រដ្ឋសភា ផ្លាស់ប្តូរ​អ្នកនាំពាក្យ ហើយ​បន្ថែម​អ្នកនាំពាក្យ​តំណាងរាស្ត្រ​ជាប់ឆ្នោត ២ រូប​ទៀត​

ភ្នំពេញ: សម្តេច​ហេង​សំរិន ប្រធានរដ្ឋសភា បានចេញ​សេចក្តីសម្រេច នៅ​ថ្ងៃទី​២៣​វិច្ឆិកា​នេះ ដោយ​បង្កើត​អ្នកនាំពាក្យ​នៅ​រដ្ឋសភា សម្រាប់​នីតិកាល​ទី​៥ គឺ​អគ្គលេខាធិការ​រដ្ឋសភា ជា​អ្នកនាំពាក្យ​រដ្ឋសភា និង​តំណាងរាស្ត្រ ១ រូប នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​តំណាងរាស្ត្រ ១ រូប នៃ​គណបក្ស​សង្គ្រោះ​ជាតិ ជា​អ្នកនាំពាក្យ​របស់​គណបក្ស​រៀងៗ​ខ្លួន​។

​សេចក្តីសម្រេច បាន​លើកឡើងថា អ្នកនាំពាក្យ​របស់​រដ្ឋ​សភា មាន​តួនាទី និង​ភារកិច្ច​ជម្រាបជូន​សាធារណជន​អំពី​ព័ត៌មាន​នានា ពាក់ព័ន្ធ​នឹង​រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ រីឯ​អ្នកនាំពាក្យ​របស់​តំណាងរាស្ត្រ​នៃ​គណបក្ស មាន​តួនាទី និង​ភារកិច្ច​ផ្សព្វផ្សាយ និង​ធ្វើការ​បំភ្លឺ​ជូន​សាធារណជន​អំពី​គោលនយោបាយ និង​គោលជំហរ​របស់​គណបក្ស​នយោបាយ​រៀងៗ​ខ្លួន​។​

​យ៉ាងណាក៏ដោយ សេចក្តីសម្រេច​របស់​ស​ម្តេច​ហេង​សំរិន នៅ​ថ្ងៃទី​២៣​វិច្ឆិកា​នេះ មិនបាន​បញ្ជាក់​ឈ្មោះ​អ្នកនាំពាក្យ​ទាំង ៣ រូបនោះ​នៅឡើយ​ទេ​។ ក៏ប៉ុន្តែ​គេ​ដឹងថា អគ្គលេខាធិកា​រដ្ឋសភា សព្វថ្ងៃ គឺ​លោក ឡេង ប៉េងឡុង​។ ចំណែក​អ្នកនាំពាក្យ​តំណាងរាស្ត្រ​របស់​គណបក្ស​ទាំងពីរ គឺ​មិនទាន់​មានឈ្មោះ​នៅឡើយ​ទេ​។​

​កាលពី​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៥ សម្តេច​ហេង​សំរិន បានចេញ​សេចក្តីសម្រេច​តែង​តែង​លោក​តំណាងរាស្ត្រ ឈាង វុន ជា​អ្នកនាំពាក្យ​រដ្ឋសភា​។ រីឯ​លោកស្រី​តំណាង​រាស្ត្រ ជូ​ឡុង សូ​មូរ៉ា ភរិយា​លោក​សមរង្ស៊ី ជា​អ្នកនាំពាក្យ​បម្រុង​របស់រដ្ឋសភា​៕​