ប្រធាន​សភា​ពាណិជ្ជកម្ម​ថ្មី ឡេង សុខគា ចង់​សម្រេច​​មហិច្ឆតា ២

ប្រធាន​សភា​ពាណិជ្ជកម្ម​ថ្មី ឡេង សុខគា ចង់​សម្រេច​​មហិច្ឆតា ២

ទើប​ជាប់​ឆ្នោត​ឡើង​កាន់​តួនាទី​ថ្មី​ជា ប្រធាន​សភា​ពាណិជ្ជកម្ម​ប្រចាំ​ខេត្ត​កំពង់ស្ពឺ ​សប្ដាហ៍​កន្លង​ទៅ​នេះ​លោក ​ឡេង សុខគា បាន​បង្ហាញ​ពី​មហិច្ឆតា​សម្រេច​ការងារ​​អាទិភាព​២ ដើម្បី​រួមចំណែក​ជំរុញ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច។ ទី​មួយ ​ពង្រីក​ការ​ដាំដុះ​ ​បង្កើន​ទិន្នផល​កសិកម្ម​​ធម្មជាតិ ​និង​ទីពីរ តម្លើង​រោងចក្រ​កែច្នៃ​បង្កើត​Brand ​​ដើម្បី​នាំចេញ។

 

ផលិតផល​ធម្មជាតិ​គ្មាន​ជាតិ​គីមី ស្រូវ ​ស្ករ​ត្នោត ផ្លែ​ស្វាយ​ស្រស់ គឺ​ជា​ដែល​មាន​ទីផ្សារ​ធំៗ​​មាន​ដូចជា សហភាព​អឺរ៉ុប​ (អង់គ្លេស/បារាំង)​ ចិន​ អាមេរិក​ និង​កូរ៉េ សុទ្ធ​តែ​ជា​ម៉ូយ​ចាំ​ទទួល​ឥវ៉ាន់​ពី​កម្ពុជា។

 

“យើង​ចង់​បាន​ទិន្នផល​ច្រើន​ទៀត​សម្រាប់​នាំ​ចេញ​ជា​ពិសេស ស្រូវ ​ស្ករ​ត្នោត និង​ ​ស្វាយ​…អ៊ីចឹង​យើង​ត្រូវ​ការ​អ្នក​វិនិយោគ​មក​បោះ​ទុន​ពង្រីក​ដី​ដាំដុះ​បន្ថែម …   ដាំដុះ​បាន​ហើយ ត្រូវ​មាន​រោងចក្រ​កែច្នៃ វ៉ៃ​ស្លាក​យីហោ​ខ្លួន​ឯង​សម្រាប់​នាំចេញ។ អឺរ៉ុប​គេ​សាទរ ​និង​​ត្រូវ​ការ​ឥវ៉ាន់​យើង​​​ណាស់”។

 

ប្រធាន​សភា​ពាណិជ្ជកម្ម​ថ្មី ឡេង សុខគា ចង់​សម្រេច​​មហិច្ឆតា ២

លោក ឡេង សុខគា (អាវ​ធំ​កាន់​ផ្កា) ថ្ងៃ​ប្រកាស​លទ្ធផល​ជាប់​ជា​ប្រធានសភា​ពាណិជ្ជកម្ម​ខេត្ត​កំពង់ស្ពឺ (រូបថត៖ ផ្ដល់ឲ្យ)

 

សហគ្រិន​វ័យ ៣៥ឆ្នាំ ខាង​លើ​​មាន​បទពិសោធន៍​ធ្វើ​ជំនួញ​ប្រកប​ដោយ​ជោគជ័យ​ជាង ១០ឆ្នាំ​​ឲ្យ​ដឹង​ថា ​កំពង់ស្ពឺ​ជា​ខេត្ត​ដែល​មាន​ធនធាន​គ្រប់គ្រាន់​ក្នុង​ការ​សម្រេច​បំណង​របស់​លោក ក៏​ដូចជា​សភា​ពាណិជ្ជកម្ម​នា​អាណត្តិ​ទីពីរ​នេះ មិន​ថា​​ទីតាំង​ភូមិសាស្ត្រ​​ ផ្ទៃ​ដី​ដាំដុះ​ធំ ​កម្លាំង​ពលកម្ម​សម្បូរ ហើយ​អ្វី​ដែល​ពិសេស​បំផុត​នោះ​គឺ​ខេត្ត​នេះ​នៅ​កៀក​នឹង​ផែ​អន្តរជាតិ​សម្រាប់​នាំ​ចេញ​តែ​ម្ដង។

 

លោក ឡេង សុខគា ជា​សមាជិកភាព​របស់​សភា​ពាណិជ្ជកម្ម​កម្ពុជា ឬ​ហៅ​កាត់​ថា​CCC តាំង​ពីដំបូង​ម៉្លេះ (CCCបង្កើត​ឆ្នាំ២០០៤)។ ក្នុង​នាម​ជា​សមាជិក និង​ជា​ប្រធាន​ក្រុមហ៊ុន​​Lim Mov Co.,Ltd ​ដែល​​​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​នៅ​ទីរួមស្រុក​ឧត្តុង្គ ខេត្ត​កំពង់ស្ពឺ​តាំង​ពី​ឆ្នាំ ២០០៤ បាន​ឈរ​ឈ្មោះ និង​ជាប់​​ជា​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ប្រចាំ​ខេត្ត​កំពង់ស្ពឺ​កាល​ពី​ថ្ងៃ​ទី​ ១៥ វិច្ឆិកា ២០១៥​ថ្មីៗ​នេះ។

 

 

 

ដោយ៖ ចិត្ត