អាជ្ញាធរ​ខេត្ត​សៀមរាប​រៀបចំ​ពិធី​បុណ្យ​អុំ​ទូក​រយៈពេល​ពីរ​ថ្ងៃ​នៅ​កណ្ដាល​ទីក្រុង

ពិធី​បុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ និង​អក​អំបុក គឺ​ជា​បុណ្យ​ប្រពៃណី​ជាតិ​ខ្មែរ ដែល​តែង​ប្រារព្ធ​ជា​រៀង​រាល់​ឆ្នាំ​ធំ​ជាង​គេ​នៅ​ទន្លេ​ចតុមុខ រាជធានី​ភ្នំពេញ ក៏ប៉ុន្តែ​ក្នុង​ឆ្នាំ​នេះ រដ្ឋាភិបាល​បាន​ប្រកាស​មិន​ធ្វើ​ពិធី​បុណ្យ​អុំ​ទូក​ទេ​នៅ​ទីក្រុង​ភ្នំពេញ។

ចំណែក​នៅ​ឯ​ខេត្ត​សៀមរាប ដែល​ជា​ទីក្រុង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​ដ៏​សំខាន់​វិញ កំពុង​រៀបចំ​ធ្វើ​ពិធី​បុណ្យ​អុំ​ទូក​នេះ ក្នុង​គោល​បំណង​កៀរគរ និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​ចូល​ទៅ​កម្សាន្ត​នៅ​ខេត្ត​នេះ​កាន់​តែ​ច្រើន​ឡើង​ថែម​ទៀត។

អាជ្ញាធរ​ខេត្ត​សៀមរាប ឲ្យ​ដឹង​ថា គេ​កំពុង​រៀបចំ​ទូក​អុំ និង​ទូក​ង​ចំនួន ១៥​គូ ព្រម​ទាំង​ប្រទីប​ចំនួន ១៦​ទៀត​នៅ​ថ្ងៃ​ច័ន្ទ ទី​២៣ ខែ​វិច្ឆិកា ដើម្បី​ត្រៀម​ខ្លួន​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​អុំ​ទូក​នៅ​ក្នុង​ស្ទឹង​រយៈពេល ២​ថ្ងៃ។

អភិបាល​រង​ខេត្ត​សៀមរាប គឺ​លោក ប៊ុន ថាឬទ្ធិ។ លោក​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​ច័ន្ទ ទី​២៣ ខែ​វិច្ឆិកា ថា ពិធី​បុណ្យ​អុំ​ទូក នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ស្ទឹង​កណ្ដាល​ទីក្រុង ចាប់​ពី​ថ្ងៃ​ទី​២៤-២៥ ខែ​វិច្ឆិកា។ លោក ប៊ុន ថាឬទ្ធិ បញ្ជាក់​ទៀត​ថា អាជ្ញាធរ​ខេត្ត​សៀមរាប កំពុង​ប្រឹងប្រែង​រៀបចំ​ពិធី​បុណ្យ​អុំ​ទូក​ក្នុង​ឆ្នាំ​នេះ​ឲ្យ​បាន​អធិកអធម​ជាង​ឆ្នាំ​មុនៗ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ នៅ​ស្រប​ពេល​ដែល​រាជធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​ខ្លះ​ទៀត មិន​បាន​ធ្វើ​ពិធី​អុំ​ទូក​នេះ៖ «ការ​រៀបចំ​យើង​ដំណើរ​ការ​បើក​ហើយ យើង​អុំ​ទូក​ពេល​ចប់​ហ្នឹង​ឲ្យ​វា​ល្មម​នឹង​ពេល​ព្រលប់ ដើម្បី​យើង​បាញ់​កាំជ្រួច»

នៅ​តាម​ដង​ផ្លូវ​មួយ​ចំនួន​ក្នុង​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ច័ន្ទ នេះ គឺ​អាជ្ញាធរ​បាន​រៀបចំ​តុបតែង​ដាក់​ភ្លើង​លំអ ព្រម​ទាំង​មាន​មន្ត្រី​ដើរ​សម្អាត​សំរាម និង​បរិស្ថាន ហើយ​នៅ​អម​ដង​ស្ទឹង​នា​មុខ​ព្រះរាជ​ដំណាក់ គឺ​មាន​សភាព​អ៊ូអរ ដោយ​សម្រែក​អ្នក​សម​អុំ​ទូក ព្រម​ទាំង​ឧបករណ៍​បំពង​សំឡេង​ដែល​ចេញ​ពី​តាម​តូប ដែល​ដាក់​តាំង​លក់​ផលិតផល​នានា។

ស្នងការ​រង​នគរបាល​ខេត្ត​សៀមរាប លោក ថង សាគុណ មាន​ប្រសាសន៍​ថា ចាប់​តាំង​ពី​ថ្ងៃ​ច័ន្ទ រហូត​ដល់​ទៅ​មួយ​សប្ដាហ៍​ខាង​មុខ គឺ​សមត្ថកិច្ច​បាន​រាយ​បណ្ដាក់​កម្លាំង​ប៉ូលិស និង​កង​រាជ​អាវុធហត្ថ​នៅ​កន្លែង​ប្រារព្ធ​ពិធី​បុណ្យ​អុំ​ទូក ព្រម​ទាំង​នៅ​តាម​រមណីយដ្ឋាន​ទេសចរណ៍​ជាច្រើន​កន្លែង​ប្រហែល​ជិត ១.០០០​នាក់ ដើម្បី​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​បរទេស​ដែល​មក​កម្សាន្ត៖ «ការពារ គឺ​កង​កម្លាំង​នគរបាល​យើង​ដាក់​កម្លាំង​ការពារ​សន្តិសុខ​បង្ក្រាប​បទល្មើស​នៅ​ក្នុង​ហ្វូង​ប្រជាពលរដ្ឋ ដែល​ចូលរួម​ពិធី​បុណ្យ​ជា​ស៊ីវិល»

ក្នុង​ពិធី​បុណ្យ​អុំ​ទូក​នេះ ក៏​មាន​ពាណិជ្ជករ​ថៃ ខ្លះ បាន​ដឹក​ជញ្ជូន​ទំនិញ​របស់​ខ្លួន​មក​ដាក់​តាំង​លក់​ដូរ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទិញ​យក​ទៅ​ប្រើប្រាស់​ដែរ។

ចាប់​តាំង​តែ​ពី​ឆ្នាំ​២០១១ រហូត​មក​ដល់​ឆ្នាំ​នេះ ខេត្ត​សៀមរាប បាន​អាក់ខាន​ប្រារព្ធ​ពិធី​បុណ្យ​អុំ​ទូក​ទៅ​តាម​ប្រពៃណី​ចំនួន ២​លើក គឺ​នៅ​ឆ្នាំ​២០១១ បាន​ខកខាន​ម្ដង​ដោយសារ​តែ​ទឹក​ជំនន់​ធ្ងន់ធ្ងរ និង​នៅ​ឆ្នាំ​២០១៣ ក៏​បាន​អាក់ខាន​ម្ដង​ទៀត ដោយសារ​តែ​ចូលរួម​កាន់​ទុក្ខ​របស់​អតីត​ព្រះមហាក្សត្រ​ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ដែល​ទ្រង់​យាង​សោយ​ទិវង្គត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។