មនុស្ស​២​នាក់​ស្លាប់​និង​ជាង​២០​នាក់​ក្អួត​ចង្អោរ​នៅ​ខេត្ត​ក្រចេះ​សង្ស័យ​ពុល​ស្រា​ស

អធិការ​ស្រុក​សំបូរ ខេត្ត​ក្រចេះ ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មនុស្ស ២​នាក់​ស្លាប់ និង​ជាង ២០​នាក់​ផ្សេង​ទៀត បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ស្រុក​សំបូរ បន្ទាប់​ពី​ពួក​គាត់​បាន​ចូលរួម​ពិធី​បុណ្យ​សព​ក្នុង​ភូមិ។ លោក​ថា មន្ត្រី​ជំនាញ​ដាក់​ការ​សង្ស័យ​ករណី​ស្លាប់​នោះ​បណ្ដាល​មក​ពី​ពុល​ស្រា​ស អំឡុង​ពេល​ពួក​គេ​បាន​ពិសា​ស្រា​ស​កំដរ​រោង​បុណ្យ។

អធិការ​ស្រុក​សំបូរ ខេត្ត​ក្រចេះ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៣ វិច្ឆិកា ថា មន្ត្រី​ជំនាញ និង​នគរបាល​កំពុង​ស៊ើប​អង្កេត​ពី​មូលហេតុ​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​ជាច្រើន​នាក់​ពុល។

អធិការ​ស្រុក​សំបូរ លោក ប៊ុន ឈឿន និយាយ​ថា នគរបាល​កំពុង​ស្រាវជ្រាវ​ពី​មូលហេតុ និង​ធ្វើ​កោសល្យវិច័យ​ស្រា​ស និង​ម្ហូប​អាហារ​ក្នុង​ពិធី​បុណ្យ​សព​មួយ​កន្លែង ឋិត​នៅ​ក្នុង​ភូមិ​ចារថ្នោល ឃុំ​សំបូរ នៃ​ស្រុក​សំបូរ។ លោក​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី​២០ វិច្ឆិកា អ្នក​ភូមិ​ម្នាក់​មាន​អាការៈ​ទន់​ដៃ​ទន់​ជើង វិល​មុខ និង​ក្អួត​ចង្អោរ ហើយ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ដើម្បី​សង្គ្រោះ តែ​ត្រូវ​ស្លាប់​តាម​ផ្លូវ។ រហូត​ដល់​ថ្ងៃ​ទី​២២ វិច្ឆិកា មាន​មនុស្ស ៣​នាក់​ផ្សេង​ទៀត​ក៏​មាន​អាការៈ​មិន​ស្រួល​ដូច​គ្នា​នឹង​បុរស​ដែល​បាន​ស្លាប់ ក៏​បញ្ជូន​ពួក​គាត់​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត បន្ទាប់​មក​ពលរដ្ឋ​ម្នាក់​ទៀត​ស្លាប់ និង​សង្គ្រោះ​ទាន់​ពេល ២​នាក់។ លោក​ថា បន្ទាប់​ពី​កើត​មាន​បាតុភាព​មិន​ប្រក្រតី​នេះ នគរបាល និង​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​សុខាភិបាល ជំរុញ​ឲ្យ​ពលរដ្ឋ​ដែល​ពិសា​ស្រា​ក្នុង​ពិធី​បុណ្យ​ទាំងអស់ ៤២​នាក់ ទៅ​មណ្ឌល​សុខភាព​ស្រុក​សំបូរ ដើម្បី​ពិនិត្យ និង​បង្ការ៖ «ទិញ​ម្តង​មួយ​លីត្រ​បន្តៗ​គ្នា។ ដូច្នេះ យើង​កំពុង​ស្រាវជ្រាវ​ថា ក្នុង​ពិធី​បុណ្យ​យក​ស្រា​ពី​កន្លែង​ណា​ខ្លះ? នៅ​ពេល​ដែល​សុខាភិបាល​ចុះ​មក ស្រា​នៅ​សល់​ពីរ​ដប ហើយ​ជំនាញ​សុខាភិបាល​គេ​យក​ពិសោធ​បន្ត​ទៀត ដើម្បី​រក​មើល​បញ្ហា​ហ្នឹង»

បន្ទាប់​ពី​កើត​មាន​បាតុភាព​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​នេះ នគរបាល និង​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ក្រចេះ សន្និដ្ឋាន​ជា​បឋម​ថា អាច​បណ្ដាល​មក​ពី​ពុល​ស្រា​ស។ ការ​សន្និដ្ឋាន​នេះ បន្ទាប់​ពី​ការ​ស្រាវជ្រាវ​ជា​បឋម​ទាក់ទង​នឹង​ពលរដ្ឋ​មាន​អាការៈ​មិន​ស្រួល ដូចជា វិល​មុខ ក្អួត និង​ទន់​ដៃ​ជើង ជាដើម គឺ​សុទ្ធតែ​បាន​ទទួល​ទាន​ស្រា​ស​ក្នុង​ពិធី​បុណ្យ​សព។

