ប្រពន្ធ​ខាំ​លិង្គ​ប្តី​ដាច់​មួយ​កំណាត់នៅ​ខេត្ត​កំពង់ធំ ឈាន​ដល់​ការ​សុំ​លែងលះ

ខេត្តកំពង់ធំ ៖ ករណី​ប្រពន្ធ​ខាំ​លិង្គ​ប្តី​ដាច់​មួយ​កំណាត់​កាលពី​យប់​ថ្ងៃ​ទី​១៩ វិច្ឆិកា ២០១៥ នៅ​ក្នុង​ខ្ទម​ចាំចម្ការ​មួយ​កន្លែង​ស្ថិត​ក្នុងភូមិ​ស៊ី​វត្ថា ឃុំ​ប្រាសាទ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ពេល​នេះ​ស្ត្រី​ជា​ម្តាយ​ជន​រង​គ្រោះ និង​ជា​ម្តាយក្មេក​ស្ត្រី​បង្ក​បាន​សំណូមពរ​សុំ​ឲ្យ​កូន​ទាំង​២​នាក់​លែងលះ​គ្នា​ព្រោះ​បារម្ភ​ពី​សុវត្ថិភាព​កូន​របស់​គាត់ ។

សូម​បញ្ជាក់​ដែរ​ថា កាល​កាលពី​យប់​ថ្ងៃ​ទី​១៩ វិច្ឆិកា​ ២០១៥ មាន​ករណី​ស្ត្រី​ជា​ប្រពន្ធ​បាន​ខាំ​លិង្គ​ប្តី​រហូត​ដាច់​មួយ​កំណាត់​ដោយ​មិនដឹង​មូលហេតុ ដែល​ជន​រង​គ្រោះជា​ប្តី​ឈ្មោះ ប៉ាន់ សេង អាយុ​៣២​ឆ្នាំ ត្រូវ​បាន​ប្រពន្ធ​ឈ្មោះ យិ​ម ឈ័ន អាយុ​២៨​ឆ្នាំ ខាំ​លិង្គ​ដាច់​អស់​មួយ​កំណាត់ ត្រូវ​បាន​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​បារាយណ៍​-​ស​ន្ទុ​ក ។

អ្នក​មីង ខាត់ ហាន់ អាយុ​៥៨​ឆ្នាំ មាន​ប្តី​ឈ្មោះ ប៉ាន់ ចក់ អាយុ​៦០​ឆ្នាំ រស់នៅ​ភូមិ​បន្ទាយ​យមរាជ ឃុំ​ប្រាសាទ ស្រុក​ស​ន្ទុ​ក បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​កាលពី​រសៀល​ថ្ងៃ​ទី​២៣ វិច្ឆិកា ២០១៥ ឲ្យ​ដឹង​ថា កូនប្រុស​របស់​គាត់​ឈ្មោះ ប៉ាន់ សេង បាន​រៀប​ការ​ជាមួយ​កូនប្រសារ​ស្រី​ឈ្មោះ យិ​ម ឈ័ន និង​មានកូន​ស្រី​ម្នាក់​ឈ្មោះ ចក់ រក្សា អាយុ​៦​ឆ្នាំ ជា​ចំណងដៃ​ទៀត​ផង ។ កាលពី​ចូល​ដណ្ដឹងប្រពន្ធ​ឲ្យ​កូន គាត់​គ្រាន់តែ​ដឹង​ថា​នាង​ធ្លាប់​ឈឺ​ធ្ងន់​ម្តង​ដែរ តែ​បានជា​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។ លុះ​មួយ​រយៈ​មុន​ពេល​កើតហេតុ នាង​ចេះ​តែ​មាន​អាកា​រៈ​ខុស​ប្លែក​ពី​ធម្មតា និយាយ​មិនសូវ​ដឹង​ខុស​ត្រូវ ឃើញ​ដូច្នេះ​ប្តី​របស់​នាង​ក៏​បាន​នាំ​ទៅ​កាន់​មន្ទីរពេទ្យ និង​រក​គ្រូខ្មែរ​មើល​ក្រែង​មាន​ខុសឆ្គង​អ្វី​ទៅ​តាម​អបិយ​ជំនឿ​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ​ដែរ ស្រាប់តែ​នៅ​តែ​នៅ​យប់​កើត​ហេតុ​ក៏​កើតរឿង​នេះ​ឡើង​តែ​ម្តង ។

ពាក់ព័ន្ធ​នឹង​បញ្ហា​កូនប្រសារ​ស្រី​ខាំ​លិង្គ​កូនប្រុស​របស់​គាត់​ដាច់​មួយ​កំណាត់​នេះ អ្នក​មីង​បន្ត​ថា អ្នក​មីង​សម្រេចចិត្ត​មិន​ប្តឹងផ្តល់​អ្វី​ទេ ដោយ​យោគយល់​ថា​ធ្លាប់​ជា​កូន​ជា​ចៅ​ជាប់​សាច់ឈាម​ជាមួយ​គ្នា ហើយ​ម្យ៉ាងទៀត​ខាង​ដ​ន​ឡង​ក៏​មាន​ជីវភាព​ក្រីក្រ​ដែរ អ្នក​មីង​គ្រាន់តែ​សំណូមពរ​សុំ​ឲ្យ​កូន​ទាំង​២​នាក់​លែង​លះ​គ្នា និង​សុំ​ចៅស្រី​តូច​យក​មក​ចិ​ញ្ជឹ​ម​តែ​ប៉ុណ្ណោះ ដោយ​អ្នក​មីង​បាន​លើក​មូលហេតុ​ថា កូនប្រុស​របស់​គាត់​បន្ទាប់​ពី​លែង​គ្នា​ហើយ​នោះ មិន​អាច​យក​ប្រពន្ធ​ នឹង​មានកូន​បាន​ទៀត​ទេ ពីព្រោះ​តែ​ប្រដាប់​ភេទ​របស់​គេ​ត្រូវ​កាត់​ចោល​មួយ​កំណាត់​បាត់​ទៅ​ហើយ ម្យ៉ាងទៀត​ប្រសិនបើ​បណ្តោយ​ឲ្យ​ពួក​គេ​រស់នៅ​ជាមួយ​គ្នា​ទៀត​នោះ អ្នក​មីង​មានការ​ព្រួយបារម្ភ​ចំពោះ​សុវត្ថិភាព​កូន​របស់​គាត់ ៕