​ស្នង​ការ​ខេត្ត​ព្រះ​សីហនុ​ថា សមត្ថ​កិច្ច​បាន​ត្រៀម​ខ្លួន​រួច​ហើយ​ដើម្បី​ការ​ពារ​សន្តិ​សុខ​ក្នុង​ឱកាស​បុណ្យ​អុំ​ទូក

ខេត្ត​ព្រះ​សីហ​នុ ៖ ខ​ណៈ​ពេល​ពិធីបុណ្យ អុំ​ទូក អកអំបុក សំពះ​ព្រះ​ខែ និង លយ​ព្រះ​ទីប នឹង​ឈាន​ចូល​មក​ដល់​នា​ថ្ងៃ​ទី​២៤ ​វិច្ឆិកា ស្អែក ខេត្ត​ព្រះ​សីហ​នុ ដែល​ជា​ខេត្ត​ទេសចរ​ណ៍ដ៏​មាន​សក្តានុពល​ទី​០២​ បន្ទាប់​ពី​ខេត្តសៀមរាប កំពុង​ត្រៀមខ្លួន​ជា​ស្រេច​ក្នុង ក្នុង​ការ​ការពារ​សន្តិសុខ​សុ​វត្ថិភាពជូន​ភ្ញៀវ​ទេសចរ​​ជាតិ និង​អន្តរជាតិ ទាំង​នៅ​លើគោក និងនៅ​តាម​បណ្តា​កោះនានា ។

នេះ​បើ​យោង​តាម​ការ​បញ្ជា​ក់​ពី​លោក ឧត្តមសេនីយ៍​ទោ​ជួន ណា​រិ​ន្ធ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​។

​ថ្លែង​ក្នុង​កិច្ច​សម្ភាសន៍ នា​ព្រឹក​ថ្ងៃ​ទី​២៣​ វិច្ឆិកា នេះ លោក​ឧត្តមសេនីយ៍​ទោ​ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​គូសបញ្ជាក់​ថា នៅ​ក្នុង​ពិធីបុណ្យ អុំទូក អកអំបុក សំពះ​ព្រះ​ខែ និង លយ​ព្រះ​ទីប ដែល​មាន​រយៈពេល​៣​ថ្ងៃ​ខាង​មុខ​នេះ ស្នងការ​នគរបាលខេត្ត​ព្រះ​សីហ​នុ បាន​ត្រៀមកំលាំងរួច​ជា​ស្រេចក្នុង​ការ​ការពារសន្តិសុខ សុ​វត្ថិភាព ជូន​ភ្ញៀវ​ទេសចរ​​គ្រប់​ជាតិ​សាសន៍​ដែល​បាន​មក​កំសាន្ត​នៅ​ខេត្ត​ព្រះ​សីហ​នុ ដោយ​បាន​ដាក់​កំលាំង​ល្បាត និងកំលាំង​ឈរ​ជើង​តាម​គោលដៅ​សំខាន់ តាម​បណ្តា​ឆ្នេរ តាម​បណ្តា​កោះ និង តាម​ផ្លូវទឹក លើស​ពី​នេះ​កំលាំង​ទាំងអស់​ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ បាន​ប្រចាំការ​២៤​ម៉ោងលើ​២៤​ម៉ោង ដោយ​បែង​ចែង​ជា​២​វេន​ថ្ងៃ និង​យប់ ​​។​

​នៅ​រាជធានី​ភ្នំពេញ​នា​ឆ្នាំ​នេះ​ពុំ​បាន​ប្រារ​ព្ធ​ពិធីបុណ្យ អុំទូក អកអំបុក សំពះ​ព្រះ​ខែ និងលយ​ព្រះ​ទីប ​ខេត្ត​ព្រះ​សីហ​នុស​ង្ឃឹ​ម​ថា នឹង​មាន​ភ្ញៀវ​ទេសចរ​យ៉ាងច្រើន​មក​កំសាន្ត​សំរាក​លំហែកាយ​។ លោកឧត្តម​សេនីយ៍បន្ត​ថា ដើម្បី​ឱ្យ​កិច្ចការរបស់​សមត្ថកិច្ច​មាន​ភាពល្អ​ប្រសើរ ដ៏​រាប​ណា​មានការ​សហការ​​ល្អពី​គ្រប់​បណ្តា​ភ្ញៀវ​ទេសចរ​​ទាំង​លើ​ការ​ប្រុង​ប្រយ័ត្ន​ផ្ទាល់ខ្លួន ទាំង​អនាម័យ​បរិស្ថាន ​៕