៣​ថ្ងៃ​ជាប់​គ្នា​ហើយ​ក្រុង​ព្រុ​ច​សែ​ល​នៅ​ស្ថិត​ក្នុង​ការ​ប្រកាស​អាសន្ន​ពេញបន្ទុក

ទីក្រុង​ព្រុ​ច​សែ​ល​នា​ថ្ងៃ​ទី​២៣ វិច្ឆិកា ឈាន​ចូល​ថ្ងៃ​ទី​៣​ហើយ​នៃ​ការ​ប្រកាស​អាសន្ន​ប្រឆាំង​ភេរវកម្ម​ពេញបន្ទុក​បន្ទាប់​ពី​ប្រតិបត្តិការ​នានា​របស់​ប៉ូលិស​ដែល​នៅ​ពុំ​ទាន់​អាច​ចាប់ខ្លួន​ជន​ឈ្មោះ SALAH ABDESLAM ជនសង្ស័យ​គន្លឹះ​ក្នុង​ការ​ស៊ើបអង្កេត​លើ​ការ​វាយប្រហារ​ភេរវកម្ម​នៅ​ក្រុងប៉ារីស ។

ដោយសារ​ការ​គំរាមកំហែង​មួយ​ដែល​ចាត់​ទុក​ថា ធ្ងន់ធ្ងរ​និង​ក្នុង​ពេល​ឆាប់​ៗ ក្រុង​ព្រុ​ច សែ​ល​ហាក់ដូចជា​ស្ថិត​នៅ​ជាប់​គាំង​ស្ទើរ​ទាំងស្រុង​ជា​សភាពការណ៍​អាក្រក់​ពុំ​ធ្លាប់​មាន​ពី​មុន​មក​សោះ សម្រាប់​រាជធានី​របស់​សហភាព​អឺរ៉ុប ។

អាជ្ញាធរ​បែ​ល​ហ្ស៊ិ​កបាន​សម្រេច​កាលពី​ថ្ងៃ​ទី​២២ វិច្ឆិកា បន្ត​១​ថ្ងៃ​ថែម​ទៀត​នូវ​ការ​ប្រកាស​អាសន្ន​កម្រិត​ខ្ពស់​បំផុត​ក្នុង​តំបន់​ក្រុង​ព្រុ​ច​សែ​ល​ដែល​មាន​ប្រជាជន​១,២​លាន​នាក់ ហើយ​ពន្យារពេល​ការ​បិទ​មេត្រូ ។ បណ្តា​សាលារៀន​ត្រូវ​បិទទ្វារ ព្រមទាំង​ម​ត្តេ​យ្យ​សាលា​រហូត​ដល់​សាកលវិទ្យាល័យ និង​សាលា​ធំ​ៗ ។ បែប​នេះ​ពុំ​ធ្លាប់​ដែល​មាន​ទាល់តែ​សោះ ក្នុង​ព្រះរាជាណាចក្រ​នេះ ។ ការ​បង្កើន​ថ្មី​កម្រិត​ប្រកាស​អាសន្ន ព្រមទាំង​បណ្តា​វិធានការ​សន្តិសុខ​ត្រូវធ្វើ​ដោយ​អាជ្ញាធរ​បែ​ល​ហ្ស៊ិ​ក​នា​រសៀល​ថ្ងៃ​ទី​២៣ វិច្ឆិកា ។

នាយក​រដ្ឋមន្ត្រី​បែ​ល​ហ្ស៊ិ​ក​លោក CHAR-LES MICHEL ថ្លែង​ក្នុង​ភាសា​ម៉ឺងម៉ាត់​ថា អ្វី​ដែល​យើង​សង្ស័យ​គឺ​ការ​វាយប្រហារ​នានា​ដូច​ការ​វាយប្រហារ​នៅ​ក្រុងប៉ារីស ជាមួយ​បុគ្គល​ច្រើន​នាក់​ដែល​អាច​វាយលុក​នៅ​តាម​ទីកន្លែង​ជា​ច្រើន​សំដៅ​គោលដៅ​នានា ពិសេស​បណ្តា​កន្លែង​មាន​មនុស្ស​ច្រើន​កុះករ ។

