សមត្ថកិច្ច​ចម្រុះតំបន់​អភិរក្សជីវៈចម្រុះសីមា​ ចាប់សាច់សត្វព្រៃ​ជាង២០០គីឡូក្រាម

ខេត្តមណ្ឌលគិរី ៖ ​សាច់ព្រៃចំនួនជាង២០០គីឡូក្រាម​ រួមនឹងម៉ូតូសម្រាប់ប្រព្រឹត្តឹបទល្មើស​ចំនួន៤គ្រឿង ​ត្រូវបានជំនាញប្រចាំ​នៅតំបន់អភិរក្ស​ជីវៈចម្រុះ​សីមាដឹកនាំដោយ ប្រធាន​គម្រោង​កម្មវិធី ​លោក មាគ វុឌ្ឍី ​សហការជាមួយកម្លាំង​កងរាជអាវុធហត្ថ​​ ដឹកនំា​​លោក​ ​ស្វាយ សុវណ្ណា​ ​ជាមេបញ្ជាការក្តាប់រួម ​ចាប់បាននៅ​ចំណុច​ភូមិព្រះ ឃុំស្រែព្រះ​ ស្រុកកែវសីមា​ កាលពីព្រឹកថ្ងៃទី២៣ ​វិច្ឆិកា ២០១៥។

លោក​មាគ វុឌ្ឍី បានឲ្យដឹងថា​ សត្វព្រៃដែលជំនាញចាប់បាននោះ ​ជាសត្វទន្សោងនឹងមានទម្ងន់២១០គីឡូក្រាម ​។ លោកបន្តថា ​សាច់សត្វទន្សោងនេះ​ ត្រូវបានក្រុមព្រាន​ព្រៃ​ លបលួចដាក់អន្ទាក់នៅ​ក្នុងតំបន់ព្រៃការពារ ​ហើយនៅពេលប្រមាញ់​បានហើយនោះ ពួកគេ​បានពុះបំបែកជាច្រើនបំណែក​ច្រកក្នុងបាវ ​រួចធ្វើការដឹក​ជញ្ជូន​តាមម៉ូតូ ។​ជាចៃដន្យនៅពេលក្រុមមន្ត្រីជំនាញ​ កំពុងធ្វើសកម្មភាពល្បាត​ ស្រាប់តែប្រទះឃើញ​ក្រុមអ្នកជួញដូរសត្វ ​កំពុងធ្វើការដឹកជញ្ជូន​សាច់ព្រៃចេញពីព្រៃអភិរក្ស ​ដើម្បីយកទៅ​លក់លើទីផ្សារ ។ ​លោកស្វាយ សុវណ្ណា ​មេបញ្ជាការក្តាប់រួមបានឲ្យដឹងថា​ គ្រាន់តែពួកគេ (ក្រុមអ្នកបរបាញ់សត្វ) ​ឃើញមន្ត្រីជំនាញភ្លាម​ ក៏ផ្តួលម៉ូតូរត់​ចូលព្រៃបាត់​ស្រមោល​តែម្តង​ ។ បន្ទាប់ពីប្រមូលបាន​សាច់ព្រៃហើយ​ រួមនឹងម៉ូតូដែលជាមធ្យោបាយរួចមក ​មន្ត្រីជំនាញបានដឹក​យកទៅរក្សាទុកនៅស្នាក់​ការអភិរក្ស ​រង់ចាំធ្វើការដុត​កម្ទេច​ចោលនូវសាច់ព្រៃខាងលើ ​ចំណែកម៉ូតូកម្លាំង​ជំនាញកំពុងធ្វើការស្រាវជ្រាវ​រកម្ចាស់ ​ដើម្បីចាត់ការតាមផ្លូវច្បាប់៕