ជ្រីបេតុងស៊ុម​​បង្អួច​សណ្ឋាគារ​​ស្តារឃីង ​បាក់​ធ្លាក់​​​ចូល​ដីឡូផ្ទះ​អ្នក​ជិត​ខាង​ សំណាង​ល្អ​​គ្មាន​គ្រោះ​ថ្នាក់​

​រាជ​ធានី​ភ្នំពេញ ៖ ជ្រីបេតុងស៊ុម​​បង្អួច​សណ្ឋាគារ​និង​ខុនដូ​​ស្តារឃីង​ ដែល​មាន​ម្ចាស់​ឈ្មោះ ទា សុភា បាន​​​បាក់​ធ្លាក់​​​ចូល​ដី​ឡូផ្ទះជួល​​​​អ្នក​ជិត​ខាង​ សំណាង​ណាស់​​មិន​បង្ក​ឱ្យ​មនុស្ស​ណា​ម្នាក់​រង​គ្រោះ​​​ក្នុង​ហេតុការណ៍​នេះ​ឡើយ កាលពី​​​វេលា​ម៉ោង​១១និង​១៥នាទី​ព្រឹក​ថ្ងៃទី​២៣ វិច្ឆិកា ២០១៥ ស្ថិត​នៅ​​អគារ​​លេខ​​១៦៨​A ​ផ្លូវ​លេខ​១០៣ ភូមិ​ទួល​គោក សង្កាត់​ទួលសង្កែ ខណ្ឌ​ទួល​គោក ។​

​ប្រជា​ពលរដ្ឋ​​នៅ​កន្លែង​កើតហេតុ​បាន​​និយាយ​ថា ​មុន​ពេល​កើតហេតុ​ ​ពួក​គាត់​ឮសូរ​សំឡេង​​​​ធ្លាក់​របស់​អ្វី​មួយ​យ៉ាង​ខ្លាំង​​​ក៏​នាំ​គ្នា​ចេញ​មក​មើល​ស្រាប់​តែ​ឃើញ​ជ្រីបេតុង​ស៊ុម​បង្អួច​សណ្ឋាគារ​និង​ខុនដូ​​ស្តារឃីង​​​​ ប្រវែង​១,៥ម៉ែត្រ ទទឹង​៣តឹក ទម្ងន់​ជិត​១០០​គីឡូក្រាម បាន​បាក់​​ធ្លាក់​​​ពី​ជាន់​ទី៤​នៃ​សណ្ឋាគារ​និង​ខុនដូ​​ស្តារឃីង ​​​ចូល​ដី​ឡូផ្ទះ​ជួល ​ប៉ុន្តែ​មិន​បង្ក​ឱ្យ​​មាន​មនុស្ស​ណាម្នាក់​​រង​គ្រោះថ្នាក់​​​នោះ​ទេ ។ ពួក​គាត់​បន្ត​ថា កន្លែង​​ដែល​​ជ្រីបេតុង​ស៊ុម​បង្អួច​បាក់​​​ធ្លាក់នេះ កន្លងមក ​​មាន​ក្មេង​ៗ​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​រត់​លេង​ទីនេះ ​។

ម្ចាស់​ដីឡូផ្ទះ​ជួល ឈ្មោះ ​លឹម សុ​ចន្ទ ភេទស្រី អាយុ​៤៥​ឆ្នាំ ដែល​មាន​ទី​លំនៅ​ខាង​លើ ​បាន​ឱ្យ​ដឹង​ថា គាត់​នឹង​ដាក់​ពាក្យ​បណ្តឹង​ទៅ​សមត្ថកិច្ច​​ជុំ​វិញ​ករណី​ខាង​លើនេះ ​ព្រោះ​បើ​គាត់​មិន​ដាក់​ពាក្យ​បណ្តឹង​​ដើម្បី​បង្ការ​ជា​មុន​នោះទេ ខ្លាច​ថ្ងៃ​ក្រោយ​​ជ្រីបេតុង​ស៊ុម​បង្អួច​សណ្ឋាគារ​និង​ខុនដូ​​ស្តារឃីង​​​​​ ​​​អាច​​កើត​ឡើង​​​ជា​ថ្មី​ម្តង​ទៀត​​គ្រប់​ពេល ​​និង​អាច​​បង្ក​​ឱ្យ​មាន​មនុស្ស​​​រង​គ្រោះ​​​ថ្នាក់​មិន​ខានឡើយ ៕