មេ​ឃុំ​សំបូរ លោក ជុំ សាវ៉ន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៣ វិច្ឆិកា ថា បន្ទាប់​ពី​សង្ស័យ​លើ​ស្រា​ស​ដែល​អ្នក​ភូមិ​បាន​ទទួល​ទាន​ក្នុង​ពិធី​បុណ្យ​សព អាជ្ញាធរ​បាន​ជូន​ដំណឹង​ដល់​អ្នក​លក់​ស្រា​ស និង​អ្នក​ចែក​ចាយ​ស្រា​ស​ទាំងអស់ ឲ្យ​ផ្អាក​លក់​ជា​បណ្ដោះអាសន្ន រង់ចាំ​លទ្ធផល​នៃ​ការ​ធ្វើ​កោសល្យវិច័យ​របស់​មន្ទីរ​ជំនាញ និង​នគរបាល​ជា​មុន​សិន។ លោក​ឲ្យ​ដឹង​ដែរ​ថា អំឡុង​រយៈពេល​ពីរ​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២២ ចំនួន​មនុស្ស​ដែល​មាន​អាការៈ​មិន​ស្រួល ដូចជា វិល​មុខ ទន់​ដៃ​ជើង និង​ក្អួត​ចង្អោរ​ជាង ២០​នាក់ ក្នុង​នោះ​មាន​បី​នាក់​ដែល​មាន​អាការៈ​ធ្ងន់​ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​ក្រចេះ៖ «ទន់​ដៃ​ទន់​ជើង​ស្រវាំង​ភ្នែក ហើយ​រឹង​ថ្គាម។ ចឹង​ទាក់ទង​ទៅ​មណ្ឌល​សុខភាព​បាន​ឡាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្ត​ហ្នឹង ទទួល​មរណភាព​នៅ​ទីនោះ​ទេ ពេទ្យ​សង្គ្រោះ​អត់​ទាន់​ទេ។ យើង​ផ្តល់​ព័ត៌មាន​ទៅ​មន្ទីរពេទ្យ​ខេត្ត​សង្ស័យ​ថា អាច​ជា​ករណី​ស្រា»

រហូត​មក​ដល់​ថ្ងៃ​ទី​២៣ វិច្ឆិកា មន្ត្រី​ជំនាញ និង​នគរបាល​ស្រុក​សំបូរ នៅ​មិន​ទាន់​ជូន​ដំណឹង​ដល់​គ្រួសារ​ជន​រងគ្រោះ អំពី​មូលហេតុ​នៃ​ការ​ស្លាប់ និង​កំពុង​សង្គ្រោះ​ជាច្រើន​នាក់​នោះ ថា​បណ្ដាល​មក​ពី​អ្វី​ឲ្យ​ប្រាកដ​ទេ ក្រៅ​ពី​ការ​សង្ស័យ​អំពី​ពុល​ស្រា​ស​នេះ។

មន្ត្រី​ស៊ើប​អង្កេត​នៃ​សមាគម​អាដហុក (ADHOC) ខេត្ត​ក្រចេះ លោក ឌិន ខន្នី ស្នើ​ឲ្យ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ស្រាវជ្រាវ​រក​ប្រភព​នៃ​មូលហេតុ​នៃ​ការ​ស្លាប់​នេះ​ឲ្យ​ប្រាកដ ដើម្បី​ចាត់​វិធានការ​ទប់ស្កាត់​ជា​បន្ទាន់ ចៀសវាង​ករណី​នេះ​កើត​ឡើង​ដដែលៗ។ លោក​រក​ឃើញ​ថា ករណី​ពុល​ស្រា​ស​នេះ មិន​ត្រឹម​តែ​កើត​ឡើង​នៅ​ខេត្ត​ក្រចេះ នោះ​ទេ គឺ​នៅ​បណ្ដា​ខេត្ត​មួយ​ចំនួន​នៃ​ប្រទេស​កម្ពុជា ក៏​កើត​មាន​បាតុភាព​នេះ​ដែរ ដែល​រដ្ឋាភិបាល ឬ​មន្ត្រី​ជំនាញ​ហាក់​នៅ​មិន​ទាន់​មាន​យន្តការ​ទប់ស្កាត់​ករណី​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​ឡើយ៖ «មន្ត្រី​ជំនាញ​គួរ​តែ​បើក​ការ​ស៊ើប​អង្កេត​រឿង​ហ្នឹង​ជា​បន្ទាន់ ព្រោះ​ថា កុំ​ឲ្យ​ចៀសវាង​បាត់​ភស្តុតាង​ណា​មួយ។ បើ​សិន​ករណី​បំពុល​មែន ស្វែងរក​ការ​ពិត​ជូន​ជន​រងគ្រោះ»

ស្រដៀង​គ្នា​នេះ​ដែរ នៅ​ឃុំ​សំបូរ នៃ​ស្រុក​សំបូរ ករណី​ពុល​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​នេះ បាន​កើត​ឡើង​ជា​លើក​ទី​ពីរ​ហើយ គឺ​កាល​ពី​ឆ្នាំ​២០១២ មាន​កុមារ​ចំនួន ៤​នាក់ បាន​ពុល​ដំឡូងមី បន្ទាប់​ពី​ពួក​គេ​បរិភោគ​ដំឡូង​ជំនួស​បាយ ហើយ​ក្នុង​ចំណោម​កុមារ ៤​នាក់​នោះ មាន​កុមារ​ពីរ​នាក់​បាន​ស្លាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។