ទោះឈ្នះណាហ្គាវើល ជើងទី១ តែភ្នំពេញក្រោន ចង់ពង្រឹងសមត្ថភាពឲ្យកាន់តែល្អ

ក្រុម​ភ្នំពេញ​ក្រោន បាន​ខិត​ទៅ​យ៉ាង​កៀក​ទៅ​នឹង​ការ​ឈ្នះ​ពាន​នៃ​ការ​ប្រកួត​ក្របខ័ណ្ឌ​មិត្ត​ហ្វូនខេមបូឌាន​លីក ឆ្នាំ​២០១៥ បន្ទាប់​ពី​ពួក​គេ​បាន​យក​ឈ្នះ​លើ​ក្រុម​ណាហ្គាវើល ២-០ ក្នុង​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ ជើង​ទី​១ កាល​ពី​ថ្ងៃ​អាទិត្យ ម្សិល​មិញ ខណៈ​បឹង​កេត ក៏​បាន​​បាន​យក​ឈ្នះ​លើ​ក្រុម​​ខេមបូឌាន​ថាយហ្គឺរ ដើម្បី​បង្កើន​ឱកាស​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣​ផង​ដែរ។

នៅ​ក្នុង​ការ​ប្រកួត​ នៅ​ពហុកីឡដ្ឋាន​ជាតិ​នោះ ណាហ្គាវើល បាន​​គ្រប់​គ្រង​ការ​ប្រកួតបាន​ល្អ​នៅ​តង់​ទី​​១ ប៉ុន្តែ​ ខ្សែ​ប្រយុទ្ធ​ពាក់​ស្លាក​លេខ​៣៥ Berry របស់​ណាហ្គាវើល ​មិន​អាចបំប៉ោង​សំណាញ់​ភ្នំពេញ​ក្រោន បាន រីឯ​​ក្រោន ដែល​ទទួល​បាន​ឱកាស​ម្តង​ម្កាល​នោះ ធ្វើ​មិន​​បាន​សម្រេច​ដូច​គ្នា។
1
2
ទោះ​បី​ជា​យ៉ាង​ណា សម្រាប់​ការ​ប្រកួត​នៅ​តង់​ទី​២ ភ្នំពេញ​ក្រោន បែរ​ជា​លេង​បាន​ល្អ​ជាង​ណាហ្គាវើល​វិញ ហើយភាព​រីក​រាយ បាន​កើត​មាន​ឡើងននៅ​នាទីទី​ ៥៤​ ខណៈ​​​ខ្សែ​ប្រយុទ្ធ Bisan George បាន​តែត​បាល់​បញ្ចូល​ទី​​ជួយ​ឲ្យ​ក្រោន​នាំ​មុខ ១-០ ​នោះ។ លទ្ធ​ផល​នេះ​បាន​ធ្វើ​ឲ្យ​ណាហ្គាវើល ខំ​វាយ​បក​វិញ ប៉ុន្តែពួក​គេ​បែរ​ជា​ជួប​ការ​​ក្តៅ​ក្រហាយ​ទៅ​វិញ ខណៈ​ខ្សែ​ប្រយុទ្ធ អូម ថាវរៈ ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ទីលាន បន្ទាប់​ពី​ទទួល​បាន​កាត​​លឿង​ជា​លើក​ទី​ពីរ​នោះ។ បន្ថែម​លើ​នេះ នៅ​នាទី​ទី​៩០ ​ខ្សែ​ប្រយុទ្ធ Booysen Shane បាន​ស៊ុត​ចូល​១​គ្រាប់​ទៀត ជួយ​ឲ្យ​ភ្នំពេញ​ក្រោន ឈ្នះ​ណាហ្គាវើល ២-០ ក្នុង​ជើង​ទី​១​នេះ។

យ៉ាង​ណា​ក៏​ដោយ លោក Sam Schweingruber គ្រូ​បង្វឹក​​ក្រុម​ភ្នំពេញ​ក្រោន ​បាន​និយាយ​ក្រោយ​ការ​ប្រកួត​ថា៖​«​យើង​មិន​បាន​លេង​ដូច​នៅ​អ្វី​ដែល​យើង​គ្រោង​នោះ​ទេ ដែល​នេះ​ធ្វើ​ឲ្យ​ខ្លួន​យើង​ពិបាក។ ​ខ្ញុំ​មិន​សូវ​ភ្ញាក់​ផ្អើល​នោះ​ទេ​ ដោយ​យើង​មិន​មាន​ពេល​វេលា​គ្រប់​គ្រង​ក្នុង​ការ​លេង​ជា​ក្រុម ព្រោះ​កីឡាករ​៣​​រូប ​ត្រូវ​បំពេញ​ភារ​កិច្ច​ជាមួយ​ក្រុម​ជម្រើស​ជាតិ។ ​ទោះ​ជា​យ៉ាង​ណា​ យើង​លេង​បាន​ល្អ​វិញ​មុន​​នឹង​ចប់​តង់​ទី១ ហើយ​​យើង​គួរ​តែ​រក​បាន​មួយ​គ្រាប់​ពី​ការ​ស៊ុត​បាល់​ពិន័យ free-kick នៅ​នាទី​ទី ៣០ ខ្ញុំ​មិន​មាន​អារម្មណ៍​ថា ​​ក្រុម​ណាហ្គា​​នឹង​រក​គ្រាប់​បាល់ ​ព្រោះ​តែ​យើង​ការពារ​បាន​យ៉ាង​ល្អ»។
3
4
លោក Sam បាន​បន្ត​ថា៖​«យើង​នៅ​សល់​​មួយប្រកួត​ទៀត យើង​មាន​ពេល​ប៉ុន្មាន​ថ្ងៃ​សម្រាប់​សម្រាក ​និង​ផ្តោត​អារម្មណ៍​ឡើង​វិញ។ សប្តាហ៍​នេះ​ពិត​ជា​ពិបាក ​មិន​ត្រឹម​តែ​បាល់​ទាត់​តែ​នៅ​មាន​រឿង​ផ្សេង​ទៀត។ យើង​នឹង​ត្រលប់​មក​វិញ​ក្នុង​រយៈ​ពេល២​សប្តាហ៍ ​ជាមួយ​នឹង​ការ​ហ្វឹក​ហាត់​កាន់​តែ​ល្អ​ជាង​នេះ ព្រោះ​​ការ​លេង​របស់​យើង ​គឺ​មិន​ដូច​អ្វី​ដែល​យើង​គ្រោង​ទុក​នោះ​ទេ ​ដូច​នេះ​ខ្ញុំ​ចង់​ឲ្យ​ក្រុម​ទាំង​មូល​លេង​ល្អ​ជាង​នេះ»។​

ដោយ​ឡែក សម្រាប់​ការ​ប្រកួត​ដណ្តើម​យក​ចំណាត់​ថ្នាក់​លេខ​៣ ជើង​ទី​១ កាល​ពី​ថ្ងៃ​សៅរ៍ ​ក្រុម​បឹងកេត​អង្គរ បាន​វាយ​បក​យក​ឈ្នះ​លើ​ក្រុម​​ខេមបូឌាន​ថាយហ្គឺរ ក្នុង​លទ្ធ​ផល ៤-៣ ដ៏​គួរ​ឲ្យកត់​សម្គាល់បំផុត។
5
6
នៅ​ក្នុង​ការ​ប្រកួត​យ៉ាង​ស្វិត​ស្វាញ​នោះ ខ្សែ​ប្រយុទ្ធ​ Marie Privat និង សួង វិរៈ ​បានជួយ​ឲ្យ​​ក្រុម​ខេមបូឌាន​ថាយហ្គឺរ ​នាំ​មុខបឹង​​កេត ២-០ នៅត្រឹមនាទី​ទី​៣០ ​ មុន​ពេល​ខ្សែ​ប្រយុទ្ធ ឃួន ឡាបូរ៉ាវី​ ​វាយ​បក​បាន​១​គ្រាប់​វិញ​ឲ្យ​បឹង​កេត នៅ​នាទី​ទី​៣៨។

បន្ថែម​លើ​នេះខ្សែ​ការពារ សុខ សុវណ្ណ​ បាន​ជួយ​ឲ្យ​បឹង​កេត តាម​ស្មើ​នៅ​នាទី​ទី​៥២ ហើយ​កីឡាករ​ជប៉ុន Yuya Wada បាន​បន្ថែម​១​គ្រាប់​ទៀត​នៅ​នាទី​ទី​៧០ មុន​ពេល​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង ចាន់ វឌ្ឍនាកា បាន​រក​ឃើញ​គ្រាប់​បាល់​ទី​៤​ឲ្យ​បឹង​​កេត នៅ​នាទី​ទី​៨៨ ប៉ុន្តែ Marie Privat បាន​ស៊ុត​ចូល​១​គ្រាប់​វិញ ហើយ​ការវាយ​បក​យក​ឈ្នះ​ ៤-៣ វិញ​នេះ​បាន​ធ្វើ​ឲ្យ​បឹង​កេតអង្គរ មាន​ឱកាស​​ច្រើន ក្នុង​ការ​ប្រកួត​កាត់​សេចក្តី​នៅ​ជើង​ទី២ ជាមួយ​ក្រុម​ខេមបូឌាន​ថាយហ្គឺរ ជា​បន្ត​ទៀត៕