ជន​សកម្មប្រយុទ្ធ​ទាក់ទិន​រដ្ឋ​អ៊ិ​ស្លា​ម​១១​នាក់​បាញ់​សម្លាប់​នៅ​កូ​កាស់​ខាងជើង​រុ​ស្ស៊ី

គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ភេរវកម្ម​រុ​ស្ស៊ី​អះអាង​កាលពី​ថ្ងៃ​ទី​២២ វិច្ឆិកា ថា សមាជិក​១១​នាក់​នៃ​ក្រុម​មួយ​ទាក់ទិន​នឹង​រដ្ឋ​អ៊ិ​ស្លា​ម​បាន​ត្រូវ​សម្លាប់​ក្នុង​ប្រតិបត្តិការ​មួយ​នៅ​តំបន់​កូ​កាស់​ខាងជើង​របស់​រុ​ស្ស៊ី ។

គណៈកម្មាធិការ​នេះ​បញ្ជាក់​ថា សមាសភាព​១១​នាក់​របស់​ក្រុម​ទាក់ទិន​នឹង​រដ្ឋ​អ៊ិ​ស្លា​ម​បាន​ត្រូវ​ស្លាប់​ក្នុង​ការ​បាញ់​ត​គ្នា​ដែល​មាន​រយៈពេល​មួយ​ម៉ោង ។

មុន​នេះ​នា​ថ្ងៃ​ទី​២២ វិច្ឆិកា ដែរ​កងកម្លាំង​ពិសេស​រុ​ស្ស៊ី​បាន​ធ្វើ​ប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម​មួយ​ក្នុង​តំបន់​ព្រៃ​ក្បែរ​ទីក្រុង NALCHIK រដ្ឋធានី​នៃ​រដ្ឋកា​បា​ឌី​ណូ បាល់​ការី ជា​សាធារណរដ្ឋ​មួយ​របស់​រុ​ស្ស៊ី ។ ពុំ​មាន​សេចក្តីរាយការណ៍​ពី​ការ​បាត់បង់​ខាង​កងកម្លាំង​ពិសេស​នេះ​ឡើយ ។

ការ​ព្រួយបារម្ភ​នានា​មានការ​កើនឡើង​ចំពោះ​សន្តិសុខ​នៅ​រុ​ស្ស៊ី​ចាប់តាំងពី​ក្រុង​មូ​ស្គូ​ធ្វើការ​វាយប្រហារ​តាម​អាកាស​ប្រឆាំង​បណ្តា​ទីតាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ស៊ី​រី​ពី​ដំណាច់​ខែកញ្ញា មក ។

ជា​ការ​ឆ្លើយ​តប ពួក​ជ្រុលនិយម​បាន​ចេញផ្សាយ​កាលពី​ដើមខែ​នេះ​នូវ​វី​ដេ​អូ​ជា​ភាសា​រុ​ស្ស៊ី​មួយ​ដែល​គំរាមកំហែង​ធ្វើការ​វាយប្រហារ​បង្ហូរឈាម​នានា​នា​ពេល​ខាង​មុខ​ឆាប់​ៗ​នៅ​រុ​ស្ស៊ី ។

ក្រុង​មូ​ស្គូ​បាន​បង្កើន​វិធានការ​សន្តិសុខ​ក្នុង​ទូ​ទាំង​ប្រទេស​ក្រោយ​ការ​វាយប្រហារ​ភេរវកម្ម​នៅ​ក្រុងប៉ារីស​កាលពី​ថ្ងៃ​ទី​១៣ វិច្ឆិកា បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​១៣០​នាក់​មក ។

ម្យ៉ាងវិញទៀត រុ​ស្ស៊ី​សន្យា​តាម​រក​ចាប់ខ្លួន និង​នាំ​មក​ដាក់ទោស​ពួក​អ្នក​ដែល​ចូលរួម​ក្នុង​ការ​វាយប្រហារ​យន្តហោះ​រុ​ស្ស៊ី​មួយ​គ្រឿង​កាលពី​ថ្ងៃ​ទី​៣១ តុលា នៅ​តំបន់​ស៊ី​ណៃ​អ៊ី​អេ​ហ្ស៊ី​ប ។ ភ្នាក់ងារ​សន្តិសុខ​រុ​ស្ស៊ី​យល់​ថា នេះ​ជា​ការ​វាយប្រហារ​ភេរវកម្ម​មួយ ៕