ចិន​ថា​ការ​រៀបចំ​បណ្តា​ប្រជុំ​កោះ​និង​តំបន់​ថ្ម​ប៉ប្រះ​ទឹក​នៅ​សមុទ្រ​ចិន​ខាងត្បូង​ជា​រឿង​សំខាន់

លោក LIU ZHENMIN អនុរដ្ឋមន្ត្រី​ការ​បរទេស​ចិន​ថ្លែង​កាលពី​ថ្ងៃ​ទី​២២ វិច្ឆិកា ថា ការ​រៀបចំ និង​ការ​កសាង​ដែល​ចិន​បាន​ធ្វើ​លើ​បណ្តា​ប្រជុំ​កោះ និង​តំបន់​ថ្ម​ប៉ប្រះ​ទឹក​នៅ​សមុទ្រ​ចិន​ខាងត្បូង ជា​រឿង​ដែល​យើង​ត្រូវធ្វើ ដើម្បី​កែ​លម្អ​លក្ខខណ្ឌ​ជីវភាព​រស់នៅ​របស់​ប្រជាជន​ចិន ហើយ​បំពេញ​ឱ្យ​បាន​ល្អ​បណ្តា​កាតព្វកិច្ច​អន្តរជាតិ​របស់​ក្រុង​ប៉េ​កាំ​ង ។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ខាងក្រៅ​កិច្ចប្រជុំ​កំពូល​លើក​ទី​២៧ របស់​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​អាស៊ាន​បូក​៣​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួរ លោក LIU បន្ត​ថា ការងារ​ទាំងនេះ​ក៏​នឹង​អាច​បង្កើត​ផង​ដែរ​បណ្តា​លក្ខខណ្ឌ​អនុគ្រោះ​ដល់​ការ​កែ​លម្អ​សេវាកម្ម​សាធារណៈ​ជា​គុណប្រយោជន៍​របស់​គ្រប់​ប្រទេស​ក្នុង​តំបន់ ។

ម្យ៉ាងទៀត អ្នកការទូត​ជាន់ខ្ពស់​ចិន​រូប​នេះ​បាន​បរិហារ​ពី​ការ​លុកលុយ​របស់​នាវាចម្បាំង​អា​មេ​រិ​កមួយ​គ្រឿង​ដែល​បើកបរ​កាត់​ដែនទឹក​មិន​ដល់​ចម្ងាយ​១២​ម៉ា​យ​ផង ពី​តំបន់​ថ្ម​ប៉ប្រះ​ទឹក​ចិន ក្នុង​សមុទ្រ​ចិន​ខាងត្បូង ដោយ​ចាត់​ទុក​ថា​នេះ​ជា​ការ​បង្កហេតុ​ខាង​នយោបាយ​មួយ​ក្នុង​នាម​សេរីភាព​នៃ​ការ​ធ្វើ​នាវាចរណ៍ ។ លោក​យល់​ថា ទិស​ដៅ​ពិតប្រាកដ​នៃ​ការ​លុកលុយ​នេះ​របស់​អា​មេ​រិ​ក​គឺ​សំដៅ​សាកល្បង​មើល​ប្រតិកម្ម​របស់​ចិន​ប្រឈម​មុខ​នឹង​ការ​បង្កហេតុ​បែប​នោះ ៕