ពានស្ពនស័រ រកឃើញក្រុមខ្លាំងប្រចាំនៅមណ្ឌលភ្នំពេញ ឡើងទៅវគ្គផ្តាច់ព្រ័ត្រ

ការ​ប្រកួត​កីឡា​បាល់​ទាត់​ហ្វូត​សាល ដណ្តើម​ពាន​រង្វាន់​ភេសជ្ជៈ Sponsor ប្រចាំ​ឆ្នាំ ២០១៥ (Sponsor Futsal Cup 2015) បាន​រក​ឃើញ​ក្រុម​ខ្លាំង​ទាំង​២​ប្រចាំ​មណ្ឌល​រាជធានី​ភ្នំពេញ សម្រាប់​បន្ត​ដំណើរ​ឡើង​ទៅ​​ប្រកួត​នៅ​វគ្គ​ផ្តាច់​ព្រ័​ត្រហើយ បន្ទាប់​ពី​បាន​ចំណាយ​ពេល​ប្រកួត​ត្រឹម​២​ថ្ងៃ ដោយ​បាន​បញ្ចប់ កាល​ពី​​យប់​ថ្ងៃ​អាទិត្យ ម្សិល​មិញ។
1
2
4
ក្រុម Victory FC និង​ក្រុម Ovmal True Brands គឺ​ជា​បេក្ខភាព ដែល​បាន​ឈ្នះ​កៅ​ប្រចាំ​នៅ​មណ្ឌល​ភ្នំពេញ​នេះ បន្ទាប់​ពី​ក្រុម​ទាំង​២ បាន​ជម្នះ​នូវ​ការ​ប្រកួត​យ៉ាង​ស្វិត​ស្វាញ តាំង​ពី​វគ្គ​ជម្រុះ​ចាញ់​ធ្លាក់ៗ ដែល​មាន​ក្រុម​ចូល​រួម​រហូត​ដល់​៣៦​ក្រុម ដើម្បី​ឡើង​ទៅជួប​គ្នា នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​នោះ។

សម្រាប់​ការ​ប្រកួតវគ្គ​ផ្តាច់​ព្រ័ត្រ  នៅ​លើ​ទី​លាន​សិប្បនិមិត្ម Premium Sport Club កាល​ពី​យប់​ថ្ងៃ​អាទិត្យ​នោះ  ក្រុម Victory FC ​បាន​យក​ឈ្នះ​លើ​​ក្រុម Ovmal True Brands ក្នុង​លទ្ធ​ផល ៥-១ ដើម្បី​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ប្រចាំមណ្ឌល​រាជធានី​ភ្នំពេញ​នេះ ដោយ​ទទួល​បាន​ប្រាក់​​២​លាន​រៀល និង​ក្រុម​លេខ ២ Ovmal True Brands បាន​១,៦​លាន​រៀល​។
3
បន្ថែម​លើ​នេះ ក្រុម Victory FC និង​​ក្រុម Ovmal True Brands ​ត្រូវ​ត្រៀម​ខ្លួន​​ឡើង​​ទៅ​​ប្រកួត​នៅ​វគ្គ​​ផ្តាច់​ព្រ័ត្រ ជាមួយ​ក្រុម​ខ្លាំង​មក​ពី​មណ្ឌល​ចំនួន​៤ទៀតរួម​មាន​មណ្ឌល​បាត់ដំបង មណ្ឌល​សៀមរាប មណ្ឌល​ក្រុងព្រះសីហនុ និង​​មណ្ឌល​កំពង់ចាម ដោយ​មណ្ឌល​ទាំង​៤​នេះ នឹង​ត្រូវ​ធ្វើ​ការ​ប្រកួត​ជម្រុះ​ជា​បន្ត​បន្ទាប់​គ្នា ដើម្បី​រក​ក្រុម​ខ្លាំង​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ដែល​ត្រូវ​វិល​មក​ធ្វើ​នៅ​រាជធានី​ភ្នំពេញ​វិញ៕