កម្មករសំណង់​​​ត្រូវ​ខ្សែ​ភ្លើង​ឆក់​​​ស្លាប់ ​ខណៈដឹក​​ទៅ​សង្គ្រោះ​នៅ​​​​ភ្នំពេញ​បាន​ពាក់​កណ្តាលផ្លូវ

ខេត្ត​ព្រះ​សីហ​នុ ៖ ​យុវជន​ជា​កម្មករ​សំណង់​​ម្នាក់​​បាន​ស្លាប់នៅ​តាម​ផ្លូវ​ ខ​ណៈ​ពេល​ដឹក​ទៅ​សង្គ្រោះ​បន្ត​នៅ​រាជធានី​ភ្នំពេញ បន្ទាប់​ពី​ត្រូវ​​ខ្សែភ្លើង​ឆក់​ហើយ​ធ្លាក់​ពីលើ​ផ្ទះ​ជាន់​ទី​១ ​កាលពី​វេលា​ម៉ោង​៦​យប់​ថ្ងៃ​ទី​២២ ​វិច្ឆិកា​ ​២០១៥ ​ស្ថិតនៅ​ភូមិ​៣ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​ ។

​កម្មករ​សំណង់​​ដូច​គ្នា បាន​និយាយ​​ថា ជន​រង​គ្រោះ​​​​ ឈ្មោះ យ៉ុ​ន ទាវ ​អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ស្រុក​ដងទង់ ខេត្តកំពត បច្ចុប្បន្ន​ស្នាក់​​នៅ​​ការ​ដ្ឋាន​សាងសង់​ផ្ទះ ស្ថិត​ក្នុង​ភូមិ​៣ សង្កាត់​លេខ​​៤ ក្រុងព្រះសីហនុ ដែល​ម្ចាស់ផ្ទះ​​ឈ្មោះ ចែ​ហួង ភេទស្រី អាយុជាង​៥០​ឆ្នាំ​ ។​ ប្រភព​ដដែល​បាន​បន្ត​ថា ​​មុន​ពេល​​កើតហេតុ បន្ទាប់​ពី​ធ្វើការ​ពេញ​មួយ​ថ្ងៃ ជន​រង​គ្រោះ​រួម​ជាមួយ​កម្មករ​ដ​ទៃ​ទៀត​​ក៏បាន​​ឈប់​​សម្រាក​ងូតទឹកហូប​បាយ​រៀង​ៗ​ខ្លួន ។​

ក្រោយ​ពី​បាយ​រួច​ជន​រង​គ្រោះ​បាន​ដើរ​ចេញ​ក៏​​​ជាន់​ខ្សែភ្លើង​ឆក់ ​និង​​ខ្ទាត​ធ្លាក់​ពីលើ​ផ្ទះ​ជាន់​ទី​១ បណ្តាល​ឱ្យ​​រង​របួសធ្ងន់ ដោយ​ឃើញ​ស្ថានភាព​ធ្ងន់ធ្ងរ កម្មករ​ផ្សេង​ទៀត​បាន​រួម​គ្នា​ដឹក​ជន​រង​គ្រោះ​​​ទៅ​​សង្គ្រោះ​នៅ​គ្លីនិក​ឯក​ជន​​រស្មី​កំពង់សោម​ ​​​​​អស់រយៈ​ពេល​១​យប់​ក៏​បាន​ដឹក​បន្ត​ទៅ​ភ្នំពេញ​​មក​ដល់​ពាក់​កណ្តាលផ្លូវ​​បាន​ស្លាប់​តែ​ម្តង ​។

​សពត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​​ទៅ​កាន់​ស្រុក​កំណើត​នៅ​ឯស្រុកដងទង់ ដើម្បី​​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