ពាក្យ​ប្ដឹង​នេះ​នៅ​ឡើយ។

តំណាង​សហគមន៍​ភូមិ​ពូច្រារ លោក ណេត ស្រេង រៀបរាប់​ថា អ្នក​ភូមិ​សម្រេច​ចិត្ត​ដាក់​ពាក្យ​ប្ដឹង​រឿង​ក្តី​នេះ​បន្ថែម​ទៀត ដោយសារ​តែ​មន្ត្រី​អយ្យការ​មិន​បាន​ចាត់​ការ​បណ្ដឹង​របស់​អ្នក​ភូមិ ហើយ​អូស​បន្លាយ​ពេល​កាន់​តែ​យូរ ដែល​ធ្វើ​ឲ្យ​អ្នក​ភូមិ​ប្រឈម​មុខ​ទៅ​នឹង​ខ្វះ​ដី​ប្រកប​របរ​ចិញ្ចឹម​ជីវិត។ លោក​ព្រមាន​ថា នឹង​បន្ត​ប្ដឹង​ទៅ​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ដើម្បី​ផ្តល់​យុត្តិធម៌​ក្នុង​រឿង​នេះ ប្រសិន​អាជ្ញាធរ​ពាក់ព័ន្ធ​ថ្នាក់​មូលដ្ឋាន មិន​អាច​ដោះស្រាយ​បញ្ហា​នេះ​ជូន​ពលរដ្ឋ​បាន៖ «ប្ដឹង​ទារ​យក​ស្រែ​វិញ។ ទី​២ សុំ​ឲ្យ​បង់​ជំងឺ​ចិត្ត ដែល​គាត់​ប្រើ​អំពើ​ហិង្សា​ដាក់​ខ្នោះ​វាយ​ដំ​ច្រំ​ធាក់​តាម​អំពើ​ចិត្ត។ កាល​ពី​កន្លង​មក ដាក់​ចូល​តុលាការ​ម្តង​ហើយ​ស្ងាត់​ឈឹង»

មេ​ឃុំ​ស្រែព្រះ កាល​ពី​ថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​២០១៥ បាន​ចេញ​លិខិត​សម្រេច​ឲ្យ​ប្រជាពលរដ្ឋ ៤៤​គ្រួសារ ចុះ​ទៅ​ធ្វើ​ស្រែ​នៅ​ស្រែ​ត្រពាំង​ចក ចំណុច​ពូត្រូមចាស់ បន្ទាប់​ពី​បុរស​ឈ្មោះ ឡឹក ហ៊ា ចូល​ទី​កាន់​កាប់​ដី​ចំណុច​នោះ ហើយ​សំអាង​ថា ខ្លួន​ជា​អ្នក​ថែ​រក្សា​ដី​ឲ្យ​មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​ស្រុក និង​មិន​ព្រម​ចូល​ខ្លួន​មក​ពិភាក្សា​បញ្ហា​តាម​ការ​អញ្ជើញ​របស់​អាជ្ញាធរ​ឃុំ​ចំនួន​ពីរ​លើក។

មេ​ឃុំ​ស្រែព្រះ លោក ព្យើក ប៉េ មាន​ប្រសាសន៍​ថា ដី​តំបន់​នោះ​ជា​ដី​ឋិត​ក្នុង​តំបន់​ដែន​ជម្រក​សត្វ ជា​អតីត​ដី​ចម្ការ​វិល​ជុំ​សហគមន៍ ប៉ុន្តែ​អ្នក​ភូមិ​បាន​បោះ​បង់​ចោល​ដី​នោះ​ជា​បណ្ដោះអាសន្ន ដោយសារ​តំបន់​នោះ​កើត​មាន​អសន្តិសុខ។ លោក​ថា អាជ្ញាធរ​ស្រុក គឺ​ជា​អ្នក​ណែនាំ​ឲ្យ​ចេញ​លិខិត​ប្រគល់​ដី​ជូន​អ្នក​ភូមិ​ធ្វើ​ស្រែ ដោយសារ​តែ​អ្នក​ភូមិ​នៅ​តំបន់​នោះ​មិន​មាន​ដី​គ្រប់គ្រាន់៖ «គឺ​ដី​សហគមន៍​ព្រៃ​ផ្តល់​ផល ដី​អភិរក្ស​ដី​គ្រប់គ្រង​របស់​រដ្ឋបាល​អភិរក្ស​អ៊ីចឹង។ ខ្ញុំ​បាន​ចុះ​ទៅ​មើល​ជាមួយ​រដ្ឋបាល​ព្រៃ​ឈើ គេ​មើល​អ៊ីចឹង ហើយ​បើ​ដី​អាស្រ័យ​ផល​ប៉ុន្មាន គេ​កាត់​ឲ្យ​ប្រជាជន បើ​ខេត្ត​កាត់​ក្តី»