កាលពី​ថ្ងៃ​ទី​២១ វិច្ឆិកា កន្លង​មកនេះ លោក​បាន​លើក​ឡើង​រួច​ហើយពី​គ្រោះថ្នាក់​ទាំងនេះ ហើយ​ចាត់វិធានការ​វិសាមញ្ញ​នានា ប្រែក្លាយ​ទីក្រុង​ព្រុ​ច​សែ​ល ដែល​មាន​ទីស្នាក់ការ​សហភាព​អឺរ៉ុប និង​អូតង់​ទៅ​ជាទី​ក្រុង​ស្ងាត់ជ្រងំ​ពេញ​មួយ​ចុង​ស​ប្តា​ហ៍​។ រួច​កាលពី​យប់​ថ្ងៃ​ទី​២២ វិច្ឆិកា មានការ​តាម​ប្រមាញ់​ធំ​មួយ​នៅ​បែ​ល​ហ្ស៊ិ​ក តែ​ពុំ​អាច​រក​ឃើញ​ជន​ឈ្មោះ SALAH ABDESLAM ជនសង្ស័យ​ដែល​ដើរតួ​នាទី​គន្លឹះ​មួយ​ក្នុង​ការ​វាយប្រហារ​នៅ​ក្រុងប៉ារីស ។ ក៏​ប៉ុន្តែ​ជនសង្ស័យ​១៦​នាក់​បាន​ត្រូវ​ចាប់ខ្លួន ។

អយ្យការ​សហព័ន្ធ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​យប់​ថ្ងៃ​ទី​២២ វិច្ឆិកា និយាយ​ថា ជន​ឈ្មោះ SLAH ABDESLAM នៅ​ពុំ​ទាន់​អាច​ចាប់ខ្លួន​បាន​ក្នុង​ការ​លុក​ឆែកឆេរ​នានា ដែល​ធ្វើ​ក្នុង​សង្កាត់​៦​នៃ​ទីក្រុង​ព្រុ​ច​សែ​ល និង​នៅ​តំបន់ CHARLEROI ភាគ​ខាងត្បូង​ប្រទេស ។ នៅ​ក្រុង​ព្រុ​ច​សែ​ល​ដែល​មានការ​ដាក់​ប៉ា​រ៉ា​ស់ និង​ស្ទើរ​គ្មាន​សកម្មភាព​ទាំងស្រុង ប៉ូលិស​បាន​ធ្វើការ​លុក​ឆែកឆេរ​១៩​កន្លែង ។ ទាំង​អាវុធ ទាំង​គ្រឿងផ្ទុះ​ពុំ​អាច​រក​ឃើញ ក៏​ប៉ុន្តែ​ប៉ូលិស​ចាប់ខ្លួន​មនុស្ស​១៦​នាក់ ។

កង​ទាហាន និង​ប៉ូលិស​នៅ​តែ​ដាក់​ពង្រាយ​នៅ​មុខ​បណ្តា​ទីតាំង​យុទ្ធសាស្ត្រ​ដូច​ជាម​ហា​ទីលាន GRAND-PLACE និវេសនដ្ឋាន​នាយក​រដ្ឋមន្ត្រី ឬ​ខុទ្ទកាល័យ​របស់​លោក ។

SALAH ABDESLAM ជនជាតិ​បារាំង​អាយុ​២៦​ឆ្នាំ ដែល​រស់នៅ​បែ​ល​ហ្ស៊ិ​ក​ដើរតួ​នាទី​យ៉ាង​ហោច​ណាស់​ក៏​ខាង​ការ​ផ្គត់ផ្គង់​ក្នុង​ការ​វាយប្រហារ​ភេរវកម្ម​ក្រុងប៉ារីស ដែរ ។ បងប្រុស​របស់​គេ​ឈ្មោះ BRAHIM បាន​ធ្វើ​ឱ្យ​គ្រាប់បែក​ដាក់​ជាប់​ខ្លួន​គេ​ផ្ទុះ​ក្នុង​ភោជនីយដ្ឋាន​ក្រុងប៉ារីស​មួយ​កាលពី​ថ្ងៃ​ទី​១៣ វិច្ឆិកា ។ ដោយ​ត្រូវ​សារព័ត៌មាន​បែ​ល​ហ្ស៊ិ​ក​ចាត់ទុកជា​សត្រូវ​សាធារណៈ​លេខ​មួយ SALAH ABDESLAM គេ​គិត​ថា វិល​មក​កាន់​បែ​ល​ហ្ស៊ិ​ក​វិញ​ប៉ុន្មាន​ម៉ោង​ក្រោយ​ការ​វាយប្រហារ​នៅ​ក្រុងប៉ារីស ។ បងប្រុស​បង្អស់​របស់​គេ​ឈ្មោះ MOHAMED ក្នុង​បទ​សម្ភាសន៍​តាម​ទូរទស្សន៍​កាលពី​ថ្ងៃ​ទី​២២ វិច្ឆិកា អំពាវនាវ​ឱ្យ​រូបគេ​ចុះចូល ៕