​យុវជន​ម្នាក់​ត្រូវ​ពស់​ពិស​ចឹក​ប្រអប់ជើង​​ឪពុក​ដឹក​​ទៅ​​សង្គ្រោះ​នៅ​មន្ទីរ​​ពេទ្យ​ទាន់​ពេល​

ខេត្ត​ប៉ៃលិន ៖ យុវជន​ម្នាក់​រង​របួស​ប្រអប់ជើង​ឆ្វេង​ឈឺ​ចុកចាប់​​ ខណៈឪពុក​ម្តាយ​ប្រើ​ឱ្យទៅ​ដឹកគោ​ឱ្យ​ផឹកទឹក​ដើរ​មិន​ទាន់​ដល់​ផង ស្រាប់តែ​ជាន់​លើ​ពស់​ពិសប្រភេទ​​​ពព្លាក់​​ពណ៌​ស​ចឹក​ជើង​ឆ្វេង​មុត​៤​ច​ង្កូម​ហូរ​ឈាម​ជោកជើង​​ស្រែក​ទ្រហោយំ​​យ៉ាង​ខ្លាំង​ ​​ត្រូវ​បាន​​ឪពុក​ម្តាយ​ដឹក​យក​ទៅសង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ទាន់​ពេល កាលពី​វេលា​ម៉ោង​៤និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​២២ ​វិច្ឆិកា ​​២០១៥ ស្ថិត​នៅ​ចំណុច​ក្បែរ​មាត់បឹង ក្នុងភូមិ​ដីស​ថ្មី ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលាក្រៅ ។

​​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា យុវជន​រង​គ្រោះ ​ឈ្មោះ ឆ​ន ជីវ៉ា អាយុ​១៥​ឆ្នាំ ជាសិស្ស​រៀន​ថ្នាក់​ទី​៩A នៃ​អនុ​វិទ្យាល័យ​ហ៊ុន​សែន​អូរ​ដូនតា ។
​ចំណែក​​ឪពុក​​​ឈ្មោះ នួន ឆ​ន អាយុ​៦២​ឆ្នាំ បាន​រៀបរាប់​ឱ្យ​ដឹង​ថា មុន​ពេលកើតហេតុ គាត់​បាន​ប្រើ​កូនប្រុស​​គាត់​​ឱ្យ​​ទៅ​ដឹកគោ​​​ផឹកទឹក និង​ប្តូរ​ទៅ​ឱ្យ​ស៊ីស្មៅ​កន្លែង​ផ្សេង​ទៀត ខណៈ​ដើរ​ដល់​ពាក់​កណ្តាលផ្លូវជាមួយនឹង​សត្វ​ឆ្កែ​មួយ​ក្បាល ។ ពេល​នោះ​ ឆ្កែ​រត់​បែរ​ថយក្រោយ ដោយ​ឃើញ​សត្វ​ពស់ រីឯ​កូនប្រុស​​​គាត់​មិនដឹង​ថា​មានពស់​នោះ​ទេ ក៏​ដើរទៅ​ខាង​មុខឆ្កែ ស្រាប់តែ​ជាន់​លើ​ពស់​ពិស​​​​ធ្វើឱ្យ​ចឹក​ចំ​ប្រអប់ជើង​ផ្នែក​ខាងឆ្វេង​ ភ្លាមនោះ​​គាត់​ក៏ប្រញាប់​ដឹក​កូន​​មក​​​សង្គ្រោះនៅ​មន្ទីរ​ពេទ្យ​​បង្អែក​តែ​ម្តង ។​

​រហូត​មក​ដល់​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា នេះ​ កូនប្រុស​​គាត់​អន់​​បាន​ធូរ​ស្រាល​បន្តិច​ហើយ ​គ្រាន់​តែ​នៅ​​​ហើមជើង​របួស ​កូន​គាត់​ស្នាក់​នៅ​​ក្នុង​មន្ទីរ​ពេទ្យ​រង់ចាំ​រហូត​ដល់​ស្រក​​សិន​ទើបគ្រូពេទ្យ​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

​លោកគ្រូ​ពេទ្យ​បានឱ្យ​ដឹង​ថា ពស់ពព្លាក់ ពស់​ភ្នា​ក់​អ​ង្វែ​ល ពស់វែក ស្រកា​ចាស់ គឺសុទ្ធតែ​មាន​ពិស​ទាំងអស់ ដូច្នេះ​បន្ទាប់​ពី​​វាចឹក​​រួច ​ត្រូវ​ប្រញាប់​នាំ​ជន​រង​គ្រោះ​មក​ចាក់​ថ្នាំ​បន្សាប​ជាតិ​ពិស បើ​ពុំ​ដូច្នោះ​ទេ អាច​នឹង​ប៉ះពាល់​ដល់​អាយុជីវិត បើសិនជា​ជាតិ​ពិស​ជ្រាប​ចូលដល់​បេះដូង ៕ ​