របាយការណ៍​របស់​អ្នក​ភូមិ​ពូច្រារ មាន​ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ព្នង ភូមិ​ស្រែឈូក ភូមិ​ស្រែអំពិល និង​ភូមិ​ស្រែខ្ទុំ មាន​បំណង​ចូល​ទៅ​ធ្វើ​ស្រែ​នៅ​តំបន់​ស្រែ​ត្រពាំង​ចក ​ចំណុច​ពូត្រូមចាស់ ដែល​ជា​អតីត​ដី​ស្រែ​របស់​អ្នក​ភូមិ​ដែល​មាន​ភ្លឺ​ស្រែ និង​ដំណាំ​ហូប​ផ្លែ​បន្សល់​ជា​សំអាង​ថា ទីនោះ​ជា​ភូមិ​ចាស់​របស់​ពួក​គេ។

ដូច​គ្នា​នេះ​ដែរ របាយការណ៍​អង្កេត​របស់​មន្ត្រី​អាដហុក (ADHOC) ខេត្ត​មណ្ឌលគិរី តំបន់​មាន​ស្រែ​របស់​ប្រជាពលរដ្ឋ​នោះ ឋិត​ក្នុង​តំបន់​អភិរក្ស​ជា​ដី​សាធារណៈ​របស់​រដ្ឋ ហេតុ​នេះ​មិន​អាច​បុគ្គល​ណា​ចូល​ទៅ​កាន់​កាប់​ដី​នោះ​យក​ជា​កម្មសិទ្ធិ​ឯកជន​បាន​ឡើយ។

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​អាដហុក ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា ចាត់​ទុក​ការ​ចូល​ទៅ​កាន់​កាប់​ដី​របស់ លោក សាក់ សារុន និង​ឈ្មោះ ឡឹក ហ៊ា ថា​ជា​ការ​ចូល​កាន់​កាប់​ខុស​ច្បាប់ ពីព្រោះ​ក្នុង​នាម​ជា​មន្ត្រី​សាធារណៈ​របស់​រដ្ឋ លោក សារុន មិន​អាច​យក​តួនាទី ឬ​អំណាច​ចូល​កាន់​កាប់​ដី​រដ្ឋ ហើយ​បំពាន​ទៅ​លើ​សិទ្ធិ​រស់នៅ​របស់​ជនជាតិ​ដើម​ភាគ​តិច​នោះ​ឡើយ។ លោក​ថា ការ​សម្រប​សម្រួល​ណា​មួយ ដែល​មន្ត្រី​មូលដ្ឋាន​ប៉ុនប៉ង​ធ្វើ​ឡើង​ក្នុង​រឿង​នេះ​ដើម្បី​បញ្ចប់​បញ្ហា គឺ​ជា​ប្រការ​ខុស​ច្បាប់៖ «បើ​ទោះ​សម្រប​សម្រួល​បាន​ក្តី អាជ្ញាធរ​មិន​គួរ​បោះ​បង់​ចោល​បទល្មើស​ព្រហ្មទណ្ឌ​ទេ ព្រោះ​បើ​គាត់​ទៅ​រំលោភ​ដី​ហ្នឹង​ហើយ មាន​ន័យ​ថា មាន​បទល្មើស​ព្រហ្មទណ្ឌ មាន​ការ​កាប់​ព្រៃ​ឈើ រំលោភ​ហ៊ុមព័ទ្ធ​ដី​រដ្ឋ​យក​ជា​កម្មសិទ្ធិ។ យើង​ជំរុញ​គាត់​ឲ្យ​អនុវត្ត​នីតិ​ព្រហ្មទណ្ឌ​ផង»

យ៉ាង​ណា​ក៏ដោយ តំណាង​សហគមន៍​ភូមិ​ពូច្រារ ឲ្យ​ដឹង​ថា អ្នក​ភូមិ​ទាមទារ​ឲ្យ​អាជ្ញាធរ​ដក​ហូត​ដី​ប្រគល់​ឲ្យ​អ្នក​ភូមិ​ប្រើប្រាស់​តាម​លក្ខណៈ​ប្រពៃណី​ជនជាតិ​ដើម​ភាគ​តិច ហើយ​សុំ​ឲ្យ​ស្ថាប័ន​អយ្យការ ចោទ​ប្រកាន់​មន្ត្រី​អាវុធហត្ថ​ពី​បទ​ប្រើ​អំពើ​ហិង្សា​វាយ​ដំ​រាង​កាយ និង​ចាប់​ប្រជាពលរដ្ឋ​ដាក់​ខ្នោះ​ដោយ​ខុស​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។