បញ្ជូន​​ជនសង្ស័យ​២​នាក់​ និងថ្នាំ​ញៀន​ជាង​១​គីឡូក្រាមទៅ​សាលាដំបូង​រាជធានី​​

​រាជ​ធានី​ភ្នំពេញ ៖ ជ​សង្ស័យ​២​នាក់ និង​ថ្នាំ​ញៀន​ជាង​១​គីឡូក្រាម​ ត្រូវ​​បាន​សមត្ថ​កិច្ច​នគរបាល​មន្ទី​រប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ ចាប់​បញ្ជូន​ទៅ​​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៣ វិ​ច្ឆិកា នេះ ​​។

ជនសង្ស័យ​​ដែល​សមត្ថកិច្ច​ឃាត់​ខ្លួន​ទាំង​២​នាក់​​ខាង​លើ​នេះ​ ម្នាក់​ឈ្មោះ ឌី​ន មិន​ហ៊ូ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​វៀតណាម និង​ម្នាក់​ទៀត​ឈ្មោះ សែ​ម សាយ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ ​ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃ​ទី​១៨ ​វិច្ឆិកា ​២០១៥ នៅ​ក្បែរ​មន្ទីរពេទ្យ​ជោ​រៃ​ភ្នំពេញ ស្ថិត​ក្នុងភូមិ​បឹង​ឈូក សង្កាត់​និរោធ​ ខណ្ឌ​ច្បារ​អំពៅ ។

ប្រភព​ព័ត៌មាន​ពី​​មន្ត្រី​សមត្ថកិច្ច​ បាន​ឲ្យ​ដឹង​ថា ដំបូង​មុខសញ្ញា​​ទាំង​២នាក់​នេះ បាន​ណាត់ជួបមុខសញ្ញា​ម្នាក់​ទៀត​ ដែល​ជា​មេខ្លោង​ជួញដូរ​គ្រឿងញៀនខាងកើត​មន្ទីរពេទ្យ​ជោ​រៃ​ភ្នំពេញ ដើម្បី​ទិញ​ថ្នាំ​ញៀន ទៅ​តាម​តម្លៃ​ដែល​បាន​ចរចា​គ្នា​រួច​ហើយ ។ ពេល​កំពុង​ធ្វើ​សកម្មភាពមុខសញ្ញា​ជា​មេខ្លោង​ដឹង​ខ្លួន​​ថា មាន​សមត្ថកិច្ច​តាម​បង្ក្រាប​ក៏​បាន​បើករថយន្ត​ម៉ាកឡិច​ស៊ី​ស៤៧០ ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ 2K-9882 យ៉ាង​លឿន​គេច​ពី​សមត្ថកិច្ច​ បណ្តាល​ឲ្យធ្លាក់​ផ្លូវ​ទៅ​មុខ​លែង​រួច ហើយ​មុខសញ្ញា​រត់​គេចខ្លួន​បាត់ បន្សល់​ទុក​រថយន្ត​​នៅ​កន្លែង​​កើតហេតុ​ ។

ក្នុង​ពេល​ឆែកឆេរ​ក្នុង​រថយន្ត សមត្ថកិច្ច​រក​ឃើញ​គ្រឿងញៀន​ប្រភេទ​ហេ​រ៉ូ​អ៊ី​ន​ចំនួន៣​ដុំ ទម្ងន់​ជាង​១​គីឡូក្រាម ។ ភ្លាម​ៗ​នោះ សមត្ថកិច្ច​ក៏​បាន​ឃាត់ខ្លួន​មុខសញ្ញា​២​នាក់ រួច​បញ្ជូន​ទៅ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ ដើម្បី​សាកសួរ​រក​អត្តសញ្ញាណ​មេខ្លោង ដែល​​រត់​គេចខ្លួន​បាត់  ៕