ហា​ជី ត្រូវ ឬ​ខុស ក្នុងការ​ជ្រើសរើស​ថោ​ន ​?

Sanofi

​ក្រោយ​ការបង្ហាញ​ជា​សាធារណៈ ស្ដីពី​ការចូល​ជា​សមាជិក​ថ្មី​ក្នុង​ផលិតកម្ម Town របស់លោក ម៉ៅ ហា​ជី ភ្លាមៗ​នោះ​ផលិតកម្ម​រស្មី​ហង្ស​មាស​បាន​ចេញមក​ធ្វើការ​បកស្រាយ ដោយ​ចាត់ទុក​ការចូល​ផលិតកម្ម Town របស់ ហា​ជី ជាការ​រំលោភ​លើ​កុងត្រា ។​​បើតាម​ការបង្ហាញ​រប​ស់​ផលិតកម្ម​រស្មី​ហង្ស​មាស ហា​ជី បានចាប់ផ្ដើម​ចុះ​កុងត្រា​ជាមួយ​ខ្លួន​រួចហើយ តាំងពី​វគ្គ Live show ដែលមាន​បេក្ខជន​ទាំង ១២ នាក់​មកម្ល៉េះ ដែល​តាម​កុងត្រា​នោះ បេក្ខជន​ជាប់​លេខ ១ នឹង​ជាប់​កុងត្រា​ដោយ​ស្វ័យប្រវត្តិ​មួយ​ផ្សេងទៀត បន្ថែម​ពីលើ​កុងត្រា​ក្នុង​កម្មវិធី​មួយទៀត ហើយ បេក្ខជន​ទាំង ១១ នាក់​ផ្សេងទៀត ជាប់​ត្រឹម​កុងត្រា​ជាមួយនឹង​កម្មវិធី Cambodian Idol តែប៉ុណ្ណោះ ។ សម្រាប់​កុងត្រា​ក្នុង​កម្មវិធី Cambodian Idol ជា​កុងត្រា​ដែល​ត្រូវបាន​គេ​ហៅថា កុងត្រា​ប្រភេទ​ដំបូង ហើយ​វា​មាន​រយៈពេល ១ ឆ្នាំ ។​

​យោងតាម​កុងត្រា​ដែលមាន ៧ ជំពូក និង ៩ មាត្រា ត្រូវបាន​ផលិតកម្ម​រស្មី​ហង្ស​មាស​អះអាងថា មិនមែន​ជាការ​ចងជើង ឬ បំបិទ​សិទ្ធិ​របស់ ម៉ៅ ហា​ជី ឡើយ តែ​អ្វីដែល​គួរ​ពិចារណា​គឺ ហា​ជី បាន​រំលោភ​លើ​កិច្ច​កុងត្រា​ដោយ​មិនមាន​ពិភាក្សា​ជាមួយនឹង​ផលិតកម្ម​រស្មី​ហង្ស​មាស ហើយ​ទៅ​ចុះ ហត្ថលេខា​ជាមួយនឹង​ផលិតកម្ម​ថ្មី​ផ្សេងទៀត មិនមែនជា​ផលិតកម្ម​រស្មី​ហង្ស​មាស ។​

​បើតាម​ជំពូក ៧ ក្នុង​កុងត្រា​ជាមួយ​ផលិតកម្ម​រស្មី​ហង្ស​មាស ដែល​ត្រូវបាន​គេ​ហៅថា កុងត្រា​ដំបូង​នោះ បាន​បញ្ជាក់ថា ​«​ក្រោយ​ភាគី ខ បាន​ផ្ដិតមេដៃ​នេះ​ទៅ ភាគី ខ គ្មាន​សិទ្ធិ​ចូលរួម ឬ បង្ហាញខ្លួន ជា​សាធារណៈ ឬ ចុះ​កុងត្រា​ជាមួយនឹង​ក្រុមហ៊ុន ឬ ផលិតកម្ម​ណា​មូ​យ​ក្នុង​ចន្លោះ ​ខែមិថុនា ឆ្នាំ​២០១៥ ដល់​ខែធ្នូ ឆ្នាំ​២០១៦ ដោយ​គ្មាន​ការអនុញ្ញាត​ជា​លាយលក្ខណ៍អក្សរ​ពី​កម្មវិធី បើទោះជា​ធ្លាក់​ក៏ដោយ (​នេះ​គិត​ត្រឹម​បេក្ខជន​ទាំង ១២ នាក់ ដែល​ឈាន​ចូលដល់​វគ្គ Live show តែប៉ុណ្ណោះ​) ។កិច្ចសន្យា​នេះ ធ្វើឡើង​រវាង​ភាគី ក និង ភាគី ខ ដោយ​គ្មាន​ការបង្ខិតបង្ខំ​ពី​ភាគី​ណាមួយ​ឡើយ ហើយ​កិច្ចសន្យា​នេះ មាន​សុពលភាព​ពី​ពេលនេះ ចាប់ពី​ពេល​ផ្ដិតមេដៃ​ឡើងមក​នេះ​ជា​ភស្ដុតាង ហើយ​ការទទួល​យល់ព្រម របស់ ហា​ជី និង ផលិតកម្ម​រស្មី​ហង្ស​មាស​គឺធ្វើឡើង​នៅ​ថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០១៥ ។​

​សម្រាប់​ហង្ស​មាស និង បេក្ខជន ហា​ជី ផ្ទាល់ ភាគី​ទាំងពីរ​មាន​ត្រឹមតែ​កុងត្រា​ក្នុង​កម្មវិធី Cambodian Idol តែប៉ុណ្ណោះ ដោយឡែក​កុងត្រា​សម្រាប់​ធ្វើជា​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​មាស​នោះ​មិនទាន់ បានធ្វើ​កិច្ច​កុងត្រា​ជាមួយនឹង​ក្រុមហ៊ុន​នៅឡើយ​ទេ ពោលគឺ​មានតែ នី រតនា តែ​ម្នាក់​គត់​ដែល​ជាប់ កុងត្រា​ជាមួយនឹង​កម្មវិធី Cambodian Idol និង ជាប់​កុងត្រា​ស្វ័យប្រវត្តិ​ជាមួយនឹង​ផលិតកម្ម​រស្មី​ហង្ស មាស ក្រោយ​ក្លាយជា​ម្ចាស់​ពានរង្វាន់ Cambodian Idol រដូវ​កាល​ទី ១ នោះ។​

​សូមបញ្ជាក់ថា បេក្ខជន Cambodian Idol ម៉ៅ ហា​ជី បាន​ទៅ​ចុះ​កុងត្រា​ធ្វើជា​តារាចម្រៀង​នៅ​ផលិតកម្ម Town ជា​ផ្លូវការ​ហើយ ហើយ​ផលិតកម្ម Town ផ្ទាល់​ក៏បាន​ធ្វើការ​ផ្សព្វផ្សាយ​ពី​ព័ត៌មាន​នេះ​ផងដែរ ដែល​ព័ត៌មាន​នេះ​បានធ្វើ​ឲ្យ​មាន​ដំណើរការ​ផ្នែក​ផ្លូវច្បាប់​រវាង ហា​ជី និង ផលិតកម្ម​រស្មី​ហង្ស​មាស តែ​ដោយឡែក​សម្រាប់​អ្នកគាំទ្រ​ភាគច្រើន​បានបង្ហាញ​ពី​ការពេញចិត្ត​របស់​ពួកគេ​សម្រាប់​ការចូលទៅ ក្នុង​ផលិតកម្ម Town របស់​ហា​ជី ៕ រិទ្ធី ខេមរា​



Related