ក្រុមហ៊ុនមួយ របស់ជប៉ុន កែច្នៃសាច់របស់ដើមឈើ មកផលិតធ្វើជាមី​ ដែលបរិភោគទៅ មិនងាយធាត់!

ជប៉ុន៖ វាគឺជារឿងដ៏គួរឲ្យចាប់អារម្មណ៍ បន្ទាប់ពីមានក្រុមហ៊ុនមួយរបស់ ប្រទេសជប៉ុន បានប្រកាសអំពីវិធី ក្នុងការច្នៃដើមឈើ ឲ្យក្លាយទៅជាមីមួយប្រភេទ ដែលមានជាតិកាឡូរីតិច ហើយបរិភោគទៅមិនខ្លាច នឹងឡើងទម្ងន់ ឬក៏ប្រឈមមុខនឹង ភាពធាត់ជ្រុលនោះឡើយ។

យោងតាមប្រភព ព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុនវាយនភ័ណ្ឌ​ ឈ្មោះថា Omikenshi ដែលមានទីតាំងស្ថិតនៅ ក្នុងទីក្រុងអូសាកា របស់ប្រទេសជប៉ុន បានងាកមកចាប់នូវ វិធីសាស្ត្រមួយទៀត បន្ថែមពីការផលិតសម្លៀកបំពាក់ ដោយនោះគឺជាការប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីមួយ ក្នុងការកែច្នៃសាច់ឈើស្ងួត លាយជាមួយនឹង ដើមរុក្ខជាតិ Konjac ដើម្បីឲ្យវាក្លាយទៅជាម្សៅអង្ករ Fiber ដែលមានជាតិកាឡូរីតិច និងមិនធ្វើឲ្យអ្នកបរិភោគ ប្រឈមមុខនឹងភាពធាត់នោះឡើយ។

មីជប៉ុន ដែលក្រុមហ៊ុនមួយនេះ សម្រេចក្នុងការផលិតឡើង ត្រូវបានគេឲ្យឈ្មោះថា Cell-eat ហើយវាមាន២៧កាឡូរីប៉ុណ្ណោះ​ ក្នុង១ផោន (០.៤៥គីឡូក្រាម) រីឯមីដែលធ្វើឡើងពីស្រូវសាឡី វិញ មានជាតិកាឡូរីដល់ទៅ ១,៥៣៨ ក្នុង១ផោន។ នេះហើយគឺជាកត្តា ដ៏ចំបងដែលនាំ ឲ្យមី Cell-eat នេះ មានអត្ថប្រយោជន៍ និងមិនមានបញ្ហាធំដុំអ្វីដែលអាចប៉ះពាល់ដល់សុខភាព របស់អ្នកបរិភោគ។

ក្រុមហ៊ុនមួយ របស់ជប៉ុន កែច្នៃសាច់របស់ដើមឈើ មកផលិតធ្វើជាមី​ ដែលបរិភោគទៅ មិនងាយធាត់!
មីជប៉ុន ដែលមានជាតិកាឡូរីតិច បរិភោគទៅមិនខ្លាច នឹងការឡើងទម្ងន់

លោក Takashi Asami នាយកគ្រប់គ្រងផ្នែក យុទ្ធសាស្ត្រក្នុងការអភិវឌ្ឍន៍ វត្ថុធាតុដើមប្រចាំក្រុមហ៊ុន Omikenshi បាននិយាយថា “ក្រុមហ៊ុនរបស់យើង បានឈានជើងចូលក្នុង ជំនួញផ្នែកចំណីអាហារ ដែលនេះគឺជា ផ្លូវដើរដំបូងបំផុតមួយសម្រាប់យើង។ មីរបស់យើងនេះផងដែរ គឺត្រូវបានផលិតឡើង ដើម្បីបំពេញនូវតម្រូវការរបស់មនុស្សដែលចង់បាននូវចំណីអាហារប្រភេទណាដែលបរិភោគទៅ មិនងាយនឹងឡើងទម្ងន់ជាពិសេសតែម្តង”។

គូសបញ្ជាក់ផងដែរថា នេះគឺជាវិធីសាស្ត្រ ដ៏ថ្មីស្រឡាងមួយទៀតហើយ ក្នុងការកែច្នៃសាច់ឈើ បូកជាមួយនឹងដើមរុក្ខជាតិ ដើម្បីផលិតជាមី ដែលមានជាតិកាឡូរីតិច ហើយវាក៏កំពុងតែ ធ្វើឲ្យមនុស្សជាច្រើន ចាប់អារម្មណ៍និង មានបំណងចង់សាកល្បងវាផងដែរ៕

ក្រុមហ៊ុនមួយ របស់ជប៉ុន កែច្នៃសាច់របស់ដើមឈើ មកផលិតធ្វើជាមី​ ដែលបរិភោគទៅ មិនងាយធាត់!
កញ្ចប់មីដែលត្រូវ បានគេផលិតឡើង ជាពិសេសសម្រាប់ អ្នកដែលខ្លាចការឡើងទម្ងន់

ប្រភព៖

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត