នាយក​រដ្ឋមន្ត្រី​រុស្ស៊ី លោក ឌីមីទ្រី មេដវេដេវ បញ្ចប់​ទស្សនកិច្ច​នៅ​ខេត្ត​សៀមរាប

នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​រុស្ស៊ី លោក ឌីមីទ្រី មេដវេដេវ (Dmitry Medvedev) បាន​ចំណាយ​ពេល​ស្នាក់នៅ​ខេត្ត​សៀមរាប ដែល​ជា​តំបន់​ទាក់ទាញ​ទេសចរ​បរទេស​បំផុត​រយៈពេល​ជាង ២០​ម៉ោង នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​មក​កម្ពុជា។

លោក ឌីមីទ្រី មេដវេដេវ បាន​ធ្វើ​ដំណើរ​តាម​ជើង​យន្តហោះ​ពិសេស មក​ចុះ​ចត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​សៀមរាប កាល​ពី​រាត្រី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ក្រោម​ការ​រឹត​បន្តឹង​សន្តិសុខ​យ៉ាង​តឹង​តែង។

អភិបាល​រង​ខេត្ត​សៀមរាប គឺ​លោក ប៊ុន ថាឬទ្ធិ។ លោក​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​ច័ន្ទ ទី​២៣ ខែ​វិច្ឆិកា ថា ពេញ​មួយ​ព្រឹក​ថ្ងៃ​ច័ន្ទ គឺ​នាយក​រដ្ឋមន្ត្រី​រុស្ស៊ី លោក ឌីមីទ្រី មេដវេដេវ បាន​ចំណាយ​ពេល​ជាច្រើន​ម៉ោង​ដើរ​ទស្សនា​ប្រាសាទ​បុរាណ​ជាច្រើន​កន្លែង។ លោក ប៊ុន ថាឬទ្ធិ បញ្ជាក់​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយក​រដ្ឋមន្ត្រី​រុស្ស៊ី មក​កាន់​ខេត្ត​សៀមរាប នេះ មិន​មាន​ជួប​ប្រជុំ ឬ​ក៏​ពិធី​ចុះ​ហត្ថលេខា​អ្វី​ទេ គឺ​មក​ទស្សនា​ប្រាសាទ​បុរាណ​ជា​លក្ខណៈ​ឯកជន​សុទ្ធសាធ៖ «មើល​ក្នុង​បរិវេណ​ប្រាសាទ​អង្គរ មើល​ក្នុង​ប្រាសាទ​បាយ័ន តាព្រហ្ម អង្គរ​តូច អង្គរ​វត្ត មក​នេះ គឺ​ក្នុង​នាម​ឯកជន​ទេ»

ដំណើរ​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្ត្រី​រុស្ស៊ី លោក ឌីមីទ្រី មេដវេដេវ មក​ខេត្ត​សៀមរាប នេះ គឺ​មាន​ការ​រឹត​បន្តឹង​សន្តិសុខ​យ៉ាង​ខ្លាំង ដោយ​សមត្ថកិច្ច​មិន​អនុញ្ញាត​ឲ្យ​អ្នក​កាសែត និង​ទូរទស្សន៍​ឯកជន បាន​តាម​ថត​យក​រូបភាព​ទេ គឺ​អនុញ្ញាត​ឲ្យ​តែ​ទូរទស្សន៍​ជាតិ​កម្ពុជា និង​ទីភ្នាក់ងារ​ព័ត៌មាន​កម្ពុជា អាកាប៉េ (AKP) ប៉ុណ្ណោះ ដែល​តាម​ថត​យក​រូបភាព​ទាំង​នេះ។

លោក ឌីមីទ្រី មេដវេដេវ បាន​ចាក​ចេញ​ពី​ខេត្ត​សៀមរាប កាល​ពី​វេលា​ម៉ោង ៤​រសៀល ដើម្បី​បន្ត​ដំណើរ​ទស្សនកិច្ច​នៅ​ទីក្រុង​ភ្នំពេញ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។