គាស់ពោធិព្រឹក្ស​លើ​សួនមុខសត្យ​មុនី​ចេតិយ យកទីតាំងក្រោមដីធ្វើ​​ចំណត​រថយន្ត​

គាស់ពោធិព្រឹក្ស​លើ​សួនមុខសត្យ​មុនី​ចេតិយ យកទីតាំងក្រោមដីធ្វើ​​ចំណត​រថយន្ត​

រាជធានី​ភ្នំពេញ ៖ ពោធិព្រឹក្ស​ជាទី​សក្ការៈ​របស់​ខ្មែរ មាន​អាយុកាល​ជិត ២៥​ឆ្នាំ ដែល​ដាំ​នៅ​លើ​សួនច្បារ​មុខ​សត្យ​មុនី​ចេតិយ ស្ថិត​នៅ​ចន្លោះ​អគារ​វឌ្ឍនៈ និង​អគារ​កា​ណា​ឌី​យ៉ា តាម​ណ្តោ​យ​មហាវិថី​ព្រះ​មុនី​វង្ស ត្រូវ​បាន​គាស់​ស្ទូច​យក​មក​ដាំ​ជា​បណ្តោះអាសន្ន ក្នុង​បរិវេណ​សត្យ​មុនី​ចេតិយ កាលពី​យប់​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ ។

ទាក់ទិន​ទៅ​នឹង​ការ​ផ្លាស់​ប្តូរ​ទី​សក្ការៈ​ពោធិព្រឹក្ស​នេះ ត្រូវ​បាន​មន្ត្រី​សាលា​ខណ្ឌដូនពេញ បាន​ឲ្យ​ដឹង​ថា ពិតជា​មានការ​ប្តូរ​ទី​សក្ការៈ​ពោធិព្រឹក្ស​មាន​អាយុកាល​ជិត​២៥​ឆ្នាំ ដែល​សម្តេច​អគ្គ​មហា​សង្ឃ​រាជាធិបតី ឧទ្ទេស​បណ្ឌិត ទេព វង្ស ដង្ហែ​ពី​ប្រទេស​ឥណ្ឌា ក្នុង​ទសវត្សរ៍​៩០ ហើយ​យក​មក​ដាំ​នៅ​លើ​សួនច្បារ​មុខ​សត្យ​មុនី​ចេតិយ នោះ​មែន ។

កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ ក្រុមបច្ចេកទេស​ផ្នែក​ដាំ​ដើមឈើ មាន ជនជាតិ​កូរ៉េ និង​ខ្មែរ បាន​យក​រថយន្ត​ស្ទួ​ច​ចំណុះ​៥០​តោន​មួយ​គ្រឿង និង​មួយ​គ្រឿង​ទៀត​ចំណុះ​២៥​តោន ព្រមទាំង​រថយន្ត​ដឹក​មួយ​គ្រឿង បាន​ស្ទួ​ច​ពោធិព្រឹក្ស​យក​ទៅ​ដាក់​ដាំ​នៅ​ក្នុង​បរិវេណ​សត្យ​មុនី​ចេតិយ បន្ទាប់​ពី​អ្នកបច្ចេកទេស​កាត់​មែក និង​ឫស​ផ្សាំ​ទុក​អស់​រយៈ​មួ​យស​ប្តា​ហ៍​រួច​មក ។

មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា ទីតាំង​ចាស់​ដែល​ជា​សួនច្បារ​ដាក់​ដាំ​ដើម​ពោធិព្រឹក្ស​នោះ ត្រូវ​បាន​មជ្ឈមណ្ឌល​កា​ណា​ឌី​យ៉ា​ដែល​មានការ​ឯកភាព​ពីសា​លា​រាជធានី ភ្នំពេញ រៀបចំ​ធ្វើ​ចំណត​ក្រោម​ដី​៣​ជាន់ ត្រូវ​គាស់​ចេញ​ជា​បណ្តោះអាសន្ន ។ ក្រោយ​ពី​ធ្វើ​ចំណត​រួចរាល់​ហើយ គេ​នឹង​យក​មក​ដាក់​ទីតាំង​ចាស់​វិញ ដូច្នេះ​ទី​សក្ការៈ​ពោធិព្រឹក្ស​ដាក់​នៅ​ក្នុង​បរិវេណ​សត្យ​មុនី​ចេតិយ គឺជា​ការ​ដាក់​បណ្តោះអាសន្ន​ប៉ុណ្ណោះ ព្រោះ​រក​កន្លែង​ដាក់​ពុំ​បាន ។

ដោយឡែក ក្រុមបច្ចេកទេស​ថែទាំ​ពោធិព្រឹក្ស​ក្នុង​បរិវេណ​សត្យ​មុនី​ចេតិយ បាន​បង្ហើប​ឲ្យ​ដឹង​ថា ការ​ដោះ​ដូរ​បន្លាស់​ទីតាំង​ដើមឈើ​មួយ​ដើម​ៗ​មិនមែន​ជា​ការ​ងាយស្រួល​នោះ ទេ ជាក់ស្តែង​ដូច​ករណី​ពោធិព្រឹក្ស​ដែល​មាន​អាយុកាល​ជិត​២៥​ឆ្នាំ​នេះ​ជាដើម ។ មុន​នឹង​ប្តូរ​ទីតាំង​ពោធិព្រឹក្ស​នេះ អ្នកបច្ចេកទេស​ជនជាតិ​កូរ៉េ​បាន​មក​សិក្សា​និង​ធ្វើការ​កាត់​មែក និង​ឫស​យ៉ាង​យកចិត្តទុកដាក់​អស់​ពេល​មួ​យស​ប្តា​ហ៍ ទើប​ស្ទួ​ច​យក​ទៅ​ដាក់​នៅ​កន្លែង​ផ្សេង មិនមែន​ចេះ​តែ​ធ្វើ​ប៉ាតណាប៉ាតណី​នោះ​ទេ អាច​បណ្តាល​ឲ្យ​ពោធិព្រឹក្ស​ស្លាប់ ។

ពេល​នេះ​ពោធិព្រឹក្ស​ដែល​មាន​អាយុកាល​ជិត​២៥​ឆ្នាំ​មក​ដាក់​ដាំ​នៅ​ក្នុង បរិវេណ​សត្យ​មុនី​ចេតិយ កំពុង​បែកមែក​សាខា ហើយ​សង្ឃឹមថា ជោគជ័យ​ប៉ុន្តែ​ការ​ផ្លាស់​ប្តូរ​ទៅ​ទីតាំង​ណា​ទៀត​នោះ ខាង​បច្ចេកទេស​មិន​ទាន់​ដឹង​ឡើយ គឺ​សំខាន់​ត្រូវ​តែ​ថែទាំ​ឲ្យ​ដើម​ពោធិព្រឹក្ស​រស់​ប៉ុណ្ណោះ ។

ក្រុម​អ្នក​តាមដាន​យល់​ថា ប្រសិនបើ​គាស់​ចេញ​ហើយ​មិន​រស់ មិនមែន​ជា​ប្រការ​មួយ​គួរ​ឱ្យ​រីករាយ​ឡើយ ៕