លោក ថោ​ង ខុន ចូល​ឆ្លើយ​បំភ្លឺ​នៅ​សភា​ទាក់ទង​ឆ្នេរ​ស​ធារ​ណៈ​ និង​សហគមន៍​ទេសចរណ៍

រាជធានី​ភ្នំពេញ​៖ ថ្មី​ៗ​នេះ​គណៈប្រតិភូ​ក្រសួងទេសចរណ៍​ដឹកនាំ​ដោយ​លោក ថោ​ង ខុន រដ្ឋមន្ត្រីក្រសួង​ទេស​ចរណ៍បាន​ចូលរួម​ឆ្លើយ​បំភ្លឺ​ជូន​គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា ស្តី​ពី​ឆ្នេរ​សាធារណៈ​ និង​សហគមន៍​ទេសចរណ៍​។

លោក ថោ​ង ខុន បាន​បញ្ជាក់​ថា គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា បាន​ផ្តោត​ការ​យកចិត្តទុកដាក់​ទៅ​លើ​បទ​បង្ហាញ​របស់​លោក​អគ្គនាយក​ទេសចរណ៍​ស្តី​ពី​ការ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ដែល​បច្ចុប្បន្ន​ឆ្នេរសមុទ្រ​នៃ​ខេត្ត​តំបន់ឆ្នេរ​ទាំង​បួន​ដែល​មាន​ប្រវែង៤៤០គីឡូ​ម៉ែត្រ​ និង​ជា​សមាជិក​ក្លឹ​ប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកលលោក និង​មាន​ចំនួន​ទេសចរ​កើន​ឡើងជា​លំដាប់ ហើយនឹង​ក្លាយទៅជា​ប៉ូ​ល​ទេសចរណ៍​ដ៏​ចំបង​បន្ទាប់​ពី​តំបន់​សៀមរាប​អង្គរ​នា​ពេល​ខាង​មុខ​។

លោក ថោ​ង ខុន បាន​បញ្ជាក់​ឲ្យ​ដឹង​ថា មក​ដល់​ពេល​នេះ​សហគមន៍​ទេសចរណ៍​ក៏​មានការ​រីក​ចម្រើន​ផង​ដែរ ដែល​នៅ​ទូ​ទាំង​ប្រទេស​មាន​ជាង​៥០​កន្លែង ហើយ​កន្លែង​ខ្លះ​មានការ​គ្រប់គ្រង​បាន​ល្អ ដូច​ជា​ជី​ផាត់ ចំបក់ រុន​តា​អែក ជាដើម ​ចំណែក​កន្លែង​ខ្លះ​ទៀត​នៅ​មាន​កម្រិត​នៅឡើយ ដែល​ទាមទារ​ឱ្យមានការ​ចូលរួម និង​គាំទ្រ​ពី 4ps (public, private, people & partnership)​។

លោក​រដ្ឋមន្ត្រី​ឲ្យ​ដឹង​ដែរ​ថា គណៈកម្មការ​ទី​៧ និង​តំណាង​មក​ពី​គណ​:​កម្ម​ការ​នានា​នៃ​រដ្ឋសភា​បាន​លើក​ឡើងជា​សំនួរ និង​អនុសាសន៍​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍ ហើយ​លោក​ក៏​បាន​បាន​ទទួលយក​នូវ​សំណូមពរ និង​អនុសាសន៍​ល្អ​ៗ​ទាំងនេះ ហើយនឹង​បន្ត​ខិតខំ​ប្រឹងប្រែង​ដើម្បី​ធ្វើការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ប្រកបដោយ​ប្រសិទ្ធភាព គុណភាព និង​ចីរភាព​។

គួរ​បញ្ជាក់​ថា ក្រសួងទេសចរណ៍​បាន​និង​កំពុង​រៀបចំ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ វិស័យ​ឯកជន និង​ស្ថាប័ន​ពាក់ព័ន្ធ មានការ​ទទួលខុសត្រូវ​ថែរក្សា ចំពោះ​តំបន់ឆ្នេរ​ដ៏​ស្រស់​ស្អាត​របស់​កម្ពុជា​។

ការ​រៀបចំ​សេចក្តីព្រាងច្បាប់​នេះ មានការ​គាំទ្រ​ពី​ក្រសួងបរិស្ថាន ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ រួម​ទាំង​អាជ្ញាធរ​ពាក់ព័ន្ធ​ផង​ដែរ​។ សេចក្តីព្រាងច្បាប់​នេះ​នឹង​ចប់​រួចរាល់​នៅ​ពាក់កណ្តាល​ឆ្នាំ​ក្រោយ ហើយនឹង​ដាក់​ជូន​គណៈរដ្ឋមន្ត្រី​អនុម័ត នៅ​អំឡុង​ខែមិថុនា ឆ្នាំ​២០១៦ ខាង​មុខ​នេះ​៕